ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា

រាជធានីភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំនេះ ក្នុងគោលបំណងពិនិត្យវាយតម្លៃអំពីលទ្ធផលការងារក្នុងខែសីហា និងពិភាក្សាអំពីបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងការអនុវត្តភារកិច្ចកន្លងមក ដោយមានការចូលរួមពី នាយករងមន្ទីរ នាយការិយាល័យទាំង១១ មន្រ្តីនគរ បាលយុត្តិធម៌ នៃប្រឆាំងបទល្មើសគ្រឿងញៀន ជាច្រើនរូបទៀត ។

នៅកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ ត្រូវបន្តពង្រឹងការងារស៊ើបអង្កេត ស្រាវជ្រាវ បង្ការ និងបង្រ្កាបបទល្មើសគ្រឿងញៀនឲ្យសកម្មថែមទៀត ដោយផ្តោតសំខាន់លើករណីធំៗជាពិសេសការតាមប្រមាញ់ក្រុមឧក្រិដ្ឋជនដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ មិនថាផ្លូវគោក និងផ្លូវទឹក។បន្ថែមពីលើនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានណែនាំ ឲ្យតាមចាប់ខ្លួនជនសង្ស័យដែលមានដីការចាប់ខ្លួនពីតុលាការ និងសំណុំរឿងគ្រឿងញៀនដែលនៅសេសសល់ ទោះជានៅរាជធានីខេត្តខេត្តណាក៏ដោយ ដើម្បីចូលរួមនិងទប់ស្កាត់ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀននៅតាមសហ គមន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីរួមចំណែកអនុវត្តយុទ្ធសា ស្ត្រជាតិប្រឆាំងគ្រឿងញៀន និងថែរក្សាសុខសន្តិភាពជូនសង្គមជាតិ។

នៅកិច្ចប្រជុំនេះដែរ ឯកឧត្តមនាយកមន្ទីរ បានសង្កត់ធ្ងន់ថា ចំពោះការចុះបង្រ្កាបបទល្មើសគ្រឿងញៀន មន្រ្តីនគបាលត្រូវពាក់ឯសណ្ឋាននគរបាល ឲ្យបានត្រឹមត្រូវ នឹងហាមដាច់ ខាត ការប្រើប្រាស់កម្លាំងស៊ីវិលពីខាងក្រៅ និងកូនខ្លាដែលខុសគោលការណ៍របស់មន្ទីរប្រឆាំងបទល្មើគ្រឿងញៀន។ 

ជាចុងក្រោយ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការ បង្រ្កាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពជូនប្រជាពលរដ្ឋ៕