អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ក្រសួងព័ត៌មាន ការពារអ្នកសារព័ត៌មានដែលប្រកបការងារតាមវិជ្ជាជីវៈត្រឹមត្រូវ និងបំពេញភារកិច្ចដោយផ្លូវច្បាប់ និងក្រមសីលធម៌ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងចូលរួមលើកកម្ពស់ការគោរពច្បាប់ និងតម្លៃអ្នកសារព័ត៌មាននិងការពារវិជ្ជាជីវៈពិតប្រាកដនៅកម្ពុជា
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះថា ក្នុងបេសកកម្មអាទិភាពមួយរបស់ក្រសួងព័ត៌មានក្នុងវិស័យសារព័ត៌មាន ក្រសួងបានផ្តល់អន្តរាគមន៍ដើម្បីផ្សះផ្សាវិវាទ និងបញ្ហាដែលអ្នកកាសែតបានជួបប្រទះ គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ខែសីហា២០២៦ នេះ ដែលជាការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ បានជោគជ័យចំនួន ៤៩ លើក លើបណ្តឹងមកលើអ្នកសារព័ត៌មានចំនួន ៥៨ បណ្តឹង ដែលបានការពារអ្នកសារព័ត៌មានចំនួន ៦៩ នាក់ ក្នុងក្របខណ្ឌច្បាប់ស្តីពីរបបសារព័ត៌មាន ឱ្យចៀសផុតពីការចោទប្រកាន់ផ្លូវតុលាការ។
ចំពោះករណីបណ្តឹងដែលនៅសេសសល់ផ្សេងទៀត ក្រុមការងារជំនាញរបស់ក្រសួងព័ត៌មាន កំពុងបន្តពិនិត្យ និងឈានទៅអន្តរាគមន៍ ដើម្បីផ្សះផ្សាវិវាទទាំងនោះ, ខណៈក្រសួងបានចាត់វិធានការការអប់រំ និងតម្រង់ទិសលើការផ្សាយ ដោយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្តាញសង្គម តាមរយៈការតម្រង់ទិស និងពង្រឹងក្រមសីលធម៌ លើប្រមាណ២០ ករណីផ្សេងទៀត។ ការណ៍នេះបានពង្រឹងសមត្ថភាពក្នុងចំណោមអ្នកពាក់ព័ន្ធនឹងករណី លើផ្នែកក្រមសីលធម៌ វិជ្ជាជីវៈនៃការផលិតផ្សាយ និងពង្រឹងការប្រតិបត្តិសីលធម៌សង្គម និងការលើកម្ពស់ការទទួលខុសត្រូវលើការប្រព្រឹត្តខុសឆ្គងរបស់ពួកគេ។
បន្ថែមលើកិច្ចសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ ក្រសួងព័ត៌មានបានចាត់មេធាវី ដើម្បីផ្តល់ការការពារក្នុងនីតិវិធីតុលាការ ចាប់ពីឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ ដោយសម្រេចបានជោគជ័យចំនួន ៧ ករណី ក្នុងការការពារសិទ្ធិ និងតំណាងខាងផ្លូវច្បាប់ឱ្យអ្នកសារព័ត៌មានសរុប ១៤ នាក់។ ក្រៅពីនេះ ក្រសួងនៅបន្តអន្តរាគមន៍លើករណីមួយចំនួនទៀតទាំងក្នុងនិងក្រៅតុលាការ ព្រមទាំងបានផ្តល់ប្រឹក្សាផ្នែកច្បាប់ជូនដល់អ្នកសារព័ត៌មានមកពី ៣៣អង្គភាពសារព័ត៌មាន ផ្សេងទៀតផងដែរ។
ទន្ទឹមនេះ ក្រសួងព័ត៌មាន ស្វាគមន៍រាល់ការចងក្រងរបស់អង្គភាព សមាគម ដែលលើកកម្ពស់ការវាយតម្លៃប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ស្រាវជ្រាវពិតប្រាកដ ប្រកបដោយតម្លាភាព វិជ្ជាជីវៈខ្ពស់ និងការទទួលខុសត្រូវពិតប្រាកដ។ យ៉ាងណាក៏ដោយ ក្រសួងសូមរំលឹកថា គ្រប់ភាគីពាក់ព័ន្ធត្រូវតែមានការទទួលខុសត្រូវខ្ពស់ចំពោះខ្លឹមសារនៃរបាយការណ៍របស់ខ្លួន ព្រមទាំងផលវិបាកអវិជ្ជមានទាំងឡាយ ដែលអាចកើតចេញពីការចេញផ្សាយរបាយការណ៍ខ្វះស្តង់ដារ ខ្វះការផ្ទៀងផ្ទាត់ និងខ្វះយន្តការតុល្យភាពព័ត៌មាន ដែលប៉ះពាល់ដល់វិស័យ និងបង្កើតឱ្យមានការយល់ច្រឡំក្នុងសង្គម។



