ឯកឧត្តម ម៉ាង ស៊ីណេត នាំយកអំណោយរបស់ចៅៗអ្នកឧកញ៉ា ព្រឹទ្ធឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី ចែកជូនវីរកងទ័ពគ្រួសារ ទ័ព កងពលតូចលេខ ១២៨ ទិសព្រះវិហារ
ខេត្តព្រះសីហនុ: ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ នាំយកអំណោយរបស់ចៅៗអ្នកឧកញ៉ា ព្រឹទ្ធឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី ចែកជូនវីរកងទ័ព និងគ្រួសារវីរកងពលតូចកងទ័ពលេខ១២៨ ទិសប្រាសាទព្រះវិហារ នៅទីតាំងវរសេនាតូច៤៤៧ តំបន់ប្រតិបត្តិការសឹករងថ្មធំ ស្ថិតនៅភូមិស្វាយ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពី ឯកឧត្ដម ជិត គន្ធល អគ្គាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ១២៨ បានបញ្ជាក់ថា នេះជាអំណោយលើកទី៧ ដែលឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយជូនដល់កងពលអន្តរាគមន៍តូចលេខ១២៨ ទិសប្រាសាទព្រះវិហារ ហើយក៏ជាអំណោយលើកទី៦ របស់ឯកឧត្តម អភិបាលខេត្តព្រះវិហារផងដែរ សម្រាប់កងពលអន្តរាគមន៍លេខ១២៨ ។ ហើយថ្ងៃនេះ ក៏សូមថ្លែងអំណគុណឯកឧត្តម ជិត គន្ធល បាននាំ យកអំណោយរបស់ចៅៗអ្នកឧកញ៉ា ព្រឹទ្ធឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី ជូនកងទ័ពទិសប្រាសាទព្រះវិហារ សូមឪ្យឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងចៅរបស់ អ្នកឧកញ៉ា និងមហាបាសក មានសុខភាពល្អ គ្រប់ក្រុមគ្រួសារ ។
ឯកឧត្តម ជិត គន្ធល អគ្គាធិកាការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះបានសំណេះសំណាល សួរសុខ ទុក្ខវីរកងទ័ព ហើយសម្ភារៈទាំងអស់នេះ គឺជាការផ្តួចផ្តើមថ្មីៗដែលជាការចូលរួមរបស់ក្រុមគ្រួសារ ចៅៗអ្នកឧកញ៉ាព្រឹទ្ធឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី ដែលបានមូលមតិគ្នាប្រមូលគ្រឿងឧបភោគ បរិភោគប្រគល់ជូននាពេលនេះ ។ ព្រមទាំងធ្វើការផ្តាំផ្ញើរសួរសុខទុកពីសម្តេចមហាបវរធិបតី ហ៊ុនម៉ា ណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សម្តេចមិនបោះបង់វីរភាពបងប្អូនកងទ័ពបនោះទេ សម្តេចមានយុទ្ធសាស្ត្រក្នុងការដោះស្រាយដោយសន្តិវិធី ដែលភាគីថៃបានបំពានលើកម្ពុជា ជាពិសេសបំពានលើច្បាប់អន្តរជាតិថែមទៀតផង ។ សូមថ្លែងអំណរគុណវីរៈភាពបងៗ ប្អូនៗកងទ័ពដែលបាន នឹងកំពុងឈរជើងការពារទឹកដី ការពារជាតិ មាតុភូមិកម្ពុជា និងសូមជូនពរវីរៈកងទ័ពរបស់យើងដែលបានលះបង់កម្លាំងកាយ ឈាមស្រស់ សាច់ស្រស់ការពារបូរណភាពទឹកដីកម្ពុជានៅតាមខ្សែបន្ទាត់ព្រំដែន មានសុវត្ថិភាពល្អ កម្លាំងកាយមាំមួនឈ្នះអស់មារសត្រូវ។
អំណោយរបស់ចៅៗអ្នកឧកញ៉ា ព្រឹទ្ធឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី ឧបត្ថម្ភជូនវីរកងទ័ព និងគ្រួសារកងទ័ព មានគ្រឿងឧបភោគបរិភោគចំនួន ១៥មុខ និងថវិកាជូនកងទ័ពចំនួន ៥៤,២២៥,០០០រៀល ម្នាក់ ៥០,០០០រៀល និងថវិកាជូនអង្គភាពកងពលតូចលេខ១២៨ ចំនួន ៣០,០០០,០០០រៀល ។




