ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ជាតិការងារ និងផលិតភាពការងារ នាពាក់កណ្តាលខែកញ្ញានេះ ដោយនាំយកឱកាសការងារជាង ៣,៥០០០កន្លែង
ពិព័រណ៍ជាតិការងារ និងផលិតភាពការងារឆ្នាំ២០២៦ នឹងរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍ជាតិការងារ និងផលិតភាពការងារឆ្នាំនេះ នឹងរៀបចំឡើងក្រោមប្រធានបទ «ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព» ដែលជាការសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។
ថ្លែងក្នុងពិធីបើកសន្និសីទសារព័ត៌មាន ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦នេះ មានការចូលរួមពីសំណាក់សហគ្រាស ក្រុមហ៊ុន រោងចក្រ ស្ថាប័ន ១៥០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ៣,៥០០០កន្លែង ដោយក្រសួងរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ៥ ម៉ឺននាក់។
គោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍ដ៏ធំនាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារ បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែលនូវសិក្ខាសាលាស្តីពី ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។
លោក ខែម រ៉ាទី សមាជិកគណៈកម្មាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន ស.ស.យ.ក. រាជធានីភ្នំពេញ បានលើកឡើងថា ស.ស.យ.ក. រាជធានីភ្នំពេញ បានធ្វើជាដៃគូជាមួយនឹង NEA ចាប់តាំងពីពិព័រណ៍ជាតិការងារចាប់ផ្តើមជាលើកដំបូងមក ហើយតែងតែជួយផ្សព្វផ្សាយដើម្បីជំរុញឲ្យមានការចូលរួមកាន់តែច្រើនតាមរយៈបណ្តាញ ស.ស.យ.ក. នៅទូទាំងប្រទេស ហើយលោករំពឹងទុកថា យុវជន នឹងទទួលបានការងារធ្វើគ្រប់ៗគ្នា។
លោក លី តេកហេង តំណាង TAFTAC បានសង្កត់ធ្ងន់លើសារៈសំខាន់បីធំៗ សម្រាប់យុវជន គឺការសិក្សាជំនាញ និងការស្វែងរកការងារធ្វើ, ផលិតភាពការងារនៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន និងការគាំទ្រចំពោះសិស្ស និស្សិតក្នុងការជ្រើសរើសជំនាញសិក្សាស្របតាមតម្រូវការទីផ្សារការងារ ដោយលោកបញ្ជាក់ថា ការរៀបចំពិព័រណ៍ជាតិការងារ និងផលិតភាពការងារនេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលបានផ្តល់ភាពងាយស្រួលដល់យុវជន, សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើ។
លោក ហុង សុវណ្ណតារា នាយក នាយកដ្ឋានសេវាកម្មធនធានមនុស្សធនាគារ កាណាឌីយ៉ា បានជំរុញឱ្យយុវជនទៅចូលរួមនៅពិព័រណ៍ជាតិការងារ និងផលិតភាពកាងារ ឆ្នាំ២០២៦ ខាងមុខនេះកុំបីខាន ហើយកុំភ្លេចទៅបញ្ជររបស់ធនាគារ កាណាឌីយ៉ា ដើម្បីទទួលបាននូវឱកាសការងារ និងបទពិសោធន៍ថ្មីៗ។
លោក ហឿន ហុន្នី អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកធនធានមនុស្ស ធនាគារ ខេ ប៊ី ប្រាសាក់ បានបង្ហាញពីតម្រូវការជ្រើសរើសបុគ្គលិក និងការបើកឱកាសជូនយុវជនដែលទៅចូលរួមស្វែងរកការងារធ្វើនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ជាតិការងារ និងផលិតភាពកាងារឆ្នាំ២០២៦ ខាងមុខនេះផងដែរ។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ careerfair.nea.gov.kh សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline ១២៩៧ ឬ ១២៨៦៕




