ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការបច្ចេកទេស សម្រាប់ការរៀបចំគោលការណ៍ណែនាំបច្ចេកទេសស្តីពីប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់តាមបែបវិមជ្ឈការ (DEWATS) និងយន្តការគ្រប់គ្រងគុណភាពនៃប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់តាមបែបវិមជ្ឈការ (DEWATS-QMS)
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការបច្ចេកទេស និងសិក្ខាសាលាបើកដំណើរការគម្រោង ស្តីពីគោលការណ៍ណែនាំបច្ចេកទេសស្តីពីប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់តាមបែបវិមជ្ឈការ (DEWATS) និងយន្តការគ្រប់គ្រងគុណភាពនៃប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់តាមបែបវិមជ្ឈការ (DEWATS-QMS) ជាមួយអង្គការបូដាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលដៅរួមចំណែកពង្រឹងវិស័យគ្រប់គ្រងទឹកកខ្វក់ និងអនាម័យនៅប្រទេសកម្ពុជា តាមរយៈការពង្រឹងគុណភាព និរន្តភាព និងប្រសិទ្ធភាពនៃប្រព័ន្ធ DEWATS។
ក្នុងឱកាសនោះ លោក ម៉ង់ ឧបសិទ្ធិ ប្រធានអង្គការបូដាប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នឹងដំណើរការជាផ្លូវការនូវកិច្ចសហប្រតិបត្តិការ សម្រាប់ការរៀបចំ គោលការណ៍ណែនាំបច្ចេកទេសស្តីពីប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់បែបវិមជ្ឈការ (DEWATS) និងយន្តការគ្រប់គ្រងគុណភាពនៃប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់បែបវិមជ្ឈការ (DEWATS-QMS)។
គោលបំណងរបស់កិច្ចព្រមព្រៀងនេះ មិនមែនគ្រាន់តែជាការរៀបចំឯកសារបច្ចេកទេសមួយបន្ថែមទៀតនោះទេ។ គោលការណ៍ណែនាំនេះ នឹងក្លាយជាឯកសារបច្ចេកទេសដែលមានភាពច្បាស់លាស់ អាចប្រើប្រាស់បានជាក់ស្តែង និងឆ្លើយតបទៅនឹងតម្រូវការក្នុងប្រទេសកម្ពុជា។
សម្រាប់ អង្គការបូដា (BORDA) ដែលមានបទពិសោធន៍ក្នុងការធ្វើការងារផ្នែកអនាម័យបែបវិមជ្ឈការនៅកម្ពុជា តាំងពីឆ្នាំ២០០៩។ រហូតមកដល់ពេលនេះ អង្គការបានចូលរួមអនុវត្តគម្រោងអនាម័យបែបវិមជ្ឈការជាង ២៥០ គម្រោង នៅតំបន់ជនបទ ជាយក្រុង និងទីក្រុង។ បទពិសោធន៍នេះ គឺជាផ្នែកមួយនៃចំណេះដឹងដែលយើងមានបំណងនាំយកមកចែករំលែក និងចូលរួមក្នុងដំណើរការរៀបចំគោលការណ៍ណែនាំបច្ចេកទេសនេះ។
ឯកឧត្តម គួច ប៊ុនលាភ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងដែលយើងនឹងចុះហត្ថលេខានៅថ្ងៃនេះ មានគោលដៅរួមចំណែកពង្រឹងវិស័យ គ្រប់គ្រង ទឹកកខ្វក់ និងអនាម័យនៅកម្ពុជា តាមរយៈការលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តរភាព នៃប្រព័ន្ធ DEWATS។ តាមរយៈកិច្ចព្រមព្រៀងនេះ អគ្គនាយកដ្ឋានប្រព័ន្ធចម្លោះទឹកកខ្វក់ នឹងដឹកនាំ និងត្រួតពិនិត្យជារួម ផ្តល់ទិសដៅគោលនយោបាយ និងការណែនាំផ្នែកស្ថាប័ន បង្កើតក្រុមការងារបច្ចេកទេស សម្របសម្រួលភាគីពាក់ព័ន្ធ ពិនិត្យសេចក្តីព្រាង និងដឹកនាំនីតិវិធីអនុម័តជាផ្លូវការ។
សូមជម្រាបថា គម្រោងត្រូវបានគ្រោងអនុវត្តចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨ ដោយឆ្លងកាត់ដំណាក់កាល សំខាន់ៗរួមមាន ការចាប់ផ្តើមគម្រោង និងបង្កើតក្រុមការងារ ការពិនិត្យច្បាប់និងកំណត់ស្តង់ដារការរៀបចំក្របខណ្ឌនិងសេចក្តីព្រាង ការពិគ្រោះយោបល់ថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ការផ្តល់សុពលភាព ការអនុម័ត និងការផ្សព្វផ្សាយ។ សមិទ្ធផលសំខាន់ៗដែលយើងរំពឹងទុក រួមមាន៖ សេចក្តីព្រាងគោលការណ៍ណែនាំបច្ចេកទេស DEWATS និង DEWATS-QMS, របាយការណ៍ស្តីពីការចូលរួម និងការពិគ្រោះយោបល់របស់ភាគីពាក់ព័ន្ធ; ការបណ្តុះបណ្តាល និងផ្សព្វផ្សាយ និងគោលការណ៍ណែនាំបច្ចេកទេស DEWATS និងយន្តការគ្រប់គ្រងគុណភាព DEWATS-QMS ចុងក្រោយ ដែលទទួលបានការអនុម័តជាផ្លូវការ។
ពិធីចុះហត្ថលេខានៅថ្ងៃនេះ មិនគ្រាន់តែជាការចុះហត្ថលេខាលើឯកសាររដ្ឋបាលមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីឆន្ទៈរួម និងភាពជាដៃគូយូរអង្វែង ក្នុងការបង្កើតមូលដ្ឋានបច្ចេកទេស និងស្ថាប័នសម្រាប់ការគ្រប់គ្រង DEWATS ឱ្យមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាពនៅទូទាំងប្រទេសកម្ពុជា៕




