កិច្ចប្រជុំពិភាក្សាទ្វេភាគីរវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងសំណង់វៀតណាម

រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម៖ តបតាមការអញ្ជើញរបស់ឯកឧត្ដម ត្រាន ហុង មិញ រដ្ឋមន្រ្តីក្រសួងសំណង់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិភាក្សាទ្វេភាគីជាមួយក្រសួងសំណង់វៀតណាម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរ។

កិច្ចប្រជុំនាព្រឹកនេះបានផ្ដោតលើ (១)ការដឹកជញ្ជូនតាមផ្លូវគោក (២)ការដឹកជញ្ជូនតាមផ្លូវទឹក និង(៣)ចំណុចតភ្ជាប់ផ្លូវល្បឿនលឿនរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អ តាមរយៈការបន្តពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដើម្បីរួមចំណែក ឆ្ពោះទៅសម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ២០ពាន់លានដុល្លារអាម៉េរិក នាពេលខាងមុខ ដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្លាប់បានឯកភាពគ្នា និងឈរលើមូលដ្ឋានកម្រិតកិច្ចសហប្រតិបត្តិការ «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងប្រកបដោយចីរភាព»។