ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការបញ្ជា និងការថែទាំគ្រឿងចក្រ ប្រភេទត្រាក់ទ័រឈូសពង្រាយដី (Motor Grader)”

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការបញ្ជា និងការថែទាំគ្រឿងចក្រ ប្រភេទត្រាក់ទ័រឈូសពង្រាយដី (Motor Grader)” ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី​ ដែលជាវាគ្មិន និងមន្ត្រីក្រោមឱវាទក្រសួងជាច្រើនរូប។

វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ត្រូវបានរៀបចំឡើង ដើម្បីពង្រឹងចំណេះដឹង សមត្ថភាព និងជំនាញបន្ថែមដល់មន្ត្រីបច្ចេកទេស តាមរយៈការចែករំលែកទ្រឹស្តី និងការអនុវត្តជាក់ស្ដែង ក្នុងការបញ្ហា និងការថែទាំគ្រឿងចក្រសម្រាប់បំពេញទៅតាមតម្រូវការការងារនៅតាមការដ្ឋាន ក៏ដូចជាឆ្លើយតបទៅនឹងបញ្ហាប្រឈមនិងការវិវត្តន៍ថ្មីៗនាពេលបច្ចុប្បន្ន។ ការបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ជាពិសេសសម្រាប់មន្ត្រីបច្ចេកទេសប្រើប្រាស់ និងថែទាំគ្រឿងចក្រសម្រាប់ការងារសាងសង់ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តាមរយៈការប្រើប្រាស់ម៉ាស៊ីន Motor Grader ដែលជាប្រភេទគ្រឿងចក្រដ៏មានសារៈសំខាន់សម្រាប់ការងារសាងសង់ និងថែទាំផ្លូវ ជាពិសេសការងាររៀបចំ និងសម្រួលផ្ទៃនៃផ្លូវ ការរៀបចំ ជម្រាលការកែសម្រួលស្រទាប់ផ្លូវ និងការងារផ្សេងៗ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្របសម្រួល និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយគុណភាព និងស្តង់ដារបច្ចេកទេសខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់លើការគ្រប់គ្រង និងលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពការងារ និងគុណភាពបរិស្ថាន ព្រមទាំងការប្រកាន់ខ្ជាប់នូវគោលការណ៍ «សុវត្ថិភាពជាចម្បង» ក្នុងការអនុវត្តការងារជាមួយគ្រឿងចក្រ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានសាធារណការ ព្រមទាំងវាគ្មិនជាគ្រូបង្គោល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះ។ ឯកឧត្តមមានសុទិដ្ឋិនិយមថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹង និងជំនាញបន្ថែមទៀត ដើម្បីបម្រើការងារនៅតាមការដ្ឋាននីមួយៗប្រកបដោយវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវខ្ពស់ និងស្រឡាញ់គ្រឿងចក្រដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន៕