រដ្ឋាភិបាលចិន ផ្ដល់សម្ភារៈកុំព្យូទ័របច្ចេកទេសខ្ពស់ ជូនដល់អង្គភាពប្រឆាំងអំពើពុករលួយ (A.C.U)កម្ពុជា ដើម្បីជួយលើផ្នែកកោសល្យ វិច័យឌីជីថល (digital forensics) ការគ្រប់គ្រងសំណុំរឿង តាមប្រព័ន្ធ អេឡិចត្រូនិក និងការវិភាគទិន្នន័យ។

អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបពិធីប្រគល់-ទទួលសម្ភារៈបច្ចេកទេស ដែលជាអំណោយរបស់ស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី ឧិម យ៉ិនទៀង ប្រធាន (A.C.U) និង ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី ឧិម យ៉ិនទៀង ប្រធាន ( A.C.U) បានមានប្រសាន៍ថា ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងការវាយតម្លៃខ្ពស់បំផុតជូនចំពោះ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាស្ថានទូតចិនប្រចាំនៅកម្ពុជា សម្រាប់ការ ផ្តល់ជូននូវអំណោយដ៏ថ្លៃថ្លាជាប្រព័ន្ធកុំព្យូទ័រសមត្ថភាពខ្ពស់ទាំងនេះ។
ឯកឧត្តមប្រធានអង្គភាពបឆាំងអំពើពុករលួយ សូមកោតសរសើរដោយស្មោះ ចំពោះការគាំទ្រដ៏យូរអង្វែងរបស់ប្រទេសចិន សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា និងតួនាទីដ៏សំខាន់នៃ”គំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ” ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមករវាងប្រទេសយើងទាំងពីរ។ សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នៃភាពជាដៃគូនេះ ពិតជាបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនកម្ពុជា និងបានពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដែកថែប រវាងកម្ពុជា និងចិន។”
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី មានប្រសាសន៍បន្ដថា ចំពោះការប្រគល់-ទទួលសម្ភារៈបច្ចេកទេសនៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ ពិសេសលើសពីការផ្តល់បច្ចេកវិទ្យាទំនើប។ ពិធីនេះបានបង្ហាញពីរបៀបដែលប្រទេសយើងទាំងពីរ បន្តប្រែក្លាយចំណងទាក់ទងមិត្តភាពដ៏រឹងមាំ ទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលផ្តល់នូវផលប្រយោជន៍ពិតប្រាកដ ដល់ស្ថាប័ន និងប្រជាជនប្រទេសទាំងពីរកម្ពុជា-ចិន។ វាក៏បានឆ្លុះបញ្ចាំងផងដែរពីការប្តេជ្ញាចិត្តរួមគ្នា ចំពោះការជឿទុកចិត្តគ្នាទៅវិញទៅមក សាមគ្គីភាព និងការអភិវឌ្ឍរួម។ ស្របពេលដែលបទល្មើសពាក់ព័ន្ធនឹងអំពើពុករលួយកាន់តែមានសភាពស្មុគស្មាញ និងពឹងផ្អែកលើបច្ចេកវិទ្យាកាន់តែខ្លាំង ស្ថាប័នប្រឆាំងអំពើពុករលួយ ចាំបាច់ត្រូវ បន្តពង្រឹងសមត្ថភាពបច្ចេកទេស ជំនាញវិជ្ជាជីវៈ និងឧបករណ៍ស៊ើបអង្កេតរបស់ ខ្លួនជាប្រចាំ។ គ្រឿងបរិក្ខារផ្នែករឹង (hardware) ឯកទេស និងសម្ភារសមត្ថភាពខ្ពស់ ដែលត្រូវ បានផ្តល់ជូនតាមរយៈការចូលរួមចំណែកដ៏ថ្លៃថ្លានេះ នឹងជួយលើកកម្ពស់យ៉ាង សំខាន់ដល់សមត្ថភាពប្រតិបត្តិការរបស់ ACU ជាពិសេសលើផ្នែកកោសល្យ វិច័យឌីជីថល (digital forensics) ការគ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធ អេឡិចត្រូនិក និងការវិភាគទិន្នន័យ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី បញ្ជាក់ថា សមត្ថភាពដែលត្រូវបានពង្រឹងទាំងនេះ នឹងអនុញ្ញាតឱ្យយើងអាចទប់ស្កាត់ រកឱ្យឃើញ និងស៊ើបអង្កេតបទល្មើសពាក់ព័ន្ធ នឹងអំពើពុករលួយកាន់តែមានប្រសិទ្ធភាព នៅក្នុងបរិបទឌីជីថលដែលកាន់ត មានការវិវឌ្ឍទៅមុខជានិច្ច។ តាមរយៈការកសាងសមត្ថភាពស្ថាប័ន និងការស៊ើបអង្កេតរបស់យើង យើងក៏កំពុងតែពង្រឹងមូលដ្ឋានគ្រឹះនៃប្រព័ន្ធអភិបាលកិច្ចដែលមានតម្លាភាព ផ្អែកលើ នីតិរដ្ឋ និងមានគណនេយ្យភាពផងដែរ។ ក្នុងបរិយាកាសធុរកិច្ចប្រកបដោយភាពយុត្តិធម៌ ស្អាតស្អំ និងមានតម្លាភាព នៅតែជា ឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនេះ , ACU នៅតែប្រកាន់ខ្ជាប់ យ៉ាងមុតមាំនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ជំរុញតម្លាភាពទីផ្សារ និងការពារសិទ្ធិ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់អ្នក វិនិយោគទាំងអស់។ ជាពិសេស យើងនឹងបន្តគាំទ្រដល់បរិយាកាសវិនិយោគ ប្រកបដោយសុវត្ថិភាព ស្ថិរភាព និងអាចព្យាករណ៍បានសម្រាប់សហគ្រាសចិន ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដែលទង្វើនេះនឹងជួយពង្រឹងទំនុកចិត្តលើ ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ACU បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយស្ថានទូតចិន នឹងសូមស្វាគមន៍ យ៉ាងកក់ក្តៅចំពោះការបន្តកិច្ចសហការលើការកសាងសមត្ថភាព ការផ្លាស់ប្តូរ បទពិសោធន៍បច្ចេកទេស និងការអភិវឌ្ឍ ស្ថាប័ន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានមានប្រសាន៍ថា ការផ្ដល់ជំនួយសម្ភារៈបរិក្ខារការិយាល័យដល់អង្គភាពប្រឆាំងអំពើពុករលួយនាពេលនេះ គឺមានគោលដៅជួយដល់អង្គភាព ACU ក្នុងងការក្នុងការលើកកម្ពស់សមត្ថភាពប្រតិបត្តិការរបស់ ACU ជាពិសេសលើផ្នែកកោសល្យ វិច័យឌីជីថល (digital forensics) ការគ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធ អេឡិចត្រូនិក និងការវិភាគទិន្នន័យ។

ឯកឧត្តមឯកអគ្គរដ្ឋទូត សូមថ្លែងអំណរគុណចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ ជាមួយសហគ្រាសចិន នៅកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌ និងប្រសិទ្ធភាព ចាត់វិធានការសកម្ម និងសម្រុះសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាជាច្រើន ដែលរាំងស្ទះអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា នៅពេលខាងមុខភាគីចិន ក៏នឹងមានរៀបចំវគ្គបណ្តុះ បណ្តាលទ្វេភាគីក្រោមប្រធានបទ «ការកសាងសមត្ថភាពលើបច្ចេកវិទ្យាឃ្លាំមើល» ជូនដល់អង្គភាពប្រឆាំងអំពើពុករលួយ ,រួមគ្នាជំរុញការកសាងផ្លូវនៃភាពស្អាតស្អំ និងបន្តការគាំទ្រ តាមលទ្ធភាពដែលអាចធ្វើទៅបានជូនដល់ភាគីកម្ពុជា ជាពិសេសក្នុងការបណ្តុះបណ្តាលធនធានមនុស្ស, សម្ភារៈបរិក្ខារ, ដើម្បីជំរុញកិច្ចការងារប្រឆាំងអំពើពុករលួយ នៅកម្ពុជា ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត៕