អង្ករ ៥តោន និងបច្ច័យរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនព្រះសង្ឃ និងសមណៈនិស្សិតខ្មែរកម្ពុជាក្រោម
នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានអញ្ជើញចូលរួមជាមួយ ឯកឧត្តម សាង សាន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាំយកអង្ករ ៥តោន និងបច្ច័យចំនួន ៨,២៥០ ប្រគេនព្រះសង្ឃ និងសមណៈនិស្សិតខ្មែររស់នៅកម្ពុជាក្រោម ដែលកំពុងគង់ស្នាក់នៅ និងបន្តការសិក្សា នៅកុដិលេខ១៧ វត្តបុទមវតីរាជវរារាម រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម សាង សាន បានពាំនាំនូវការផ្តាំផ្ញើ និងសួរសុខទុក្ខប្រកបដោយក្តីគោរព និងសេចក្តីនឹករឭកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះព្រះសង្ឃ និងសមណៈនិស្សិតខ្មែរកម្ពុជាក្រោម។ ការផ្តាំផ្ញើនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីគាំទ្រចំពោះព្រះសង្ឃ និងសមណៈនិស្សិតដែលកំពុងខិតខំសិក្សារៀនសូត្រ និងបន្តការអប់រំផ្នែកព្រះពុទ្ធសាសនា។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យព្រះសង្ឃ និងសមណៈនិស្សិតបន្តប្រឹងប្រែងក្នុងការសិក្សា ប្រកាន់ខ្ជាប់ព្រះធម៌ វិន័យ និងគុណធម៌ ព្រមទាំងប្រើប្រាស់ចំណេះដឹងដែលទទួលបាន ដើម្បីចូលរួមចំណែកក្នុងការថែរក្សាព្រះពុទ្ធសាសនា វប្បធម៌ ប្រពៃណី និងគុណតម្លៃល្អរបស់ជាតិ។
ជាមួយគ្នានេះ ព្រះតំណាងព្រះសង្ឃខ្មែររស់នៅកម្ពុជាក្រោម បានមានថេរដីកាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈក្រុមការងារ ចំពោះការយកចិត្តទុកដាក់ និងការឧបត្ថម្ភជាបន្តបន្ទាប់ដល់ព្រះសង្ឃ និងសមណៈនិស្សិតខ្មែររស់នៅកម្ពុជាក្រោម ដែលកំពុងគង់ស្នាក់នៅ និងបន្តការសិក្សានៅកម្ពុជា។ ព្រះអង្គបានបញ្ជាក់ថា អង្ករ និងបច្ច័យដែលបានប្រគេននាពេលនេះ មិនត្រឹមតែជាការឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់ព្រះសង្ឃ និងសមណៈនិស្សិត ក្នុងការបន្តការសិក្សា និងការបដិបត្តិព្រះធម៌។ ព្រះអង្គបានប្រគេនពរជ័យសូមឱ្យសម្តេចទាំងទ្វេ ព្រមទាំងក្រុមការងារ ប្រកបដោយសុខភាពល្អ បរិបូណ៌ដោយពុទ្ធពរ និងសម្រេចបានជោគជ័យក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន។ព្រះអង្គបន្តថា សកម្មភាពនេះបានឆ្លុះបញ្ចាំងពី ស្មារតីសាមគ្គីភាព កត្តញ្ញូ ការចែករំលែក និងការគាំទ្រការអប់រំព្រះពុទ្ធសាសនា ព្រមទាំងបង្ហាញពីតម្លៃនៃការរួមចំណែកគាំទ្រដល់ព្រះសង្ឃ និងយុវសមណៈដែលកំពុងកសាងខ្លួនតាមរយៈការសិក្សា និងការបដិបត្តិព្រះធម៌។




