វាជាជំហាននៃមោទនភាពថ្មីសម្រាប់ក្រុមអ្នកឆ្លើយតប! ក្រោយព្យាបាលអ្នកជំងឺអេបូឡាចំនួន៥នាក់បានជោគជ័យ! អំឡុងពេលពេលកុងហ្គោឆ្លងជំងឺកើនលើស៦០០០ករណី
មនុស្ស៥នាក់ដែលបានជាសះស្បើយពីជំងឺអេបូឡាត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលព្យាបាលហើយនៅ Béni ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ អ្នករស់រានមានជីវិត ដែលក្នុងនោះរួមមានបុគ្គលិកថែទាំសុខភាពម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៃមជ្ឈមណ្ឌលព្យាបាលជំងឺអេបូឡារបស់គ្រូពេទ្យគ្មានព្រំដែន និងនៅមជ្ឈមណ្ឌលព្យាបាលជំងឺអេបូឡានៅមន្ទីរពេទ្យ Béni។ នៅពេលដែលពួកគេទទួលបានវិញ្ញាបនបត្របញ្ជាក់ថាពួកគេបានជាសះស្បើយ អ្នករស់រានមានជីវិតទាំងនោះបានសម្តែងនូវការថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានមើលថែទាំពួកគេបានយ៉ាងល្អ ដោយពួកគេបានជំរុញឱ្យជនរួមជាតិទាំងអស់ស្វែងរកការព្យាបាលប្រសិនបើឈឺ ឬ ឆ្លងជំងឺអេបូឡាដូចពួកគេ។ បុគ្គលិកសុខាភិបាល និងមន្ត្រីដែលដឹកនាំការឆ្លើយតបនៃជំងឺអេបូឡាបានអបអរសាទរនូវការព្យាបាលមួយនេះ និងការអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យរបស់អ្នកជំងឺទាំង៥នាក់ ដោយលោកប្រធានសម្ព័ន្ធឆ្លើយតបបាននិយាយថា៖ វាជាថ្ងៃដ៏សំខាន់ និងជាប្រភពនៃមោទនភាពមួយ សម្រាប់ក្រុមការងាររបស់គាត់។ ប៉ុន្តែចំនួនឆ្លងពីករណីជំងឺអេបូឡានៅតែបន្តកើនឡើងដដែល ហើយការអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យរបស់អ្នករស់រានមានជីវិតបានកើតឡើង ខណៈដែលអាជ្ញាធរបានប្រកាសថា ការផ្ទុះឡើងនៅក្នុងប្រទេសអាហ្វ្រិកមួយនេះគឺបានឡើងលើសពី ៦០០០ករណីហើយ។ ពួកគេក៏បាននិយាយផងដែរថាការផ្ទុះឡើងលើកនេះ គឺជាការកើនឡើងយ៉ាងលឿនបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ – ដោយវាបានឆក់យកជីវិតមនុស្សចំនួន ២៩១១នាក់ និងមនុស្សជាង ១៣៦០នាក់បានជាសះស្បើយពីវីរុសនេះទាន់ពេលវេលា ដែលអាជ្ញាធរនៅតែហៅថាជាការវិវត្តដ៏ «គួរឱ្យលើកទឹកចិត្តមួយដែរសម្រាប់ក្រុមឆ្លើយតប»។ ករណីផ្ទុះឡើងនៃជំងឺនេះនៅភាគខាងកើតប្រទេសកុងហ្គោ បាននឹងកំពុងរីករាលដាលក្រោមលក្ខខណ្ឌដ៏លំបាកបំផុត ដែលបង្កឡើងដោយភាពអសន្តិសុខ ការផ្លាស់ទីលំនៅ និងការធ្វើកូដកម្មរបស់បុគ្គលិកសុខាភិបាល និងចលនាប្រជាជនយ៉ាងខ្លាំង។ ស្ថានភាពនេះគួរឱ្យព្រួយបារម្ភជាពិសេសនៅកន្លែងផ្លាស់ទីលំនៅថ្មី ជាកន្លែងដែលប្រជាជនរស់នៅក្នុងស្ថានភាពមិនស្ថិតស្ថេរខ្លាំងរួចទៅហើយនោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



