សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដាំកូនឈើ ២ម៉ឺនដើម លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងជំនឿសាសនា នៅកំពត

កំពត៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើជានិមិត្តរូបចំនួន ២ម៉ឺនដើម ក្រោមប្រធានបទ “រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី” នៅទីសក្ការៈវិមានឋានសួគ៌ ក្នុងគម្រោង យិន ផារ៉ាដាយ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។

ក្នុងឱកាសនោះ ឧកញ៉ា ឡុង ណាលី បានឱ្យដឹងថា សួនឧទ្យានអនុស្សាវរីយ៍ យិន ផារ៉ាដាយ គឺជាសួនហុងស៊ុយបែបវិទ្យាសាស្ត្រឈានមុខគេបង្អស់នៅក្នុងតំបន់ ដែលមិនត្រឹមតែបង្កើនភាពរុងរឿងនៃជីវិត និងកសាងមោទនភាពជូនប្រទេសកម្ពុជាលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលើទឹកដីដ៏ពិសិដ្ឋផ្ទុកថាមពលចក្រវាលធាតុទាំងប្រាំ និងមានហុងស៊ុយធម្មជាតិល្អ ដែលអាចជួយដល់កូនចៅគ្រប់ជំនាន់។ គួរបញ្ជាក់ផងដែរថា កន្លែងនេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលទស្សនាក្នុងឆ្នាំ២០២៦ ប្រមាណជិត ១៣ម៉ឺននាក់។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានថ្លែងកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងការសាងសង់គម្រោងនេះ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើសុំឱ្យគម្រោងនាពេលខាងមុខទៀត ត្រូវគិតគូរយកចិត្តទុកដាក់ពីរចនាបទ វប្បធម៌ សាសនា និងជំនឿ ដែលជាកេរដំណែលរបស់បុព្វបុរសជំនាន់មុនទុកឱ្យកូនចៅជំនាន់ក្រោយ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានលើកឡើងថា សុខដុមនីយកម្មសាសនានៅកម្ពុជា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រារព្ធពិធីសាសនារៀងៗខ្លួនប្រកបដោយសេរីភាព ក្រោមម្លប់សុខសន្តិភាព ដែលជាមរតកដ៏មានតម្លៃនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយភាពប្រកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាល សម្តេចទាំងទ្វេ តែងយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាជន និងសុខដុមនីយកម្មរបស់បរិស័ទគ្រប់ និកាយសាសនា។

មានប្រសាសន៍ក្នុងអង្គពិធីដ៏មានសារៈសំខាន់នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយវប្បធម៌ ទេសចរណ៍ និងសាសនា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ គោលនយោបាយនេះផ្តោតលើមរតកសិល្បៈ វប្បធម៌ ជំនឿ និងសាសនា ដែលកំពុងប្រឈមនឹងការបាត់បង់ ដោយត្រូវខិតខំស្តារឱ្យរស់រវើកឡើងវិញ ព្រមទាំងចូលរួមលើកកម្ពស់ និងលើកស្ទួយ ដើម្បីបង្កើនកិត្យានុភាព និងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនា ដែលនឹងធ្វើឱ្យវិស័យសិល្បៈ វប្បធម៌ ជំនឿ និងសាសនាប្រពៃណី កាន់តែរីកចម្រើនរុងរឿងជាលំដាប់។

សូមជម្រាបផងដែរថា បច្ចុប្បន្ន ទីសក្ការៈវិមានឋានសួគ៌ បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលទស្សនាជារៀងរាល់ថ្ងៃ ជាពិសេស នៅថ្ងៃចុងសប្តាហ៍មានប្រជាជនចូលទៅទស្សនាកម្សាន្ត បួងសួងសុំសេចក្តីសុខនិងលាភសំណាងជាច្រើនរយនាក់។ ជាក់ស្តែងគិតត្រឹម៨ខែ ក្នុងឆ្នាំ២០២៦ នេះ ចំនួនភ្ញៀវចូលទស្សនាកម្សាន្តនិងបួងសួងសុំសេចក្តីនៅទីសក្ការៈវិមានឋានសួគ៌ គឺមានចំនួនប្រមាណជិត១៣ម៉ឺននាក់។