សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញធ្វើជីវមាត្រមុនគេ ក្នុងយុទ្ធនាការជំរឿនមន្ត្រីនៅក្រសួងព្រះបរមរាជវាំង ស្របជាមួយវត្តមាននៃការអញ្ជើញពិនិត្យការងាររបស់ ឯកឧត្តម ហ៊ុន ម៉ានី
នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រសួងព្រះបរមរាជវាំង បានរៀបចំពិធីបើកយុទ្ធនាការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែង ។ នៅក្នុងឱកាសនោះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញធ្វើជីវមាត្រមុនគេបង្អស់ ដើម្បីជាគំរូ និងជំរុញទឹកចិត្តមន្ត្រីក្រោមឱវាទឱ្យចូលរួមយ៉ាងសកម្ម ស្របតាមទិសដៅកែទម្រង់រដ្ឋបាលសាធារណៈ។ ទន្ទឹមគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានអញ្ជើញចុះពិនិត្យការងារនេះដោយផ្ទាល់ ដើម្បីធានាភាពរលូន និងតម្លាភាព។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃក្រសួងព្រះបរមរាជវាំង និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃក្រសួងមុខងារសាធារណៈផងដែរ។
ក្នុងឱកាសនោះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។
ការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែងនាពេលនេះ គឺជាជំហានមួយយ៉ាងសំខាន់ក្នុងការរៀបចំទិន្នន័យមន្ត្រីរាជការឱ្យមានភាពច្បាស់លាស់ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ព្រមទាំងឆ្លើយតបទៅនឹងគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។
ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការទាំងអស់នៃក្រសួងព្រះបរមរាជវាំង បានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ ដើម្បីឱ្យដំណើរការធ្វើជំរឿននេះប្រព្រឹត្តទៅដោយរលូន ឆាប់រហ័ស និងទទួលបានលទ្ធផលជោគជ័យតាមផែនការគ្រោងទុក។
ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមក្រសួង-ស្ថាប័ន គឺជាការងារអាទិភាពមួយ ក្នុងគោលបំណងពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យមន្ត្រីរាជការស៊ីវិលឱ្យកាន់តែមានតម្លាភាព និងគណនេយ្យភាព។ ដំណើរការនេះ មិនត្រឹមតែជួយឱ្យរាជរដ្ឋាភិបាលគ្រប់គ្រងធនធានមនុស្សក្នុងវិស័យសាធារណៈបានច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះក្នុងការរៀបចំផែនការអភិវឌ្ឍន៍សមត្ថភាពមន្ត្រី ការបែងចែកភារកិច្ចឱ្យចំជំនាញ និងការកែទម្រង់ប្រព័ន្ធប្រាក់បៀវត្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នាពេលអនាគត។
សូមបញ្ជាក់ផងដែរថា ការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែងនាពេលនេះ ត្រូវបានអនុវត្តឡើងដោយផ្អែកលើប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីផ្ទៀងផ្ទាត់វត្តមាន ឯកសារពាក់ព័ន្ធ និងព័ត៌មានផ្ទាល់ខ្លួនរបស់មន្ត្រីម្នាក់ៗឱ្យបានត្រឹមត្រូវបំផុត។ មន្ត្រីរាជការនៃក្រសួងព្រះបរមរាជវាំងគ្រប់រូប បានបង្ហាញនូវស្មារតីទទួលខុសត្រូវខ្ពស់ និងបានចូលរួមក្នុងដំណើរការជំរឿននេះដោយក្តីរីករាយ និងសហការយ៉ាងល្អប្រសើរ។
ពិធីបើកការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងព្រះបរមរាជវាំង បានប្រព្រឹត្តទៅដោយបរិយាកាសស្និទ្ធស្នាល និងស្មារតីទទួលខុសត្រូវខ្ពស់ ដែលជាសញ្ញាណវិជ្ជមានមួយក្នុងការជំរុញការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពរឹងមាំ និងឆ្លើយតបបានយ៉ាងល្អប្រសើរចំពោះការបម្រើជាតិ និងប្រជាជន៕




