ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សៀវភៅគោលនយោបាយ ស្តីពី ការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា»

ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការនូវ «សៀវភៅគោលនយោបាយ ស្តីពី ការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា» ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា គោលនយោបាយ ស្តីពី ការគ្រប់គ្រង និងដោះស្រាយបញ្ហាជនអនាថា គឺជាគោលនយោបាយជាតិថ្មីមួយ ដែលបានឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកវិសាលភាព និងបង្កើនប្រសិទ្ធភាព នៃការអនុវត្តកម្មវិធីជាតិជំនួយសង្គម ដើម្បីដោះស្រាយ និងឆ្លើយតប ទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនរងគ្រោះ និងងាយរងគ្រោះនៅក្នុងសង្គម ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់ចោលនោះឡើយ»។

ឯកឧត្តម ជា សុមេធី  បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលបេសកកម្មដឹកនាំវិស័យសង្គមកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយ ផែនការ និងយន្តការសម្របសម្រួលជាច្រើន ។ការរៀបចំសៀវភៅគោលនយោបាយនេះឡើង គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងជាយន្តការឆ្លើយតប ដ៏មានប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ជនអនាថា ជនគ្មានទីពឹង និងជនរងគ្រោះ នៅទីសាធារណៈជាពិសេស ដើម្បីកសាងក្របខ័ណ្ឌការងារជាក់ស្តែង ការកំណត់អត្តសញ្ញាណ និងការប្រមូលទិន្នន័យ ដើម្បីរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យជនអនាថា ឱ្យមានភាពច្បាស់លាស់ និងទាន់សម័យ។ 

ឯកឧត្តម ជា សុមេធី បានសង្កត់ធ្ងន់លើទិសដៅអនុវត្តបន្ត ដោយពង្រឹងកិច្ចសហការក្រសួង-ស្ថាប័នពាក់ព័ន្ធ បង្កើតក្រុមការងារអន្តរក្រសួង និងអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ជាពិសេស ជួយសម្របសម្រួលក្នុងការបញ្ជូនជនអនាថា ឱ្យត្រឡប់ទៅរស់នៅជាមួយគ្រួសារ ឬសហគមន៍ដើមវិញដោយសុវត្ថិភាព និងមានកិត្តិយសព្រមទាំង កសាងសមត្ថភាពមន្ត្រី ដោយមានការបណ្តុះបណ្តាលដល់មន្ត្រីសង្គមកិច្ច និងអាជ្ញាធរដែនដី អំពីនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ក្នុងការឆ្លើយតបចំពោះជនរងគ្រោះ រៀបចំកែលម្អមជ្ឈមណ្ឌលស្តារសម្បទា និងពង្រីកវិសាលភាពមជ្ឈមណ្ឌល ទទួលនិងស្តារសម្បទាជនអនាថា ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងសិទ្ធិមនុស្ស។ 

ឯកឧត្តម រដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗ ជូនចំពោះគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា រួមមាន៖ លិខិតបទដ្ឋានគតិយុត្ត និងកិច្ចសហប្រតិបត្តិការ បន្តរៀបចំអនុក្រឹត្យស្តីពី “កិច្ចការពារ និងគ្រប់គ្រងជនអនាថា” ពិនិត្យ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ អនុគណៈកម្មាធិការ (អ.គ.អ) រាជធានី-ខេត្ត ការអនុវត្តច្បាប់ និងកិច្ចការពារសិទ្ធិ ពង្រឹងការអនុវត្តក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានរដ្ឋបាល ដើម្បីទប់ស្កាត់ការអូសទាញ ការប្រមូលផ្ដុំ ឬការកែច្នៃប្រើប្រាស់ជនអនាថាដោយគ្មានការអនុញ្ញាតការពារស្ត្រី កុមារ ជនមានពិការភាព និងមនុស្សវ័យចាស់ ពីអំពើហិង្សា និងការរំលោភបំពានសិទ្ធិការតាមដាន និងគ្រប់គ្រងសេវាបង្កើតប្រព័ន្ធតាមដាន វាយតម្លៃ និងទទួលមតិយោបល់ ដើម្បីកែលម្អគុណភាពសេវា និងការគ្រប់គ្រងកន្លែងសំចតសុវត្ថិភាព ព្រមទាំងមជ្ឈមណ្ឌលឯកទេសសង្គមកិច្ចផែនការសកម្មភាព និងកិច្ចសហការរៀបចំផែនការសកម្មភាពស្របតាមគោលនយោបាយ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពការកៀរគរធនធានពង្រឹងការកៀរគរ និងបែងចែកធនធានហិរញ្ញវត្ថុ បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈពីប្រភពស្របច្បាប់ផ្សេងៗ។