ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញដឹកនាំ កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន រួមជាមួយ ឯកឧត្តមអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយនិង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសហធិបតីដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច កសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចចិន សំដៅជំរុញឱ្យមានការពង្រីកវិសាលភាពវិនិយោគបន្ថែម និងទាក់ទាញការវិនិយោគថ្មីៗទៀតមកកម្ពុជា។
កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន បានផ្តោតលើរបៀបវារៈសំខាន់ៗរួមមាន៖
១. ការពិនិត្យលើបច្ចុប្បន្នភាព និងវឌ្ឍនភាពការងារ តាមរយៈការវាយតម្លៃរួមគ្នាលើស្មារតីដែលបានដាក់ចេញនៅក្នុងកិច្ចសន្ទនាលើកទី១,
២. ការពិភាក្សាលើបច្ចុប្បន្នភាពស្តីពីគោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា,
៣. ការចូលរួមមតិយោបល់ បញ្ចេញទស្សនៈ និងសំណូមពរពីតំណាងក្រុមហ៊ុនសហគ្រាសចិន ភ្ជាប់ជាមួយការឆ្លើយតប បកស្រាយពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, និង
៤. ការកំណត់ និងដាក់ចេញនូវទិសដៅការងារបន្ត។
ក្នុងប្រសាសន៍បើកកិច្ចសន្ទនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ទៅកាន់ ឯកឧត្តមឯកអគ្គរដ្ឋទូត, ទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ចនិងទំនាក់ទំនងពាណិជ្ជកម្ម នៃស្ថានទូតចិន, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាសមាជិក ក.អ.ក., ថ្នាក់ដឹកនាំ ក.អ.ក. ក៏ដូចជាវិនិយោគិន ធុរជន និងតំណាងក្រុមហ៊ុនសហគ្រាសចិនទាំងអស់ ដែលមានវត្តមានចូលរួមក្នុងជំនួបសន្ទនាដ៏មានសារៈសំខាន់នាព្រឹកនេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានរំលឹកអំពីផ្លែផ្កានៃកម្មវិធី «Open Day with DPM» លើកទី១ ដែលទើបតែបានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែកញ្ញា កន្លងទៅថ្មីៗ។ តាមរយៈជំនួបផ្ទាល់ជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនចំនួន ២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលស្ដាប់ដោយយកចិត្តទុកដាក់នូវរាល់កង្វល់ បញ្ហាប្រឈម និងតម្រូវការជាក់ស្តែង ហើយបានប្តេជ្ញានាំយកនូវរាល់បញ្ហាទាំងនោះទៅពិភាក្សា និងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ជាថ្មីអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីកម្ពុជា ដើម្បីធានាបាននូវបរិយាកាសធុរកិច្ចប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។ ក្នុងស្មារតីនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ ដែលជាសក្ខីភាពស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់របស់កម្ពុជាក្នុងក្របខ័ណ្ឌតំបន់ និងជាអន្តរជាតិ។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកអំពីលទ្ធផលវិជ្ជមានដែលទទួលបានពីបេសកកម្មគោះទ្វារវិនិយោគនៅតាមបណ្តាប្រទេសនានាកន្លងមក ព្រមទាំងបានគូសបញ្ជាក់អំពីផែនការក្នុងការដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញការវិនិយោគនៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងទីក្រុង Xiamen និង Shenzhen នាពេលឆាប់ៗខាងមុខ ដើម្បីបន្តកៀរគរទុនវិនិយោគបន្ថែម និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីនូវឆន្ទៈដ៏ខ្ពង់ខ្ពស់ និងមុតមាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក.អ.ក. លើការជំរុញកំណែទម្រង់មុតស្រួច និងការធ្វើទំនើបកម្មស្ថាប័ន ក.អ.ក. សំដៅសម្រេចឱ្យបាននូវឧត្តមភាពប្រតិបត្តិការការងារ ជាពិសេសការបំពេញបេសកកម្មស្នូលក្នុងការទាក់ទាញ សម្របសម្រួល និងថែទាំគាំទ្រវិនិយោគិន ឱ្យកាន់តែមានភាពរហ័ស ឆ្លើយតបចំតម្រូវការ និងមានប្រសិទ្ធភាពខ្ពស់បំផុត។
នាឱកាសនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក.អ.ក.ចំពោះការផ្តល់កិច្ចគាំទ្រពេញទំហឹង និងការយកចិត្តទុកដាក់រៀបចំ «កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន» ប្រកបដោយលទ្ធផលផ្លែផ្កា និងទទួលបានជោគជ័យត្រចះត្រចង់ សបញ្ជាក់ ពីមិត្តភាពដ៏ស្មោះត្រង់និងរឹងមាំ ជាមួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌ “សហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល”។ ឯកឧត្តមបានគូសបញ្ជាក់ថា តាមរយៈការផ្លាស់ប្តូរមតិយោបល់ប្រកបដោយស្មារតីស្ថាបនានៅក្នុងកិច្ចសន្ទនាលើកទី១ ស្ថានទូតមានសេចក្តីរីករាយដោយបានកត់សម្គាល់ឃើញថា សំណូមពរនិងបញ្ហាប្រឈមមួយចំនួនធំ ដែលវិស័យឯកជនចិនបានលើកឡើង ត្រូវបានយកចិត្តទុកដាក់ដោះស្រាយបានទាន់ពេលវេលា ដោយភាពសមស្រប និងមានប្រសិទ្ធភាពខ្ពស់ ដែលនេះឆ្លុះបង្ហាញឱ្យឃើញពីតម្លៃយ៉ាងធំធេង នៃការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំគាំទ្រការវិនិយោគពីវិស័យឯកជន។
តាមរយៈកិច្ចសន្ទនាដោយភាពស្មោះត្រង់ ក្នុងស្មារតីសហការខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញការវាយតម្លៃដែលមានន័យក្នុងទិសដៅរួមថា «កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន» មិនត្រឹមតែជាយន្តការពិគ្រោះយោបល់ និងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្ពានចម្លងយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការរឹតចំណងមិត្តភាពដែកថែប និងពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជានិងចិន ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរ។ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលផ្លែផ្កាដែលទទួលបានពីយន្តការនៃកិច្ចសន្ទនានេះ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្ម បង្កើនទំហំវិនិយោគទ្វេភាគី លើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពអំណោយផល និងឆ្លើយតបបានទាន់ពេលវេលា សំដៅនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែង និងការអភិវឌ្ឍប្រកបដោយចីរភាពជូនដល់ប្រជាជន និងប្រទេសទាំងពីរ។
មុនប្រកាសបិទបញ្ចប់កិច្ចសន្ទនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណគ្រប់ភាគីភាក់ព័ន្ធទាំងអស់ចំពោះកិច្ចសហការកន្លងមក ក៏ដូចជាការចូលរួមមតិយោបល់ ការផ្តល់ទស្សនៈ និងការពិភាក្សាស្វែងរកដំណោះស្រាយរួមយ៉ាងផុលផុសនាឱកាសនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ជាអនុសាសន៍ជំរុញនិងលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធប្រកបដោយស្មារតីបុរេសកម្ម និងបង្កើនប្រសិទ្ធភាពនៃការតាមដាន វាយតម្លៃ ព្រមទាំងអនុវត្តទិសដៅការងារដែលបានសម្រេចដាក់ចេញក្នុងកិច្ចសន្ទនានេះ ឱ្យបានទាន់ពេលវេលា សំដៅធានាបាននូវដំណោះស្រាយប្រកបដោយនិរន្តរភាព ជាការបង្កើនទំនុកចិត្តយ៉ាងរឹងមាំជូនដល់សហគមន៍ធុរកិច្ចចិនឱ្យកាន់មានភាពជឿជាក់ ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា៕



