ឯកឧត្តមបណ្ឌិត កៅ ថាច៖ កសិករត្រូវប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមបរិមាណ និងពេលវេលាសមស្របដើម្បីជួយបង្កើនទិន្នផល និងកាត់បន្ថយការចំណាយ

ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកជ័យសែន ខេត្តព្រះវិហារបានរំលឹកថា ការធ្វើកសិកកម្ម,កសិករត្រូវប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមបរិមាណ និងពេលវេលាសមស្រប ដើម្បីជួយបង្កើនទិន្នផល និងកាត់បន្ថយការចំណាយ។

ជំនួបនោះដែរក៏មានការចូលរួមពី លោក យក់ សំភឿង អភិបាលនៃគណៈអភិបាលស្រុកជ័យសែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មន្ត្រីកសិកម្មឃុំ មេឃុំ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ ២៥០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានពន្យល់ដល់កសិករថា ប្រសិនបើធ្វើកសិកម្មសម្រាប់បរិភោគក្នុងគ្រួសារ ការគិតគូរអំពីប្រាក់ចំណេញអាចមិនសូវសំខាន់ ប៉ុន្តែប្រសិនបើផលិតសម្រាប់លក់ កសិករចាំបាច់ត្រូវចេះគណនាថ្លៃដើម និងប្រាក់ចំណេញឱ្យបានច្បាស់ លាស់។ដូច្នោះ កសិករចាប់ផ្តើមពីការកត់ត្រាការចំណាយទាំងអស់ក្នុង១ហិកតា និងការចេះគណនាថ្លៃដើមផលិតក្នុង១គីឡូក្រាមរកឲ្យឃើញថ្លៃផលិតដើម្បីដឹងច្បាស់ពីប្រសិទ្ធភាពនៃការផលិតពិតប្រាកដ។

លើសពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានរំលឹកថា ដើម្បីបង្កើនប្រាក់ចំណេញកសិករមិនគួរគិតតែពីការលក់ផលិតផលក្នុងតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការបង្កើនទិន្នផល នឹងកាត់បន្ថយថ្លៃដើមផលិតផងដែរ។ ពាក់ព័ន្ធនឹងការជ្រើសរើសពូជដែលមានគុណភាព ការប្រើប្រាស់ពូជសុទ្ធល្អ ការថែទាំបានត្រឹមត្រូវ និងការអនុវត្តបច្ចេកទេសកសិកម្មឱ្យបានសមស្របពិតជាសំខាន់។

ជាងនេះទៅទៀត កសិករត្រូវយកចិត្តទុកដាក់លើពេលវេលានៃការប្រើប្រាស់ជី និងថ្នាំកសិកម្ម ព្រោះការប្រើប្រាស់មិនត្រឹមត្រូវទៅតាមដំណាក់កាលនៃការលូតលាស់របស់ដំណាំអាចធ្វើឱ្យខាតបង់ថវិកាមិនទទួលបានប្រសិទ្ធភាពដូចការរំពឹងទុក។

ស្រុកជ័យសែននៃខេត្តព្រះវិហារ គឺជាតំបន់មួយដែលប្រជាពលរដ្ឋធ្វើស្រូវច្រើន ខណៈដំណាំសំខាន់ៗផ្សេងទៀត រួមមាន ដំឡូងមី និងស្វាយចន្ទី។ ដូច្នេះ ការស្វែងយល់ពីថ្លៃដើម ទិន្នផល និងតម្លៃទីផ្សារ គឺជាចំណុចសំខាន់ដែលកសិករគួរយកចិត្តទុកដាក់ ដើម្បីអាចកំណត់បានថា ការផលិតរបស់ខ្លួនទទួលបានប្រាក់ចំណេញ ឬខាតបង់។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា កសិករគួរតែចេះប្រៀបធៀបវិធីសាស្ត្រផលិតកម្មនីមួយៗ ដើម្បីជ្រើសរើសវិធីដែលអាចជួយកាត់បន្ថយថ្លៃដើម និងបង្កើនទិន្នផលបានខ្ពស់ជាងមុន។ជាក់ស្តែងការប្រើប្រាស់ថ្នាំកសិកម្មកសិករត្រូវសង្កេត និងកំណត់ឱ្យបានច្បាស់ថា តើដំណាំកំពុងប្រឈមនឹងសត្វល្អិត ឬជំងឺអ្វីហើយត្រូវប្រើប្រាស់ថ្នាំឱ្យត្រូវប្រភេទ ត្រូវកម្រិត និងត្រូវពេលវេលា ជាពិសេស ការបាញ់ថ្នាំមិនត្រូវពេលអាចមិនមានប្រសិទ្ធភាព ហើយនាំឱ្យកសិករចំណាយប្រាក់កាន់តែច្រើនផងដែរ៕