រាត្រីសមោសរ អៃរាវត្តា ២០២៦ បង្ហាញពីការរួមគ្នាគាំទ្រ និងអភិរក្សដំរីខ្មែរ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានគណធិបតីក្នុងកម្មវិធី «រាត្រីសមោសរ រៃអង្គាសថវិកា អៃរាវត្តា ២០២៦» ដែលរៀបចំឡើងដោយសមាគមអភិរក្សដំរីអៃរាវត្តា ក្នុងគោលបំណងប្រមូលធនធាន និងលើកកម្ពស់ការចូលរួមពីសាធារណជន ដើម្បីបន្តបេសកកម្មជួយសង្គ្រោះ និងអភិរក្សដំរីខ្មែរ។

កម្មវិធីរាត្រីសមោសរ អៃរាវត្តា ២០២៦នេះ រៀបចំឡើងដោយនៅយប់ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាន់ & មូន រីវេសាយ រាជធានីភ្នំពេញ ដោយមានអញ្ជើញចូលរួមជាគណៈអធិបតី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងវត្តមានព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន ដៃគូអភិរក្សភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងមិត្តភក្តិដែលស្រឡាញ់សត្វដំរីយ៉ាងច្រើនកុះករ។

ថវិកាដែលប្រមូលបាន នឹងចូលរួមគាំទ្រដល់ការងារអភិរក្សដំរីខ្មែរ ជាពិសេសការជួយសង្គ្រោះ ការថែទាំ និងការបង្កាត់ពូជដំរីនៅខេត្តរតនគិរី ដែលជាកិច្ចការដ៏សំខាន់សម្រាប់ការរក្សាប្រភេទសត្វដ៏មានតម្លៃនេះឱ្យបន្តមានវត្តមាននៅកម្ពុជា។

ដំរីខ្មែរ មិនត្រឹមតែជាសត្វព្រៃដ៏មានតម្លៃសម្រាប់ជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រវត្តិសាស្ត្រ ប្រពៃណី និងវប្បធម៌ខ្មែរ តាំងពីបុរាណកាលមក។ ដូច្នេះ ការអភិរក្សដំរី គឺជាការចូលរួមថែរក្សាទាំងធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌របស់ជាតិផងដែរ។

គួររំលឹកថា មូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ ក្នុងគោលបំណងចូលរួមអភិរក្សប្រពៃណី និងវប្បធម៌ខ្មែរ ដែលដំរីមានតួនាទី និងអត្ថន័យពាក់ព័ន្ធយ៉ាងសំខាន់ជាមួយជាតិ និងប្រជាជនកម្ពុជា។ ជាមួយគ្នានេះ អៃរាវត្តាក៏បានចូលរួមក្នុងកិច្ចការអភិរក្សជីវៈចម្រុះ ដោយផ្តោតសំខាន់លើការការពារ និងទប់ស្កាត់ការថយចុះនៃចំនួនដំរីស្រុកដែលនៅសេសសល់នៅកម្ពុជា។

ការរៀបចំ «រាត្រីសមោសរ រៃអង្គាសថវិកា អៃរាវត្តា ២០២៦» គឺជាការបង្ហាញពីស្មារតីរួមគ្នារបស់ស្ថាប័នរដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសប្បុរសជន ក្នុងការចូលរួមចំណែកជួយសង្គ្រោះ និងការពារដំរីខ្មែរ ព្រមទាំងបង្កើនការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃ។

ជាមួយនឹងការរួមចំណែកពីគ្រប់មជ្ឈដ្ឋាន កិច្ចការអភិរក្សដំរីខ្មែររំពឹងថានឹងអាចបន្តពង្រឹងការថែរក្សា ការបង្កាត់ពូជ និងការស្តារចំនួនដំរីឱ្យមាននិរន្តរភាព ស្របតាមគោលដៅការពារជីវៈចម្រុះ និងលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិនៅកម្ពុជា។

កម្មវិធីនេះក៏ជាការអំពាវនាវដល់សាធារណជន និងគ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តចូលរួមគាំទ្រកិច្ចការអភិរក្សដំរីខ្មែរ ដើម្បីធានាថា «ដំរីខ្មែរ» ដែលជានិមិត្តរូបមួយនៃធម្មជាតិ និងវប្បធម៌ជាតិ នឹងបន្តមានវត្តមានសម្រាប់កូនចៅជំនាន់ក្រោយ៕