សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអនុញ្ញាតឲ្យឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Dr. Tan Sri Dato Johari Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នៅវិមានរដ្ឋសភា ក្នុងឱកាសដែល ឯកឧត្តមប្រធានរដ្ឋសភា អញ្ជើញដឹកនាំគណៈប្រតិភូចូលរួម សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល និងគណៈប្រតិភូដែលបានអញ្ជើញចូលរួមសន្និសីទ ISC-2 នាពេលនេះ ហើយបានឆ្លៀតពេលមកជួបពិភាក្សាការងារជាមួយសម្តេច។ សម្ដេចរដ្ឋសភាធិបតីបានបញ្ជាក់ថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដឹកនាំរៀបចំឡើងដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាស្ថាបនិកមួយរូបរបស់សន្និសីទប្រធានសភានៃអន្តរសភា (ISC) រៀបចំឡើងក្នុងគោលបំណងស្តារទំនុកចិត្ត លើកកម្ពស់សន្តិភាព តាមរយៈការជំរុញនូវវប្បធម៌សន្ទនា ដោយយកប្រជាពលរដ្ឋជាស្នូល។
វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ីនៅក្នុងសន្និសីទ ISC លើកទី២ នេះ ពិតជាមានសារៈសំខាន់ ដែលមិនត្រឹមតែបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អ ជឿជាក់ ទុកចិត្ត និងយោគយល់គ្នានៃប្រទេសទាំងពីរប្រកបដោយភាពស្និទ្ធស្នាលប៉ុណ្ណោះទេ ថែមទាំងរួមវិភាគទានដ៏មានតម្លៃដល់ភាពជោគជ័យនៃសន្និសីទ ISC លើកទី២ ថែមទៀតផង។
សម្ដេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ គឺជាការជួបជុំគ្នាដ៏ធំជាប្រវត្តិ សាស្ត្រ ដោយមានប្រធានសភាជាច្រើនប្រទេសចូលរួម ទាំងក្នុងតំបន់និងអន្តរជាតិ ព្រមទាំងមានវត្តមានអង្គការអន្តរជាតិសំខាន់ៗជាច្រើនទៀតផងដែរ។ នេះជាវេទិកាដ៏សំខាន់នៅក្នុងការស្តារទំនុកចិត្ត និងលើកកម្ពស់សន្តិភាពសម្រាប់មនុស្សជាតិទូទាំងសកលលោក ឱ្យរស់នៅប្រកបដោយសុខដុមរមនាជាមួយគ្នា។ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ បានបង្ហាញច្បាស់ពីការស្រលាញ់សន្តិភាព ការលើកកម្ពស់ការគោរពច្បាប់ និងពហុភាគីនិយមដោយបើកចំហ និងបរិយាបន្ន។
ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ បានថ្លែងអំណរគុណសម្ដេចប្រធានរដ្ឋសភា ដែលបានផ្តល់ឱកាសដល់ឯកឧត្តម និងគណៈប្រតិភូចូលជួបពិភាក្សាការងារប្រកបដោយការរាប់អាន និងមានភាពកក់ក្តៅជាទីបំផុត។ ឯកឧត្តមបានយល់ស្របចំពោះការលើកឡើងរបស់សម្ដេចប្រធានរដ្ឋសភា អំពីតម្លៃដ៏មានសារៈសំខាន់នៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ដោយសារវេទិកានេះសំខាន់ ដូច្នេះហើយ គ្រាន់តែទទួលបានលិខិតអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន ភ្លាម ឯកឧត្តមបណ្ឌិត បានសម្រេចចិត្តជាស្រេចថានឹងអញ្ជើញមកចូលរួមវេទិកាដែលកម្ពុជារៀបចំនេះ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការចូលរួមដ៏សំខាន់របស់កម្ពុជា នៅក្នុងកិច្ចការអន្តរជាតិ ពិសេសការលើកកម្ពស់សុខសន្តិភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព ទាំងក្នុងតំបន់និងអន្តរជាតិ។
ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី បានផ្លាស់ប្តូរទស្សនៈ និងជជែកគ្នាដោយបើកចំហពីស្ថានភាពពិភពលោក ដែលកំពុងស្ថិតនៅក្នុងរបត់មួយដែលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងហ៊ុមព័ទ្ធដោយសង្គ្រាម។ សន្តិភាពពិតជាមានតម្លៃ ដោយហេតុថា ការកសាងសន្តិភាពត្រូវការពេលវេលាយូរនិងលំបាកបំផុត ប៉ុន្តែការបំផ្លាញសន្តិភាពគឺមានភាពងាយស្រួលជាង។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ សម្ដេចប្រធានរដ្ឋសភាបានស្នើឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ីបន្តជំរុញទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងជំរុញវិនិយោគិនម៉ាឡេស៊ីមកកម្ពុជាឱ្យកាន់តែច្រើនឡើង ដើម្បីផលប្រយោជន៍នៃប្រទេស និងពលរដ្ឋប្រទេសទាំងពីរ។
ជាថ្មីម្តងទៀត សម្ដេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណរដ្ឋសភាម៉ាឡេស៊ី ដែលបានទទួលស្វាគមន៍គណៈប្រតិភូសភាកម្ពុជាយ៉ាងកក់ក្តៅ អំឡុងពេលរៀបចំមហាសន្និបាតអន្តរសភាលើកទី៤៦ កាលពីឆ្នាំទៅ។ សម្ដេចបានថ្លែងអំណរគុណម៉ាឡេស៊ីដែលបានរួមចំណែកស្វែងរកការផ្សះផ្សានិងសន្តិភាពនៅកម្ពុជាកាលពីឆ្នាំ១៩៩១ ក៏ដូចជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្ពុជាជារៀងរហូតមក៕




