ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅគេហដ្ឋាននៃសព ស្ថិតក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើសារលិខិតរំលែកមរណទុក្ខជូនចំពោះ លោកជំទាវ សុខ កែវ ច័ន្ទ សារុន ព្រមទាំងក្រុមគ្រួសារ ដោយបានគូសបញ្ជាក់ថា៖

«តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ខ្ញុំមានសេចក្តីក្តុកក្តួល និងសោកស្តាយយ៉ាងក្រៃលែង ដោយបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលត្រូវជាស្វាមីរបស់ លោកជំទាវ ដែលបានទទួលមរណភាព នាថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០០:២៩នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ»។

ការទទួលមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន គឺជាការបាត់បង់ស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត និងសាច់សាលោហិតជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារ។ ជាពិសេស គឺជាការបាត់បង់ឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី អស់រយៈពេលជាច្រើនឆ្នាំ ក្នុងការដឹកនាំ ស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្មជាតិ ព្រមទាំងរួមចំណែកលើកកម្ពស់នីតិរដ្ឋ ប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ និងមាតុភូមិកម្ពុជា។

ក្នុងវេលាប្រកបដោយក្តីវិយោគ និងសេចក្តីសោកសង្រេងនេះ យើងខ្ញុំសូមសម្តែងនូវការសោកស្តាយ និងស្រណោះអាឡោះអាល័យឥតឧបមា ព្រមទាំងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ លោកជំទាវ និងក្រុមគ្រួសារ។

យើងខ្ញុំសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕