ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន តំណាងឯកឧត្តម  នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិអញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាភត្តនៅវត្តព្រែកអំបិល

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន តំណាងឯកឧត្តម  នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ សាលាភត្ត ដែលមានទំហំបណ្តោយ៣១.៣មែត្រ ទទឹង១៥មែត្រ និងកម្ពស់១៧.៦មែត្រ ស្ថិតនៅក្នុងវត្តព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីព្រះសង្ឃ អាចារ្យគណៈកម្មការ ពុទ្ធបរិស័ទ និងសប្បុរសជនជាច្រើនកុះករ។
ឯកឧត្តម ឃឹង សារ៉ាត់ មានប្រសាសន៍ថា  សាលាភត្ត មាន​តួនាទីសំខាន់​ក្នុងជីវភាពប្រចាំថ្ងៃរបស់ព្រះសង្ឃ និងសកម្មភាពព្រះពុទ្ធសាសនា ដោយអាចប្រើប្រាស់សម្រាប់រៀបចំភត្តាហារ កិច្ចជួបជុំក្នុងពិធីបុណ្យប្រពៃណី ពិធីសូត្រមន្ត ស្តាប់ធម៌ទេសនា និងសកម្មភាពសាសនាផ្សេងៗ។ឯកឧត្តម ឃឹង សារ៉ាត់ បានបញ្ជាក់បន្ថែមថា សាលាភត្តនិងបញ្ជុះបឋមសិលាសាងសង់នាពេលនេះក៏ជួយសម្រួលដល់ការប្រតិបត្តិកិច្ចរបស់ព្រះសង្ឃ និងការចូលរួមធ្វើបុណ្យរបស់ពុទ្ធបរិស័ទ ឱ្យកាន់តែមានភាពងាយស្រួល និងសក្តិសមតាមប្រពៃណីព្រះពុទ្ធសាសនា។
ការកសាងសាលាភត្ត មិនត្រឹមតែជាការកសាងអគារមួយប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា ព្រមទាំងបន្តទំនៀមទម្លាប់ប្រពៃណីល្អរបស់ខ្មែរ។ នៅពេលសាលាភត្តត្រូវបានសាងសង់រួចរាល់ សមិទ្ធផលនេះនឹងផ្តល់នូវឧត្តមប្រយោជន៍ជាច្រើនដល់វត្តព្រែកអំបិល និងសហគមន៍មូលដ្ឋាន។ ជាពិសេស នឹងក្លាយជាទីកន្លែងសមរម្យសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទប្រើប្រាស់ក្នុងពិធីបុណ្យ និងកិច្ចការសាសនា ព្រមទាំងជួយបង្កើនសោភ័ណភាព សណ្តាប់ធ្នាប់ និងភាពសក្តិសមរបស់ទីអារាម។
លើសពីនេះ សាលាភត្តនឹងក្លាយជាទីកន្លែងដែលបង្ហាញពីសាមគ្គីភាព សទ្ធាជ្រះថ្លា និងស្មារតីចូលរួមរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជនក្នុងការរួមគ្នាកសាងសមិទ្ធផលសាសនា ដើម្បីជាប្រយោជន៍ដល់សហគមន៍ទាំងមូល។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន ក៏បានបង្ហាញនូវសទ្ធាជ្រះថ្លា និងការចូលរួមចំណែកក្នុងការកសាងសាលាភត្ត នូវបច្ច័យចំនួន៤០លានរៀល ដើម្បីជាការចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណី និងសាសនាខ្មែរ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
សាលាភត្តថ្មីនេះ នឹងក្លាយជាសមិទ្ធផលមួយដ៏មានតម្លៃ សម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសហគមន៍នៅវត្តព្រែកអំបិល ព្រមទាំងជាកេរដំណែលនៃសទ្ធា សាមគ្គីភាព និងការចូលរួមធ្វើអំពើល្អ ដើម្បីប្រយោជន៍រួម និងព្រះពុទ្ធសាសនា។