អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្ត ជាផ្លូវការ នូវ «កម្មវិធីអន្តរាគមន៍ គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ»

ថ្ងៃទី 4 ខែសីហាឆ្នាំ 2025 នៅសណ្ឋាគារសុខាភ្នំពេញអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជា ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្ត ជាផ្លូវការ នូវ «កម្មវិធីអន្តរាគមន៍

គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ»។

មានប្រសាសន៍ប្រកាសបើកដាក់ឲ្យអនុវត្តជាផ្លូវការនៅកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា វិធានការគន្លឹះ ដែលត្រូវបានដាក់ចេញ ឲ្យអនុវត្តកន្លងទៅ អាចចែកចេញជា ២ ផ្នែក សំខាន់ៗ រួមមាន៖ 

ទី១. វិធានការឆ្លើយតប ទៅនឹងបញ្ហាបន្ទាន់ចំពោះមុខ និង រយៈពេលខ្លី ដោយផ្តោតលើការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ចីរភាពហិរញ្ញវត្ថុសាធារណៈ, ការរក្សាលំនឹងសកម្មភាពសង្គម-សេដ្ឋកិច្ច និង ការប្រែក្លាយបញ្ហាចំពោះមុខ ឲ្យទៅជាកាលានុវត្ត-ភាពនៃការអភិវឌ្ឍ ។ ជាក់ស្តែង, រាជរដ្ឋាភិបាល បានចាត់វិធានការម៉ឺងម៉ាត់ ដើម្បីដោះ-ស្រាយបញ្ហាប្រឈម ដែលបានលេចចេញឡើង ជាបន្តបន្ទាប់ ជាអាទិ៍ តម្រូវការចាំបាច់ និង បន្ទាន់ ក្នុងការផ្តល់នូវការគាំទ្រ ដល់ពលករទេសន្តរប្រវេសន៍ និង ជនភៀសសឹក ក៏ដូចជា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលនៃរបបពាណិជ្ជកម្មអន្តរជាតិ និង ការហក់ឡើងខ្ពស់នៃថ្លៃប្រេងឥន្ធនៈ នាពេលថ្មីៗនេះ, ដំណាលគ្នានឹងការបន្តយកចិត្តទុកដាក់ លើការពង្រីក វិសាលភាពនៃប្រព័ន្ធគាំពារសង្គម ឲ្យបានកាន់តែគ្រប់ជ្រុងជ្រោយ ជូនដល់ប្រជាជនកម្ពុជា ដោយឈរលើគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់» ។

ទី២. វិធានការគោលនយោបាយរយៈពេលមធ្យម និង វែងខាងមុខ ដោយផ្តោតលើការបន្តដោះស្រាយបញ្ហាប្រឈម ជារចនាសម្ព័ន្ធ ។ ជាក់ស្តែង, នៅដើមឆ្នាំ ២០២៥ កន្លងទៅ, រាជរដ្ឋាភិបាល បានដាក់ចេញនូវ «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង, បង្កើន ពិពិធកម្ម និង ពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា» និង «កម្មវិធី ជំរុញការកែលម្អបរិយាកាសធុរកិច្ច និង វិនិយោគ នៅកម្ពុជា ឆ្នាំ ២០២៥-២០២៨», ក្នុងនោះ រួមមានការដាក់ចេញនូវវិធានការមុតស្រួច និង ចំគោលដៅ ជាច្រើន, ដើម្បី៖ ១). គាំពារកំណើនសេដ្ឋកិច្ច, ជាពិសេស ក្នុងវិស័យដែលត្រូវបានរំពឹងទុកថា អាចនឹងមានកំណើនយឺត; ២). លើកកម្ពស់ភាពប្រកួតប្រជែង, បង្កើនពិពិធកម្ម និង ពង្រឹងភាពធន់; និង ៣). កំណត់ទិសដៅច្បាស់លាស់ សម្រាប់ការសម្របខ្លួន ទៅនឹងការប្រែ-ប្រួលនៃរបបពាណិជ្ជកម្មអន្តរជាតិ

 ។ល។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី    អូន ព័ន្ធមុន្នីរ័ត្ន បានផ្តល់នូវអនុសាសន៍ មួយចំនួន ជូនដល់ក្រសួង-ស្ថាប័ន ដែលទទួលបន្ទុកអនុវត្តវិធានការនានា ដូចខាងក្រោម៖

ទី១. ភាពជាម្ចាស់ និង ការទទួលខុសត្រូវខ្ពស់៖ ក្នុងការអនុវត្តនូវរាល់វិធានការដែល ត្រូវបានដាក់ចេញ, ក្រសួង-ស្ថាប័នពាក់ព័ន្ធនីមួយៗ គប្បីចាត់ឲ្យមានអង្គភាពមួយច្បាស់- លាស់ ដើម្បីទទួលបន្ទុកដឹកនាំ និង សម្របសម្រួលកិច្ចការនេះ ដោយមានអ្នកទទួលខុសត្រូវច្បាស់លាស់ និង មានកាលវិភាគជាក់លាក់ សម្រាប់អនុវត្ត តាមដែនសមត្ថកិច្ចរៀងខ្លួន ។

ទី២. ការអនុវត្តឲ្យបានរហ័ស ប្រកបដោយគុណភាព និង តម្លាភាព៖ ដោយ- សារ «កម្មវិធីអន្តរាគមន៍» នេះ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងវិបត្តិ, ក្រសួង-ស្ថាប័ននីមួយៗ ដែលទទួលបន្ទុកអនុវត្តវិធានការគន្លឹះនានា ត្រូវរៀបចំផែនការសកម្មភាព ការងារជាក់ស្តែង ឲ្យបានរហ័ស, សមស្រប, ពេញលេញ និង គ្រប់ជ្រុងជ្រោយ ដោយត្រូវធានាឲ្យបាននូវគុណភាព, ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព នៃការអនុវត្តរាល់វិធានការគន្លឹះដែលត្រូវបានដាក់ចេញ, ចៀសវាងនូវការពន្យារពេលណាមួយ ដែលអាចធ្វើឲ្យប្រជាជនដែលកំពុងរងផលប៉ះពាល់ បាត់បង់ឱកាសទទួលបានជំនួយដ៏មានសារៈសំខាន់នេះ ។ 

ទី៣. ការសម្រេចលទ្ធផល ជាអាទិភាពចម្បង (Outcome-Driven)៖ ភាព-ជោគជ័យនៃការអនុវត្តកម្មវិធីនេះ គប្បីត្រូវបានកំណត់ ដោយផ្អែកលើផលប្រយោជន៍ជាក់ស្តែង ដែលក្រុមគោលដៅ នឹងទទួលបាន និង ផលជះជាវិជ្ជមាន មកលើសង្គម-សេដ្ឋកិច្ច ជារួម, ជាជាងផ្តោតលើតែចំនួនថវិកាដែលត្រូវបានចំណាយ ។ ក្នុងន័យនេះ, ក្នុងការអនុវត្តវិធានការគន្លឹះទាំងអស់, ក្រសួង-ស្ថាប័នពាក់ព័ន្ធនីមួយៗ ត្រូវប្រកាន់ខ្ជាប់ នូវ «អភិក្រមមិនទុកពលរដ្ឋណាម្នាក់ចោល» គួបផ្សំនឹង «អភិក្រមសមធម៌សង្គម» ដោយត្រូវផ្តល់ផលប្រយោជន៍ជាក់ស្តែង ជូនដល់ប្រជាជនគោលដៅ និង ដោយតម្តល់សុខុមាលភាពប្រជាជន និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរឹងមាំ និង មានភាពធន់ ជាអាទិភាព ខ្ពស់ និង ជាទិសដៅរួមនៃការអនុវត្ត «កម្មវិធីអន្តរាគមន៍» នេះ ។ និង

ទី៤. យន្តការតាមដាន និង វាយតម្លៃ៖ ដើម្បីធានានូវប្រសិទ្ធភាព និង ស័ក្តិសិទ្ធិ-ភាព ក្នុងការអនុវត្តរាល់វិធានការគន្លឹះនានា, ក្រសួង-ស្ថាប័នពាក់ព័ន្ធនីមួយៗ, ដោយមាន កិច្ចសហការស្អិតល្មួត ជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ត្រូវរៀបចំឲ្យមានយន្តការតាមដាន, ត្រួតពិនិត្យ និង វាយតម្លៃច្បាស់លាស់ ជាមួយនឹងសូចនាករគន្លឹះជាក់លាក់ ដែលអាចវាស់ស្ទង់បាន, ត្រូវសហការផ្តល់របាយការណ៍វឌ្ឍនភាព ជាបន្តបន្ទាប់ តាមកាលកំណត់, និង ត្រូវចូលរួមពិនិត្យ, លើកយោបល់ ឬ ស្នើសុំកែសម្រួល «កម្មវិធីអន្តរាគមន៍» នេះ តាមតម្រូវការចាំបាច់ជាក់ស្តែង ។