គ្រោះថ្នាក់ចរាចរណ៍កាន់តែកើនឡើងយ៉ាងគំហុក! ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ណែនាំកម្លាំងនគរបាលរឹតបន្ដឹងច្បាប់ចរាចរណ៍ ពិសេសនៅពេលរាត្រី…
បច្ចុប្បន្ននេះករណីគ្រោះថ្នាក់ចរាចរណ៍ កំពុងតែបន្ដក្លាយជាបញ្ហាប្រឈមខ្ពស់របស់សមត្ថកិច្ចជំនាញ ខណៈអត្រាគ្រោះ ថ្នាក់នៅតែបន្ដកើនឡើងបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជារៀងរាល់ថ្ងៃ។
ឆ្លើយតបបញ្ហានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់នូវវិធានការម៉ឺងម៉ាត់ឲ្យកម្លាំងនគរបាលរឹតបន្ដឹងច្បាប់ចរាចរណ៍ឡើងវិញ ព្រោះមានតែវិធានការនេះទេ ទើបមានប្រសិទ្ធភាពខ្ពស់ក្នុងការ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេសនៅពេលយប់តែម្ដង។
ក្នុងកិច្ចប្រជុំពង្រឹងលើការអនុវត្តរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានបញ្ជាដល់កម្លាំងជំនាញត្រូវប្រើប្រាស់វិធានការអប់រំ និងផ្សព្វផ្សាយបន្ថែមទៀត ឲ្យដើរទន្ទឹមគ្នាជាមួយវិធានការអនុវត្តរឹតបន្ដឹងច្បាប់។
បើតាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា កម្លាំងនគរបាលអនុវត្តច្បាប់ត្រូវចេះបត់បែន និងប្រើប្រាស់កាយវិការពាក្យសម្ដីឲ្យបានសមរម្យ (ទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់) ទៅកាន់ប្រជាពលរដ្ឋ និងកំណត់បទល្មើសឲ្យបានច្បាស់លាស់ ដោយត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីច្បាប់ និងមានស្មារតីគោរពច្បាប់ ជាងខ្លាចនគរបាល។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ យល់ឃើញទៀតថា កត្តាមួយទៀតដែលជាចំណែកសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺស្មារតីនៃការប្រុង ប្រយ័ត្នរបស់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ ព្រោះនគរបាលចរាចរណ៍មិនអាចឈរជាប់នៅគោលដៅរឹតបន្ដឹងច្បាប់ចរាចរណ៍២៤ម៉ោងនោះឡើយ។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានផ្តល់អនុសាសន៍ដល់ស្នងការនគរបាលរាជធានី-ខេត្ត សូមចាត់ទុកការងារសុវត្ថិភាពចរាចរណ៍នេះជាអាទិភាព សំដៅដើម្បីកាត់បន្ថយការស្លាប់ និងរបួសរបស់ប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងទទួលការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ១៥ថ្ងៃ ឆ្នាំ ២០២៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១,៥៩០លើក កើនឡើង២៣៧លើក បើធៀបឆ្នាំ២០២៥។ ក្នុងនោះ អ្នកស្លាប់មានចំនួន ៩៨៦នាក់ កើន១០៩នាក់ និងរងរបួសចំនួន ២,៣០២នាក់ កើន៤៣០នាក់៕







