មន្ទីរជាន់ខ្ពស់សុខាភិបាល ÷ ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន៖ តំបន់ទេសចរណ៍គ្មានផ្សែងផលិតផលថ្នាំជក់ 🚭
សៀមរាប៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត Saia Ma’u Piukala នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច កាលពីថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញធ្វើទស្សនកិច្ចនៅប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដែលជារមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រ គ្មានផ្សែងផលិតផលថ្នាំជក់។
ក្រសួងសុខាភិបាល បានសហការជាមួយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការសុខភាពពិភពលោក (WHO) និងអង្គការដៃគូនានា ជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតបរិស្ថានគ្មានផ្សែងផលិតផលថ្នាំជក់ និងការពារតំបន់បេតិកភណ្ឌជាតិ និងរមណីយដ្ឋានវប្បធម៌ ឱ្យមានបរិស្ថានស្អាត សុវត្ថិភាព និងគ្មានផ្សែងផលិតផលថ្នាំជក់។
ទស្សនកិច្ចនេះ បង្ហាញពីការបន្តប្តេជ្ញាចិត្តការពារសុខភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរ តាមរយៈការជំរុញ តំបន់ទេសចរណ៍គ្មានផ្សែងផលិតផលថ្នាំជក់ដើម្បីការពារមនុស្សគ្រប់រូបពីការប៉ះពាល់ដោយផ្សែងផលិតផលថ្នាំជក់ និងគាំទ្រដល់បរិស្ថានទេសចរណ៍ដែលមានសុវត្ថិភាព ស្អាត និងមានសុខភាពល្អ។
«សូមចូលរួមទាំងអស់គ្នាលើកកម្ពស់ទេសចរណ៍គ្មានផ្សែងផលិតផលថ្នាំជក់ — ការពារសុខភាពសាធារណៈ ការពារបេតិកភណ្ឌ និងលើកកម្ពស់ទេសចរណ៍ប្រកបដោយចីរភាព!»






