អគារលំនៅដ្ឋានចំនួន១២បានខូចខាតជាដំណំ! បន្ទាប់ពីរុស្ស៊ីបានវាយប្រហារដោយម៉ីស៊ីលពេញមួយយប់មិញនេះ មកលើទីក្រុងគៀវប្រទេសអ៊ុយក្រែនសម្លាប់មនុស្ស១២នាក់ និងរបួស៣៣នាក់
ការបាញ់មីស៊ីលរបស់រុស្ស៊ីកាលពីយប់ថ្ងៃព្រហស្បតិ៍នេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់នៅទីក្រុងគៀវ ខណៈដែលការផ្ទុះបានបន្លឺឡើងពាសពេញរដ្ឋធានីអ៊ុយក្រែនពេញមួយយប់ នេះបើយោងតាមអាជ្ញាធរមូលដ្ឋាន។ យោងតាមសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស៣៣នាក់បានរងរបួស។ ការជូនដំណឹងអំពីការវាយប្រហារតាមដែនអាកាសនៅតែសកម្មរហូតដល់ព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ។ ការវាយប្រហារលើទីតាំងចំនួន១២នៅទូទាំងស្រុក Darnytskyi, Sviatoshynskyi និង Solomianskyi នៃទីក្រុងគៀវបានបំផ្លាញអគារលំនៅដ្ឋាន បំផ្លាញមណ្ឌលសុខភាព និងស្ថាប័នអប់រំ។ ក្រុមអ្នកសង្គ្រោះបន្ទាន់បានទៅដល់កន្លែងកើតហេតុ ហើយបានទាញយកមនុស្សចេញពីក្រោមគំនរបាក់បែក។ នៅក្នុងស្រុក Solomianskyi វិញ អគារជាន់ខាងលើពីរជាន់នៃអគារលំនៅដ្ឋាន៩ជាន់ត្រូវបានបំផ្លាញ ហើយអគ្គីភ័យបានឆាបឆេះនៅជាន់ផ្សេងទៀតដែរ។ មនុស្សក៏ជាប់នៅខាងក្នុងអគារលំនៅដ្ឋានចំនួនពីរ និងជម្រកសាលារៀនមួយកន្លែងផងដែរ។ អ្នកស្រី Larysa Bondaruk អាយុ ៦០ ឆ្នាំ អង្គុយនៅលើដី កាន់ឆ្មារបស់គាត់ឈ្មោះ Chanel ដែលត្រូវបានអ្នកពន្លត់អគ្គីភ័យជួយសង្គ្រោះបាននិយាយទាំងទឹកភ្នែកថា៖ ចៅប្រុសរបស់អ្នកជិតខាងគាត់បានជាប់នៅក្រោមគំនរបាក់បែកហើយបានស្លាប់ហើយ។ អាផាតមិនរបស់គាត់រងការខូចខាតធ្ងន់ធ្ងរ។ គាត់ថា “រ៉ុក្កែតមួយបានធ្លាក់មកលើដំបូល។ វាមានសំឡេងខ្លាំងមិនគួរឲ្យជឿ ភ្លាមៗនោះ កម្ទេចកម្ទី និងទ្វារត្រូវបានផ្ទុះចេញក្រៅ។ មានផ្សែងហុយឡើងជាជួរៗ មានភ្លើងឆេះសន្ធោសន្ធៅ សំឡេងស្រែកយំ និងភាពអស់សង្ឃឹម”។ មនុស្សពីរនាក់ត្រូវស្លាប់នៅក្នុងអគាររបស់យើង ប៉ុន្តែក្រុមអ្នកជួយសង្គ្រោះបានឆ្លើយតបយ៉ាងឆាប់រហ័ស និងប្រកបដោយវិជ្ជាជីវៈដែរ ខ្ញុំពិតជាដឹងគុណពួកគេខ្លាំងណាស់ចំពោះរឿងនេះ។ រុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីលបាលីស្ទិកលើរដ្ឋធានីអ៊ុយក្រែន ដើម្បីរឹតត្បិតស្តុកការពារដែនអាកាសរបស់ទីក្រុងគៀវ។ ទីក្រុងគៀវមានប្រព័ន្ធការពារមានកម្រិតខ្ពស់ដែលអាចស្ទាក់ចាប់ការគំរាមកំហែងដោយមីស៊ីល ខណៈការផ្គត់ផ្គង់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតនៅសហរដ្ឋអាមេរិកនៅតែមានការរឹតត្បិតជាបន្តបន្ទាប់។ ប្រធានាធិបតីអាមេរិក Donald Trump បានអនុញ្ញាតឲ្យអ៊ុយក្រែនទទួលបានអាជ្ញាប័ណ្ណដើម្បីផលិតប្រព័ន្ធការពារដែនអាកាសប្រភេទ Patriot ប៉ុន្តែក្រោយមកបានសម្រេចចិត្តផ្ទុយពីនេះវិញ។ ទន្ទឹមនឹងនោះដែរ អ៊ុយក្រែនបានបង្កើនយុទ្ធនាការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួនប្រឆាំងនឹងឃ្លាំងអាវុធ កន្លែងយោធា និងគោលដៅយុទ្ធសាស្ត្រផ្សេងទៀតនៅក្នុងទឹកជ្រៅរុស្ស៊ី ដោយស្វែងរកការបន្ទាបសមត្ថភាពរបស់ទីក្រុងដែលតែងតែវាយប្រហារមកលើទឹកដីអ៊ុយក្រែន៕
សម្រួលអត្ថបទ៖ សុផារិន្ទ






