ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិង១លានស្ថិតក្នុងជំរំរខេករខាកនៅបង់ក្លាដែស្សអំពាវនាវដល់អន្តរជាតិជួយឱ្យពួកគេវិលចូលស្រុកវិញដោយសុវត្ថិភាព ក្រោយការព្យាយាមរយៈពេល៩ឆ្នាំ
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់នៅក្នុងជំរំបង់ក្លាដែសបានប្រារព្ធខួបលើកទី៩ឆ្នាំនៃការធ្វើដំណើរចាកចេញទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាច្រើនលើក ជាច្រើនសារកាលពីថ្ងៃអង្គារនេះតែត្រូវបរាជ័យ ដោយទាមទារស្នើសុំឱ្យពួកគេវិលត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញដោយសុវត្ថិភាព។ ពួកគេបានជំរុញឱ្យសហគមន៍អន្តរជាតិជួយធានាសន្តិសុខនៅក្នុងរដ្ឋរ៉ាឃីនដែលជាស្រុកកំណើតរបស់ពួកគេពីមុន សម្រាប់ការវិលត្រឡប់ដោយសុវត្ថិភាពទោះបីជាមានការប៉ុនប៉ងដោយបរាជ័យកាលពីអតីតកាលក៏ដោយ ដោយពួកគេបានកាន់បដាដែលសរសេរថា “លែងមានអំពើប្រល័យពូជសាសន៍ទៀតហើយ។ យុត្តិធម៌ត្រូវតែមានគ្រប់ពេលវេលា ” និងពាក្យថា “ថ្ងៃទី 25 ខែសីហា ជាថ្ងៃដែលយើងនឹងមិនស្នើសុំម្តងទៀតនោះឡើយ។ លោក Sayed Ullah ជាមេដឹកនាំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបាននិយាយថា “ថ្ងៃនេះ យើងបានអំពាវនាវដល់សហគមន៍អន្តរជាតិ ដល់រដ្ឋាភិបាលបង់ក្លាដែស និងសាធារណជនឱ្យធ្វើការរួមគ្នាជាមួយយើងដើម្បីស្វែងរកដំណោះស្រាយចំពោះស្ថានភាពរបស់យើងនៅពេលនេះ”។ លោកបានបន្ថែមថា “ដើម្បីសម្រេចបាននូវគោលដៅនោះ តួអង្គពាក់ព័ន្ធត្រូវតែចូលរួម និងពិគ្រោះយោបល់ជាមួយពួកយើង”។ ពួកគេបានប្រមូលផ្តុំគ្នានៅក្នុងវាលស្រែបើកចំហមួយនៅជំរំ Kutupalong ក្នុងស្រុក Cox’s Bazar ភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស ដែលជាទីតាំងដ៏សំខាន់នៃជំរំដែលមានជនភៀសខ្លួនជាង១លាននាក់រស់នៅ។ រដ្ឋាភិបាលដែលគាំទ្រដោយយោធាមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃសៅរ៍ថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង៣០ម៉ឺននាក់ដែលរស់នៅក្នុងជំរំនានាក្នុងប្រទេសបង់ក្លាដែសគឺជាអតីតអ្នកស្រុកនៅភាគខាងលិចរដ្ឋរ៉ាឃីន ហើយខ្លួននឹងទទួលយកការវិលត្រឡប់របស់ពួកគេវិញ នៅពេលដែលស្ថានភាពក្នុងប្រទេសមានសន្តិសុខល្អប្រសើរឡើងវិញ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបានធ្វើឡើងនៅពេលដែលវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចូលដល់ឆ្នាំទី៩ហើយ ដោយជនភៀសខ្លួនរាប់រយ រាប់ពាន់នាក់នៅតែរស់នៅក្នុងជំរំរខេករខាកនានាក្នុងប្រទេសបង់ក្លាដែសបន្ទាប់ពីពួកគេបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាក្នុងខែសីហា ឆ្នាំ២០២៧ នៅពេលដែលយោធាបានបើកការបង្ក្រាប និងបន្ទាប់ពីការវាយប្រហារដោយក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ាលើប៉ុស្តិ៍យាមក្នុងរដ្ឋរ៉ាឃីនមក។ ប្រតិបត្តិការនេះបានជំរុញឲ្យជនជាតិរ៉ូហ៊ីងយ៉ាជាង៧០ម៉ឺននាក់ឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសបង់ក្លាដែស ដោយចូលរួមជាមួយមនុស្សរាប់រយពាន់នាក់ផ្សេងទៀតដែលរស់នៅទីនោះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ក្រោយពីមានរលកនៃអំពើហិង្សាពីអតីតកាល ដែលប្រព្រឹត្តដោយយោធាមីយ៉ាន់ម៉ាយ៉ាងសាហាវព្រៃផ្សៃ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



