អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងសភាពាណិជ្ជកម្មកម្ពុជា ប្តេជ្ញារួមគ្នា កសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច ដើម្បីឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍វិនិយោគពិភពលោកដែលកាន់តែចង្អៀត

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ និងបរិយាកាសធុរកិច្ចល្អប្រសើរ រវាង អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព) និងសភាពាណិជ្ជកម្មកម្ពុជា(ស.ព.ក) ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គ័ហបណ្ឌិត មែន សំអន ឧត្តមក្រុមប្រឹក្សាផ្តាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុយករលួយ

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ និងបរិយាកាសធុរកិច្ចល្អប្រសើរ បានរៀបចំឡើងក្រោមអធិបតីភាពរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងដោយមាន សាក្សីកិត្តិយសជាតំណាងមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ អង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មកម្ពុជា។ ជាមួយគ្នានេះស្ថាប័នទាំងពីរបានព្រមព្រៀងគ្នា បន្ទាប់ពីបានពិភាក្សា និងការយល់គ្នាពីសារៈសំខាន់ និងភាពចាំបាច់នៃ ការជំរុញកសាងវប្បធម៌ស្អាតស្អំក្នុងវិស័យធុរកិច្ច និងវិនិយោគនៅកម្ពុជា នៅក្នុងបរិការណ៍សេដ្ឋកិច្ចពិភពលោកពោរពេញដោយភាពតានតឹង និងការប្រកួតប្រជែងកាន់តែខ្លាំងលើការទាក់ទាញការវិនិយោគ ទាំងក្នុងស្រុក និងបរទេស។ ក្នុងពិធីចុះ MOU នេះរួមមានការប្តេជ្ញាចិត្តសំខាន់ ២ គឺ៖ ទី១ តួនាទី និងការចូលរួមរបស់សភាពាណិជ្ជកម្មកម្ពុជា ផ្តល់ការសម្របសម្រួល-ទទួលពិភាក្សា និងបញ្ជូនពាក្យប្ដឹងពីសមាជិកមកកាន់ អ.ប.ព. ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន និងផ្តល់ការសហការជាមួយ អ.ប.ព. ក្នុងករណីចាំបាច់ ណាមួយតាមសំណើរបស់ អ.ប.ព. ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយទៅសមាជិករបស់ខ្លួន។ និងទី២ ការប្តេជ្ញាចិត្តរបស់ អ.ប.ព. និងលើកកម្ពស់សុចរិតភាព ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះ ការចូលរួម និងការប្តេជ្ញារបស់ភាគីពាក់ព័ន្ធក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ជាមួយគ្នានេះ អ.ប.ព. នឹងរក្សាការសម្ងាត់យ៉ាងម៉ឺងម៉ាត់ចំពោះប្រភពព័ត៌មាន និងភស្តុតាង ពាក់ព័ន្ធនឹងអំពើពុករលួយ ដែលត្រូវបានផ្តល់ជូនដោយសុចរិត និងស្របតាមច្បាប់ ព្រមទាំងធានាថាព័ត៌មានដែលទទួលបាននឹងត្រូវបានពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ច និងនីតិវិធី ច្បាប់ជាធរមាន។ ក្នុងករណីមានព័ត៌មាន ឬសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងអំពើពុករលួយ អ.ប.ព. នឹងពិនិត្យ និងចាត់វិធានការសមស្របតាមសមត្ថកិច្ចដែលច្បាប់បានកំណត់ ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍សុចរិតភាព វិជ្ជាជីវៈ និងការគោរពនីតិវិធីច្បាប់។ ម្យ៉ាងវិញទៀត ស្ថាប័នទាំងពីរបានព្រមព្រៀងគ្នា រំពឹងទុក និងត្រៀមនូវការងារសំខាន់ៗបួនបន្ទាប់ពីការចុះ MOU គឺ៖១-រៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយជូន ដល់សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជនផង នៅតាមស្ថាប័នរៀងៗខ្លួនផង ដោយរួមស្ថាប័នផង។ ២-រៀបចំ និងរក្សាកិច្ចសន្ទនាជាប្រចាំតាមការចាំបាច់ និងប្រចាំឆ្នាំជាមួយគ្នាដើម្បីពិនិត្យដោះស្រាយ ការលំបាក និងបញ្ហាប្រឈមនានា ក្នុងវិស័យឯកជន។ ៣-ចាត់តាំងជនបង្គោលសម្រាប់ប្រាស្រ័យទាក់ទងគ្នាបានលឿន និងជាប្រចាំ។ និង៤-ទទួល និងដោះស្រាយនូវរាល់សំណើ – សំណូមពរ – ព័ត៌មាន និងពាក្យប្ដឹងនានា ទាំងតាមរយៈជន បង្គោលសភាពាណិជ្ជកម្មកម្ពុជា និងតាមរយៈការទំនាក់ទំនងមក អ.ប.ព. ផ្ទាល់ ដោយរក្សានូវការ ផ្តល់ព័ត៌មាន – ជូនដំណឹងគ្នាតាមការចាំបាច់ និងដោយការគោរពតាមគោលការណ៍រក្សាការ សម្ងាត់ឱ្យបានម៉ឺងម៉ាត់ដើម្បីការពារសុវត្ថិភាព និងផលប្រយោជន៍ប្រភព និងអ្នកពាក់ព័ន្ធព័ត៌មាន ដែលបានផ្តល់មក។ ជាទីបញ្ចប់នៃពិធីស្ថាប័នទាំងពីរវាយតម្លៃខ្ពស់ចំពោះ MOU ហើយមានជំនឿយ៉ាងមុតមាំថា MOU ជាសារដ៏មានឥទ្ធិពលថា នៅកម្ពុជា ទាំងរដ្ឋ-ទាំងឯកជនចង់បាន និងប្តេជ្ញាជំរុញការកសាងវប្បធម៌ស្អាតស្អំសម្រាប់ធុរកិច្ច និង ការវិនិយោគ ស្របតាមកម្មវិធី និងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយថាមពល និងក្លៀវក្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ស្ថាប័នទាំងពីរក៏សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្រសួងស្ថាប័នរដ្ឋ ធុរជន និងវិនិយោគិន ដែលជាសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា ចូលរួមគាំទ្រដល់ការអនុវត្ត MOU តាមអាណត្តិ និងតួនាទី រៀងខ្លួន សំដៅឈានទៅសម្រេចបាននូវគោលដៅរួមរបស់យើងទាំងអស់គ្នា គឺកម្ពុជាមានវប្បធម៌ធុរកិច្ច ស្អាតស្អំ បរិយាកាសវិនិយោគអំណោយផល មានឧត្តមភាពប្រកួតប្រជែងប្រកបដោយភាពទាក់ទាញ ដើម្បីកម្ពុជាមានវិបុលភាព និងរីកចម្រើនប្រកបដោយចីរភាពយូរអង្វែងផងដែរ។