មិត្តភាពកម្ពុជា–សិង្ហបុរី មានឫសគល់រឹងមាំជាប្រវត្តិសាស្ត្រ ឈរលើការគោរព និងការគាំទ្រគ្នាទៅវិញទៅមក

ក្នុងឱកាសអបអរសាទរខួបលើកទី៦១ នៃទិវាបុណ្យឯករាជ្យជាតិសិង្ហបុរី ដែលរៀបចំដោយ Singapore Club Cambodia និង​មាន​ការ​ចូលរួម​ពី​ ឯកឧត្តម Steven Pang ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា នា​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ — ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ អាជ្ញាធរមីន បានពាំនាំនូវការសួរសុខទុក្ខដ៏កក់ក្តៅ​ និង​អបអរសាទរ​ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ជូន​ចំពោះ​ប្រជាជន​នៃ​ប្រទេស​សឹង្ហបុរី​ ជាពិសេស​ប្រជាជន​សិង្ហបុរី​ ដែល​កំពុង​ស្នាក់​នៅ​ និង​ប្រកប​អាជីវកម្ម​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ បាន​បញ្ជាក់​ទៀត​ថា​ មិត្តភាពយ៉ាង​ជិតស្និទ្ធ​រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​ ឯកឧត្ដម​ នាយករដ្ឋមន្ត្រី Lawrence Wong បានបន្តពង្រឹង និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនទៅមុខ។

ជាមួយ​គ្នានោះ​ ឯកឧត្ដម​ក៏បានលើកឡើងពីមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី ដែលមានឫសគល់រឹងមាំ ឈរលើការគោរព ការយោគយល់ និងការគាំទ្រគ្នាទៅវិញទៅមក និងបានឆ្លងកាត់ទាំងពេលវេលាលំបាក និងដំណាក់កាលនៃការរីកចម្រើន។

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងៗ ដែលបានទទួលស្គាល់សាធារណរដ្ឋសិង្ហបុរីនៅឆ្នាំ១៩៦៥ ខណៈសិង្ហបុរីក៏បានឈរជាមួយកម្ពុជា ក្នុងទសវត្សរ៍១៩៩០ នៅដំណាក់កាលដែលកម្ពុជាកំពុងស្តារ និងកសាងប្រទេសឡើងវិញ។

កម្ពុជា និងសិង្ហបុរី ក្នុងនាមជារដ្ឋតូចដែលមានបរិបទ និងបញ្ហាប្រឈមមួយចំនួនស្រដៀងគ្នា ក៏មានផលប្រយោជន៍រួមក្នុងការលើកកម្ពស់ សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ការគោរពកិច្ចព្រមព្រៀង និងការដោះស្រាយវិវាទដោយសន្តិវិធី មិនមែនដោយកម្លាំង។

សិង្ហបុរី គឺជាគំរូដ៏គួរឱ្យចាប់អារម្មណ៍មួយនៃការមិនចុះចាញ់នឹងកាលៈទេសៈ។ កោះមួយដែលគ្មានប្រេង គ្មានដីកសិកម្ម និងមិនមានធនធានទឹកសាបគ្រប់គ្រាន់។ នៅឆ្នាំ១៩៦៥ គ្មានការធានាណាមួយថា សិង្ហបុរីនឹងអាចរស់រាន និងរីកចម្រើនបានឡើយ។ ប៉ុន្តែអ្វីដែលសិង្ហបុរីមាន គឺ វិន័យ ភាពស្មោះត្រង់ក្នុងការដឹកនាំ ការគោរពច្បាប់ ការវិនិយោគលើធនធានមនុស្ស និងការមិនព្រមទទួលយកថា ភូមិសាស្ត្រជាអ្នកកំណត់ជោគវាសនា។

រយៈពេល ៦១ឆ្នាំ គឺជារយៈពេលដ៏ខ្លីមួយសម្រាប់ប្រវត្តិសាស្ត្ររបស់ប្រទេសមួយ។ ប៉ុន្តែ សិង្ហបុរីបានប្រើប្រាស់រយៈពេលនេះយ៉ាងមានប្រសិទ្ធភាព និងសម្រេចបាននូវការអភិវឌ្ឍគួរឱ្យកោតសរសើរ។