សហព័ន្ធកីឡាវាយសីអាស៊ី ទទូចស្នើសុំឱ្យកម្ពុជា រៀបចំការប្រកួតកម្រិតតំបន់ បន្តទៀត បន្ទាប់ពី ការរៀបចំ របស់កម្ពុជា ផ្តល់ភាពកក់ក្តៅ ដល់អត្តពលិក

ព្រឹត្តិការណ៍កីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី៣ បានបញ្ចប់ដោយជោគជ័យ ហើយសហព័ន្ធវាយសីអាស៊ីបានស្នើសុំឱ្យកម្ពុជាបន្តរៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៧បន្តទៀត។

ព្រឹត្តិការណ៍កីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ លើកទី៣ ក្រោមការរៀបចំដោយសហព័ន្ធកីឡាវាយសីអាស៊ី និងគាំទ្រឧបត្ថម្ភដោយ ក្រុមហ៊ុន វឌ្ឍនៈគ្រុប នៅពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការប្រកួតអស់រយៈ ពេល៧ថ្ងៃ។

ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងរំលេចថា ការប្រកួតរយៈពេល៧ថ្ងៃនេះ បានបញ្ចប់ដោយមោទនភាព ដោយសហព័ន្ធកីឡាវាយសីអាស៊ីបានកោតសសើរនិងវាយតម្លៃខ្ពស់ថា ការរៀបចំរបស់កម្ពុជាបានល្អ ហើយ ថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាវាយសីអាស៊ីបានបន្តស្នើសុំឱ្យកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកម្រិតតំបន់នេះនៅក្នុងឆ្នាំ២០២៧បន្តទៀត។

ឯកឧត្តម អះអាងថា កក្តាដែលជំរុញឱ្យការរៀបចំព្រឹត្តិការណ៍មួយនេះមានកម្រិតស្តង់ដារទទួលបានការកោតសសើរខ្លាំងពីសហព័ន្ធកីឡាវាយសីអាស៊ីបែបនេះ ទាំងអស់នេះដោយមានការរួបរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធមានដូចជា ក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិសេស គឺទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សិទ្ធិអនុញាតឱ្យសហព័ន្ធកីឡាវាយសីកម្ពុជាតាមរយៈក្រសួងអប់រំយុវជននិងកីឡា។ ការផ្តល់នូវកិត្តិយសដ៏ធំធេងនេះហើយ ទើបជំរុញឱ្យសហព័ន្ធកីឡាវាយសីកម្ពុជា បានត្រៀមខ្លួនបានយ៉ាងល្អប្រសើរ ទាំងការត្រៀមកីឡាករកីឡាការិនី និងការទទួលបដិសណ្ឋាកិច្ចធ្វើយ៉ាងណាបង្កលក្ខណៈឱ្យអត្តពលិកអន្តរជាតិមកចូលរួមទទួលបានភាពកក់ក្តៅ និងសុខសុវត្ថិភាព។

ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម ប្រធានសហព័ន្ធ បានថ្លែងអំណរ គុណដល់ក្រុមហ៊ុនវឌ្ឍនៈគ្រុប ដែលបានចូលរួមឧបត្ថម្ភគាំទ្រ និង មន្រ្តីស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមជួយសម្របសម្រួ លក្នុងព្រឹត្តិការណ៍ទាំងមូល ព្រមទាំងប្រជាពលរដ្ឋ ដែលបានចូលរួមគាំទ្រដល់ការប្រកួត ធ្វើឱ្យការរៀបចំទទួលបានជោគជ័យលើសការរំពឹងទុក។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះលើកទី៣នេះ ប្រទេសដែលដណ្តើមបានមេដាយមាសច្រើន ជាងគេឈរនៅលេខ១ គឺប្រទេសមីយ៉ាន់ម៉ា .ឈរនៅក្នុងចំណាត់ថ្នាក់លេខ២ ប្រទេសកម្ពុជាម្ចាស់ផ្ទះ ដណ្តើមបានមេដាយសរុប២០គ្រឿង ក្នុងនោះមេដាយមាស៣គ្រឿង .ប្រាក់៩គ្រឿង និងមេដាយសំរឹទ្ធ៨គ្រឿង។ខណៈប្រទេសឡាវឈរនៅចំណាត់លេខ៣ដណ្តើមបានមេដាយសរុប១២ គ្រឿង មាស១ ប្រាក់៣ និងសំរឹទ្ធ៨. និងលេខ៤ បានទៅលើប្រទេសប្រទេសព្រុយណេដារ៉ូសេលឹមឈរនៅចំណាត់លេខ៤ដណ្តើមបានមេដាយសំរឹទ្ធ៦គ្រឿង៕