ប្រតិភូអ្នកជំនាញការជប៉ុន ចាប់អារម្មណ៍លើចង្វាក់ផលិតកម្ម និងការនាំចេញគ្រឿងសមុទ្រពីកម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុន

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញជាអធិបតីក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអ្នកជំនាញការជប៉ុន ដឹកនាំដោយលោក Takahashi ក្នុងឱកាសបំពេញបេសកកម្មការងារ និងទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហា ឆ្នាំ ២០២៦។

​ក្នុងឱកាសដ៏មានសារសំខាន់នេះ ឯកឧត្តម អភិបាលខេត្ត បានជម្រាបជូនគណៈប្រតិភូអំពីលក្ខណៈភូមិសាស្ត្រនិង សក្តានុពលរបស់ខេត្តព្រះសីហនុ និងលក្ខណៈអំណោផលល្អដល់អ្នកវិនិយោគ ដោយយើងមានប្រព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹក ដែលជួយកាត់បន្ថយថ្លៃដើម និងចំណាយពេលតិច បន្ថែមពីនេះ ឯកឧត្តមបានគូសបញ្ជាក់អំពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន រួមមាន៖ ការសម្របសម្រួលនីតិវិធីរដ្ឋបាលតាមរយៈអនុគណៈកម្មាធិការវិនិយោគខេត្ត និងការលើកទឹកចិត្តផ្នែកពន្ធ (ការលើកលែងពន្ធនាំចេញ-នាំចូល និងពន្ធលើប្រាក់ចំណេញចន្លោះពី ៣ឆ្នាំ ៥ឆ្នាំ ដល់ ៦ឆ្នាំ)។ ឯកឧត្តមក៏បានបញ្ជាក់ជារួមថា «ជោគជ័យរបស់វិនិយោគិន គឺជាជោគជ័យរបស់រដ្ឋបាលខេត្ត»។

​ លោក Takahashi ប្រធានប្រតិភូអ្នកជំនាញការជប៉ុន បានសម្តែងនូវក្តីសោមនស្សរីករាយក្នុងការសហការលើការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ដោយលោកចាប់អារម្មណ៍ទៅលើទីផ្សារចង្វាក់ផលិតកម្មម្ហូបអាហារ។ លោកបានគូសបញ្ជាក់ថា បច្ចុប្បន្នសហគមន៍នេសាទនៅប្រទេសជប៉ុនកំពុងប្រឈមនឹងការថយចុះផលនេសាទ ជាពិសេស មឹក និង អយស្ទើរ។ ដូច្នេះ ប្រសិនបើកម្ពុជាមានសហគមន៍នេសាទគ្រឿងសមុទ្រ ដែលអាចផ្គត់ផ្គង់ផលិតផលទៅទីផ្សារក្រៅប្រទេស ដោយធានាបានទាំងគុណភាព និងតម្លៃសមរម្យ ភាគីជប៉ុនមានបំណងទទួលទិញទាំងអស់។

​ជាការឆ្លើយតបទៅនឹងបំណងរបស់ភាគីជប៉ុន ឯកឧត្តម អភិបាលខេត្ត បានជម្រាបជូនបន្ថែមថា ផលនេសាទសរុបរបស់កម្ពុជាទទួលបានប្រមាណ ៥០,០០០តោន ក្នុងមួយឆ្នាំ ក្នុងនោះផលនេសាទមឹកមានប្រហែល ៤,០០០តោនក្នុងមួយឆ្នាំ ហើយកម្ពុជាមានសហគមន៍នេសាទចំនួន ១៧កន្លែង ដែលកំពុងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងទៅប្រទេសជិតខាង។ ឯកឧត្តមបានសម្តែងក្តីជឿជាក់ថា ប្រសិនបើវិនិយោគិនជប៉ុនចាប់អារម្មណ៍លើទីផ្សារគ្រឿងសមុទ្ររបស់កម្ពុជា ហើយតម្លៃមានភាពសមរម្យ កម្ពុជានិងអាចមានលទ្ធភាពក្នុងការនាំចេញគ្រឿងសមុទ្រទាំងនេះទៅកាន់ទីផ្សារជប៉ុនបាន។

​ជាកិច្ចបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវសេចក្តីរំភើប និងអរគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្ត និងការចាប់អារម្មណ៍របស់វិនិយោគិនជប៉ុន ព្រមទាំងបានជូនពរឱ្យបេសកកម្មការងាររបស់គណៈប្រតិភូទទួលបានជោគជ័យគ្រប់ភារកិច្ច។

អត្ថបទ មន សូត្រ

ថតដោយ អ៊ូ ជោត