ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយគ្រិស្តសាសនិកនៅព្រះវិហារគ្រិស្តបរិស័ទលង្វែក ខេត្តកំពង់ឆ្នាំង
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង រួមនឹងក្រុមការងារ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយគ្រិស្តសាសនិកនៅព្រះវិហារគ្រិស្តបរិស័ទលង្វែក ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ឯកឧត្តមបណ្ឌិត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលជានិច្ចកាលសម្តេច និងថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបព្រមទាំងជំរុញ និងលើកកម្ពស់សុខដុមនីយកម្មសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយធានានូវសេរីភាពខាងជំនឿសាសនាដែលខ្លួនពេញចិត្ត។
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ព្រមទាំងប្រតិភូអមដំណើរ ក៏បាននាំយកថវិកាមួយចំនួនឧបត្ថម្ភដល់កម្មវិធីពិសាអាហារសាមគ្គី និងរ៉ាប់រងលើការចំណាយផ្សេងៗ ព្រមទាំងបានពិសាអាហារសាមគ្គីរួមគ្នាដោយទឹកមុខសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។
បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត និងក្រុមការងារ បានអញ្ជើញចុះពិនិត្យការជួសជុលពិដាន និងលាបថ្នាំពណ៌ជញ្ជាំងសាលាពុទ្ធិកបឋមសិក្សាវត្តពានី ក្រោមការឧបត្ថម្ភទាំងស្រុងរបស់ឯកឧត្តមបណ្ឌិត ស្ថិតនៅភូមិពានី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
នៅថ្ងៃនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ និងលោកជំទាវ កុប ម៉ារីយ៉ាស អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អភិបាលនៃគណៈអភិបាលរងស្រុក គណៈចលនាសាសនិកឥស្លាម យុវជន ស.ស.យ.ក និងក្រុមការងារ បានអញ្ជើញចូលរួមបុណ្យសព លោក លី ហ្សេន ប្រធានគណៈអ៊ីម៉ាំស្រុករលាប្អៀរ និងជាអតីតប្រធានគណៈចលនាសាសនិកឥស្លាមស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានទទួលមរណភាពដោយរោគាពាធ។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត បានសម្តែងនូវសេចក្ដីស្រណោះអាឡោះអាល័យយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់មេដឹកនាំសាសនាដ៏ល្អមួយរូប ដែលតែងតែបម្រើការងារក្នុងមូលដ្ឋានដោយស្មោះត្រង់។
ឯកឧត្តមបណ្ឌិត បានបន្តចូលរួមបុណ្យសពប្រជាពលរដ្ឋ នៅភូមិព្រែកគន្លង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច និងបាននាំយកបច្ច័យមួយចំនួនមកចូលរួមបុណ្យសព និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់សព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕







