រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)
ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់លើ «សេចក្តីព្រាងសេចក្តីណែនាំ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)» របស់រដ្ឋបាលខេត្ត។ នាថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត (បណ្តោះអាសន្ន)
កិច្ចប្រជុំនេះរៀបចំឡើងអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើអាទិភាពគន្លឹះចំនួន៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ គោលបំណងសំខាន់ គឺដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច អភិវឌ្ឍន៍ខេត្តឱ្យក្លាយជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដែលជាប៉ូលសេដ្ឋកិច្ចសម្រាប់វិស័យទេសចរណ៍ មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងឧស្សាហកម្ម ព្រមទាំងបន្តអនុវត្តគោលនយោបាយកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានគូសបញ្ជាក់អំពីគោលដៅច្បាស់លាស់ និងបានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន និងរួមគ្នាពិនិត្យ និងកែតំរូវរួមគ្នារបស់មន្ទីរដែលពាក់ព័ន្ធនៅចំណុច និងខ្លឹមសារមួយចំនួនដែលខ្វះខាត។ ក៍ដូចជាជំរុញអោយមានកំណើនសេដ្ឋកិច្ចខេត្តឱ្យស្ថិតក្នុងកម្រិត ៥,៥% កាត់បន្ថយភាពក្រីក្រយ៉ាងតិច ១% និងបើកទូលាយលើកទឹកចិត្តវិស័យឯកជន លើការអភិវឌ្ឍឧស្សាហកម្ម សហគ្រាសធុនតូច-មធ្យម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នុវានុវត្តន៍ និងអចលនទ្រព្យ។ ជម្រុញឱ្យគ្រប់មន្ទីរ-អង្គភាពជុំវិញខេត្ត គ្រប់គ្រងទិន្នន័យតាមតំបន់ដោយប្រើប្រាស់ប្រព័ន្ធ QR Code ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ស្របតាមទិសដៅរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងធុរកិច្ចឌីជីថល។
អត្ថបទ មន សូត្រ







