ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បញ្ជាក់ថាមនុស្សស្លាប់កើនដល់៣៨នាក់ ក្រោយពីការវាយប្រហារដ៏សាហាវរបស់រុស្ស៊ីលើឃ្លាំងស្តុកគ្រាប់រំសេវក្នុងឆ្នាំ២០២៦នេះ
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានមាននិយាយថា ចំនួនមនុស្សស្លាប់ដោយសារការវាយប្រហាររបស់រុស្ស៊ីលើឃ្លាំងមួយនៅភាគខាងលិចទីក្រុងគៀវបានកើនឡើងដល់៣៨នាក់ហើយ កាលពីថ្ងៃអាទិត្យនេះ ដែលធ្វើឱ្យវាក្លាយជាការវាយប្រហារដ៏សាហាវបំផុតក្នុងឆ្នាំ២០២៦នេះ។ មនុស្ស៤នាក់នៅតែបាត់ខ្លួន បន្ទាប់ពីការវាយប្រហារនាយប់ថ្ងៃសុក្រលើឃ្លាំងមួយកន្លែង ដែលមន្ត្រីអ៊ុយក្រែនពិពណ៌នាថាជាកន្លែងផ្ទុកគ្រាប់រំសេវ បានបង្កឱ្យផ្ទុះយ៉ាងខ្លាំង ក្លាយជាអគ្គីភ័យរាលដាលដល់ផ្ទះពលរដ្ឋ និងអគារក្បែរខាងនោះ។ បុគ្គលិកសង្គ្រោះបន្ទាន់បានបន្តពន្លត់ភ្លើង និងដោះស្រាយជាមួយឧបករណ៍ផ្ទុះនៅនឹងកន្លែងកើតហេតុភ្លាមៗ។ លោក Zelenskyy បាននិយាយថាដំបូងមានមនុស្ស២០នាក់បានរងរបួស រួមទាំងកុមារ២នាក់ដែរ។ អ្នកស្រុកបានរៀបរាប់ទាំងភ័យខ្លាចថាលើការវាយប្រហារនេះ។ ក្នុងនោះអ្នក Inna Kryzhanivska អាយុ ៤២ ឆ្នាំ បាននិយាយថា មនុស្សទាំងអស់ពិតជាភ័យខ្លាចខ្លាំងណាស់ ព្រោះពួកគេមិនដឹងថាកន្លែងណាខ្លះដែលមានសុវត្ថិភាពនោះទេ។ ចំណែកអ្នកស្រី Iryna Chernovol អាយុ ៥០ឆ្នាំវិញ បាននិយាយថា គាត់បានលាក់ខ្លួននៅក្នុងបំពង់បង្ហូរទឹកមួយអំឡុងពេលនៃការវាយប្រហារ បន្ទាប់ពីគាត់បានព្រមានកូនស្រីគាត់ ឱ្យរត់ទៅបន្ទប់ក្រោមដី។ ក្រោយមកលោក Zelenskyy បាននិយាយថា ការស៊ើបអង្កេតមួយកំពុងដំណើរការអំពីរបៀប និងមូលហេតុដែលគ្រាប់រំសេវត្រូវបានរក្សាទុកនៅជិតតំបន់លំនៅដ្ឋាន។ ការវាយប្រហារនេះបានកើតឡើង ខណៈដែលរុស្ស៊ីបានបង្កើនយុទ្ធនាការផ្លូវអាកាសរបស់ខ្លួនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមានការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសម្តងហើយម្តងទៀត និងផែនការផ្ទុះជាច្រើនដងនៅទូទាំងទីក្រុងគៀវ ប្រទេសអ៊ុយក្រែន៕
សម្រួលអត្ថបទ៖ សុផារិន្ទ



