គ្រោះមហន្តរាយធម្មជាតិជាទឹកជំនន់ដ៏ធំសម្បើមក្នុងប្រវត្តិសាស្រ្តមិនធ្លាប់នៅព្រំដែនចិន-នេប៉ាល់ធ្វើឱ្យមនុស្សស្លាប់កើនដល់ជិត៤៧០នាក់ និងបាត់ខ្លួនជាង១៤០០នាក់គិតត្រឹមថ្ងៃសុក្រនេះ

ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ដ៏ធំសម្បើមបានកើន ឡើងដល់៤៦៩នាក់ហើយនៅក្នុងប្រទេសនេប៉ាល់ នេះបើយោងតាមការលើកឡើងរបស់ប៉ូលីសនៅថ្ងៃសុក្រនេះ ស្របពេលដែលក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការស្វែងរកមនុស្សរាប់រយនាក់ផ្សេងទៀតដែលនៅតែបាត់ខ្លួននៅឡើយនៅក្នុងតំបន់ដែលទឹកជំនន់ដូចល្បាក់ស៊ីម៉ង់ស្អិតលេបត្របាក់នៅតាមព្រំដែននេប៉ាល់-ទីបេរបស់ចិន។ ចំនួនមនុស្សស្លាប់កាលពីមុននេះគឺមានចំនួន៣៩០នាក់នៅប្រទេសនេប៉ាល់ និង៣នាក់នៅតំបន់ទីបេរបស់ចិន។ លើសពីនេះអាជ្ញាធរក៏បានរាយការណ៍បន្ថែមនូវចំនួនមនុស្សបាត់ខ្លួនកើនជាង១៤០០នាក់ហើយ ពីក្នុងតំបន់ទាំងពីរទីបេ នេប៉ាល់ ដោយសារគ្រោះមហន្តរាយកាលពីថ្ងៃពុធនោះ។ អាជ្ញាធរនេប៉ាល់បាននិយាយថា មនុស្សរាប់រយនាក់ត្រូវបានគេជួយសង្គ្រោះរួចហើយ ហើយមនុស្សរាប់រយនាក់ផ្សេងទៀតកំពុងទទួលការព្យាបាលនៅរដ្ឋធានីកដ្ឋមណ្ឌូរបស់នេប៉ាល់ដែរ។ ជនបរទេសមកពីប្រទេសជាច្រើនផ្សេង គ្នាក៏ស្ថិតក្នុងចំណោមមនុស្សបាត់ខ្លួនទាំងនោះដែរ ដែលភាគច្រើនជាអ្នកទេសចរ ដើរកំសាន្ត និងអ្នកធ្វើធម្មយាត្រាទៅកាន់តំបន់ទីបេ។ រូបភាពបង្ហាញពីអគារ និងដងផ្លូវនៅក្នុងស្រុកនូវ៉ាកូតបានរងគ្រោះខ្លាំងជាងគេរបស់ភាគីប្រទេសនេប៉ាល់ ដោយវាជាប់ជក់នឹងជំនន់ភក់ស្អិត មានកម្ទេចកម្ទីបាក់ចេញពីដើមឈើលាយលំជាមួយថ្ម ដោយមានអ្នករស់រានមានជីវិតខ្លះត្រូវសន្លប់ ឬ ស្រឡាំងកាំងជាប់នឹងជំនន់ភក់ផងដែរ។ នៅក្នុងខេត្តស៊ីហ្គាតសេរបស់ទីបេវិញ ផ្លូវពីរគន្លងដែលរត់តាមដងទន្លេត្រូវបានកប់ចូលក្នុងទឹកទាំងស្រុង។ រូបភាពវីដេអូពីលើអាកាសក៏បានបង្ហាញពីបឹងមួយបានលេចរូបរាងឡើង និងពង្រីកទំហំនៅតាមព្រំដែនចិន-នេប៉ាល់ ដោយអាជ្ញាធរបានព្រមានអំពីការបាក់ទំនប់នឹងកើតមាន ប្រសិនបើវាកាន់តែរីកធំៗទៅ។ អ្នកវិទ្យាសាស្ត្រដែលបានសិក្សាតាមរូបភាពផ្កាយរណបបាននិយាយថា ថ្មនៅក្រោមផ្ទាំងទឹកកកខ្ពស់មួយនៅតំបន់ភ្នំហិម៉ាល័យមួយផ្នែកបានបាក់ស្រុត ដោយនាំយកផ្នែកខ្លះនៃផ្ទាំងទឹកកកនោះទៅសង្កត់លើទឹកបឹងទន្លេនានា ធ្វើឱ្យទឹកញ្ជ្រោងហៀរចេញ បង្ករជាទឹកជំនន់ភ្លាម។ ថ្ម និងទឹករលាយបានធ្វើឱ្យទន្លេនៅក្នុងជ្រលងភ្នំខាងក្រោមភ្នំមួយហើមឡើង ដែលបណ្តាលឱ្យមានទឹកហូរខ្លាំង នៅពេលខ្លះវាឡើងខ្ពស់ៗជាច្រើនជាន់ ហើយមូលហេតុដែលទឹកជំនន់មានពណ៌ប្រផេះ ព្រោះវាជាល្បាយលាយលំគ្នារវាងដុំទឹកកករលាយនិងដីភក់ខាងក្រោមបាតបឹង ទន្លេដែលច្រាលមកខាងលើ បង្កើតជាកម្លាំងបោកបក់មកខាងលើ រំលំអគារ បំបាក់ស្ពាន និងគាស់រំល៉ើងដីពីខាងក្រោមឡើងមកខាងលើជាបន្ត បន្ទាប់ប្រៀបដូចរលកសមុទ្រ៕

សម្រួលអត្ថបទ៖ សុផារិន្ទ