សភាពាណិជ្ជកម្មកម្ពុជា ប្រារព្ធកម្មវិធី «វេទិកាធុរកិច្ច និងនវានុវត្តន៍ឆ្នាំ២០២៦» ដើម្បីចែករំលែកព័ត៌មានថ្មីៗ ស្តីពីការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចសកលដែលកំពុងទទួលរងឥទ្ធិពលអវិជ្ជមាននានា
ឯកឧត្តមអ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញជាអធិបតី ក្នុង «វេទិកាធុរកិច្ច និងនវានុវត្តន៍ឆ្នាំ២០២៦» ក្រោមប្រធានបទ៖ កាលានុវត្តភាពវិស័យនាំចេញ-នាំចូលរបស់កម្ពុជា។
វេទិកានាឱកាសនេះ ប្រារព្ធឡើងដើម្បីចូលរួមចែករំលែកបទពិសោធន៍ និងពិភាក្សាផ្លាស់ប្តូរយោបល់លើកិច្ចការពាណិជ្ជកម្ម និងវិនិយោគ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹក ជញ្ជូន និងភស្តុភារកម្ម សម្រាប់ភាពប្រកួតប្រជែងក្នុងពាណិជ្ជ កម្មសកល ដោយមានអ្នកចូលរួមប្រមាណ៥០០នាក់ ដែលជាធុរជន វិនិយោគិនបរទេស និងក្នុងស្រុកមកពីរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា។
ក្នុងឱកាសនោះ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិ ជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា លទ្ធផលដែលទទួលបានពីការរៀបចំ «វេទិកាធុរកិច្ច និងនវានុវត្តន៍» កាលពីឆ្នាំ២០២៥ កន្លងទៅ ជាបទពិសោធន៍ដ៏ល្អសម្រាប់ម្ចាស់អាជីវកម្ម យកទៅកែលម្អអាជីវកម្មរបស់ខ្លួន និងអនុវត្តតាមឱ្យចំគោលដៅ សំដៅកាត់បន្ថយហានិភ័យ និងសម្របខ្លួនតាមការវិវត្តនៃសេដ្ឋកិច្ចទាំងក្នុងតំបន់ និងសកលលោក។
ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា បន្តសហការជាមួយដៃគូជាតិ និងអន្តរជាតិ ក្នុងការបង្កើតវេទិកា និងឱកាសធុរកិច្ច ដើម្បីពង្រឹងការតភ្ជាប់ទីផ្សារលើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្ម ព្រមទាំងជំរុញឱកាសនាំចេញ-នាំចូល និងការវិនិយោគរបស់កម្ពុជា ស្របតាមការវិវត្តនៃពាណិជ្ជកម្មក្នុងតំបន់ និងសកលលោក។
អញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើកវេទិកានាឱកាសនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានមានប្រសាសន៍ថា កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តដឹកនាំប្រកបដោយភាពឈ្លៀសវៃប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុតដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ឱ្យបន្តចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយគ្មានការលើកលែង និងមិនត្រូវបង្អង់ដៃឡើយ ដើម្បីធានាដល់ឱកាសវិនិយោគនៅកម្ពុជា។
អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានលើកឡើងផងដែរ អំពីការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ ដែលនឹងរៀបចំឡើងនៅថ្ងៃទី២៨ ខែសីហា ខាងមុខ ដើម្បីពង្រឹងភាពជាដៃគូប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
មុននឹងបញ្ចប់ អ្នកឧកញ៉ា បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ធុរជន វិនិយោគិន និងអ្នកចូលរួមទាំងអស់ ក្នុងការផ្តល់ផែនទីចង្អុលផ្លូវសម្រាប់រៀបចំផែនការអាជីវកម្ម និងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ ឱ្យឈានឡើងមួយកម្រិតទៀត ដើម្បីត្រៀម ខ្លួនឱ្យបានរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (Least Developed Country) នាចុងឆ្នាំ២០២៩ និងធ្វើដំណើរប្រកបដោយសុទិដ្ឋិនិយមឆ្ពោះទៅគោលដៅឆ្នាំ២០៥០ដែលជាប្រទេសដែលមានចំណូលខ្ពស់។
បន្ទាប់ពីប្រារព្ធពិធីបើកវេទិការួច ឯកឧត្តមអ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ក៏នឹងអញ្ជើញធ្វើបទបាឋកថាស្តីពី «កាលានុវត្តភាពភស្តុភារកម្មកម្ពុជា»។ បទបាឋកថានេះ នឹងផ្តោតសំខាន់លើតួនាទី និងសក្តានុពលនៃវិស័យភស្តុភារកម្មក្នុងការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ ព្រមទាំងរួមចំណែកបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល ក៏ដូចជាវិស័យផលិតកម្ម ក្នុងបរិបទនៃការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាសេដ្ឋកិច្ចដែលផ្តោតលើចំណេះដឹង បច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថល។
លើសពីនេះ ក៏មានកិច្ចពិភាក្សាដ៏មានសារៈសំខាន់ ក្រោមប្រធានបទ «ការបង្កើនប្រសិទ្ធភាព វិស័យដឹកជញ្ជូននិងភស្តុភារកម្មសម្រាប់ភាពប្រកួតប្រជែងក្នុងពាណិជ្ជកម្មសកល» ដែលមានការចូលរួមដោយ វាគ្មិនកិត្តិយស និងអ្នកជំនាញមកពីវិស័យពាក់ព័ន្ធនានា ដើម្បីចែករំលែកបទ ពិសោធន៍ ចំណេះដឹង និងទស្សនៈសំខាន់ៗ ពាក់ព័ន្ធនឹងការពង្រឹងប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនិងការធ្វើសមាហរណកម្មធុរកិច្ចកម្ពុជា ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មសកល៕




