ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ អ្នកសារព័ត៌មានត្រូវចេះគិតថា «អ្វីគួរសួរ និងអ្វីគួរផ្សព្វផ្សាយ»
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន បង្កើនការគិតពិចារណា និងការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ មុននឹងសួរសំណួរ ឬយកខ្លឹមសារព័ត៌មានពីការសម្ភាសទៅផ្សព្វផ្សាយជាសាធារណៈ ដោយត្រូវផ្តោតលើភាពត្រឹមត្រូវ បរិបទ សិទ្ធិរបស់បុគ្គល និងផលប្រយោជន៍សាធារណៈ។
ការជំរុញនេះធ្វើឡើងក្នុងឱកាស ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វផ្សាយជាមួយអង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួង។
ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកជាសំណួរទៅកាន់អ្នកសារព័ត៌មានថា៖ «នៅពេលដែលអ្នកកាន់ក្បាលមេក្រូ សូមនឹកថា តើរាល់សំណួរទាំងឡាយដែលផុសចេញពីចិត្តអ្នកទាំងអស់គ្នា តើគួរតែសួរទាំងអស់គ្រប់សំណួរទាំងអស់ ឬអត់? តើរាល់ចម្លើយដែលបងប្អូនទទួលបានពីអ្នកដែលផ្តល់បទសម្ភាសន៍ តើសុទ្ធតែអាចផ្សព្វផ្សាយដែរ ឬទេ?»។
សំណួររបស់ឯកឧត្តមរដ្ឋមន្ត្រីនេះ គឺជាការរំលឹកឱ្យអ្នកសារព័ត៌មានពិចារណាឱ្យបានហ្មត់ចត់អំពីគោលបំណងនៃការសួរ និងខ្លឹមសារដែលទទួលបានពីប្រភព មុននឹងសម្រេចផ្សព្វផ្សាយ។ ការធ្វើសារព័ត៌មានមិនមែនផ្តោតតែទៅលើការស្វែងរកព័ត៌មានដែលអាចទាក់ទាញការចាប់អារម្មណ៍របស់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរដល់ភាពត្រឹមត្រូវ បរិបទ សិទ្ធិ និងផលប៉ះពាល់ដែលអាចកើតមានពីការផ្សព្វផ្សាយព័ត៌មាននីមួយៗផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការសួរសំណួរមិនមានន័យថា សំណួរទាំងអស់ត្រូវតែសួរនោះទេ ហើយការទទួលបានចម្លើយពីអ្នកផ្តល់បទសម្ភាសន៍ ក៏មិនមានន័យថា ចម្លើយទាំងអស់ត្រូវតែផ្សព្វផ្សាយជាសាធារណៈនោះដែរ។ ដូច្នេះ អ្នកសារព័ត៌មានត្រូវប្រើប្រាស់ការវិនិច្ឆ័យវិជ្ជាជីវៈ ដើម្បីកំណត់ថា តើព័ត៌មានណាមានភាពពាក់ព័ន្ធ មានប្រយោជន៍ និងមានតម្លៃសម្រាប់សាធារណជន ព្រមទាំងសមស្របនឹងក្រមសីលធម៌វិជ្ជាជីវៈ។
ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គម ដែលព័ត៌មានអាចត្រូវបានផលិត ចែករំលែក និងផ្សព្វផ្សាយទៅដល់មនុស្សជាច្រើនក្នុងរយៈពេលដ៏ខ្លី តួនាទីរបស់អ្នកសារព័ត៌មានក្នុងការផ្ទៀងផ្ទាត់ប្រភព ពិនិត្យខ្លឹមសារ និងយល់ដឹងពីបរិបទ កាន់តែមានសារៈសំខាន់។ ការប្រញាប់ផ្សព្វផ្សាយដោយមិនបានពិនិត្យផ្ទៀងផ្ទាត់ឱ្យបានគ្រប់ជ្រុងជ្រោយ អាចនាំឱ្យមានការយល់ច្រឡំ ឬប៉ះពាល់ដល់បុគ្គល ស្ថាប័ន និងសង្គមទាំងមូល។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ ប្រកាន់ខ្ជាប់ច្បាប់ ក្រមសីលធម៌ និងគោលការណ៍វិជ្ជាជីវៈ ដើម្បីក្លាយជាប្រភពព័ត៌មានដែលសាធារណជនអាចជឿទុកចិត្តបាន និងមានទំនួលខុសត្រូវចំពោះសង្គម។
ការសម្រេចចិត្តថា «គួរសួរអ្វី» និង «គួរផ្សព្វផ្សាយអ្វី» គឺជាផ្នែកដ៏សំខាន់មួយនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ដែលតម្រូវឱ្យអ្នកសារព័ត៌មានមានការគិតពិចារណា ការវិនិច្ឆ័យ និងស្មារតីទទួលខុសត្រូវជានិច្ច ដើម្បីធានាថា ព័ត៌មានដែលផ្សព្វផ្សាយទៅកាន់សាធារណជន គឺមានភាពត្រឹមត្រូវ មានប្រយោជន៍ និងរួមចំណែកដល់ការកសាងសង្គមដែលមានការយល់ដឹង និងការជឿទុកចិត្តលើសារព័ត៌មាន៕







