សាលារៀនសុវណ្ណភូមិបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ សម្រាប់កម្មវិធីចំណេះទូទៅខ្មែរ និងកម្មវិធីអន្តរជាតិ ៣ភាសា
សាលារៀនសុវណ្ណភូមិ បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ សម្រាប់កម្មវិធីចំណេះទូទៅខ្មែរ និងកម្មវិធីអន្តរជាតិ ៣ភាសា (ខ្មែរ-អង់គ្លេស-ចិន) ក្រោមវត្តមាន លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី និងលោកជំទាវ យូ ឃីម ធីឡាយ និងមានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា អ្នកអាណាព្យាបាល សិស្សានុសិស្ស ជិត២ពាន់នាក់ នៅឪ រាជធានីភ្នំពេញ។
មានប្រសាសន៍ទៅកាន់សិស្សានុសិស្ស អ្នកអាណាព្យាបាល លោកឧកញ៉ា ជា ធីឡាយ គូសបញ្ជាក់ថា ឆ្លងកាត់ដំណើរការប្រតិបត្តិការប្រកបដោយនិរន្តរភាពជាច្រើនឆ្នាំមកនេះ សាលារៀនសុវណ្ណភូមិបាននិងកំពុងបន្តការរីកចម្រើនយ៉ាងឆាប់រហ័សទាំងលើទំហំនៃការផ្តល់សេវា (បរិមាណ) និងគុណភាពនៃការអប់រំ ដោយបានពង្រីកសាខាជាច្រើនគ្របដណ្តប់ទូទាំងរាជធានី-ខេត្ត ដើម្បីនាំយកសេវាអប់រំដែលស្របតាមស្តង់ដារជាតិ និងអន្តរជាតិឱ្យកាន់តែខិតជិតក្មួយៗសិស្សានុសិស្ស។
លោកឧកញ៉ា អគ្គនាយក បានគូសបញ្ជាក់ថា សាលារៀនសុវណ្ណភូមិ តែងតែឈរជើងយ៉ាងរឹងមាំក្នុងនាមជាដៃគូដ៏ស្មោះត្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលពោរពេញដោយធនធានមានចំណេះដឹង និងជំនាញបច្ចេកវិទ្យាខ្ពស់។ ជាក់ស្តែងការដាក់បញ្ចូលនូវកម្មវិធី អន្តរជាតិ៣ភាសា (ខ្មែរ-អង់គ្លេស-ចិន) គឺជាការបោះជំហានយ៉ាងចំទិសដៅ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្មសកលភាវូបនីយកម្ម និងរបត់នៃការផ្លាស់ប្តូរឌីជីថលនាពេលបច្ចុប្បន្ន។ លោកឧកញ៉ា ជា ធីឡាយ បានឱ្យដឹងថា សាលារៀនសុវណ្ណភូមិបានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី សេស (South Australian Education) ជាកម្មវិធីអន្តរជាតិមកពីប្រទេសអូស្ត្រាលី ដែលសាលារៀនសុវណ្ណភូមិនឹងយកមកប្រើប្រាស់ចាប់ពីឆ្នាំសិក្សាថ្មីនេះតទៅ ខណៈកម្មវិធីនេះ គឺជាកម្មវិធីដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ជាកម្មវិធីមួយដែលសិស្សានុសិស្សរបស់យើងអាចទទួលបានការសិក្សានៅសាលារៀនសុវណ្ណភូមិក្នុងតម្លៃមួយសមរម្យ ហើយទទួលស្គាល់ជាអន្តរជាតិ នេះគឺជាមោទនភាពមួយសម្រាប់សាលារៀនសុវណ្ណភូមិ។
ទាក់ទងទៅនឹងលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដែលក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រកាសនៅទូទាំងប្រទេសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ស្អែកនេះ លោកឧកញ៉ា ជា ធីឡាយ បានអំពាវនាវដល់បេក្ខជនដែលប្រឡងជាប់សូមបន្តយកចិត្តទុកដាក់ក្នុងការសិក្សាជាបន្តទៅទៀតនៅថ្នាក់ឧត្តមសិក្សា និងក៏សូមចូលរួមអបអរសាទរចំពោះអ្នកដែលជាប់ និទ្ទេសល្អ ជាពិសេសអ្នកនិទ្ទេស A តែចំពោះសិស្សណាដែលប្រឡងធ្លាក់ទាំងនៅសាលារដ្ឋក្តី ទាំងនៅសាលារៀនសុវណ្ណភូមិក្តីសូមកុំបាក់ទឹកចិត្ត និងសូមកុំបោះបង់ចោលការសិក្សាឱ្យសោះ។
លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបន្តខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរឡើងស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សនៅកម្ពុជាឱ្យក្លាយជាយុវជនដែលពោរពេញដោយចំណេះដឹង ជំនាញ និងសីលធម៌ខ្ពស៕




