ក្រសួងការងារ និងទីភ្នាក់ងារ LED នៃប្រទេស Liechtenstein ពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសសូឡា និងជំនាញបៃតងនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ពីយូស ហ្វ្រិក (Pius Frick) អ្នកសម្របសម្រួលប្រចាំប្រទេសរបស់ភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ (LED) ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលនេះ គឺក្នុងទិសដៅពង្រឹងប្រព័ន្ធ TVET សម្រាប់ពង្រឹងសមត្ថភាពកម្លាំងពលកម្ម ដើម្បីសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ស្តីពីកំណើន មុខរបរនិងការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ពីយូស ហ្វ្រិក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង និងភ្នាក់ងារ LED ក្នុងវិស័យ TVET ជាពិសេសតាមរយៈគម្រោង “សម្ភារសិក្សាឌីជីថលសម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” ទាំងពីរដំណាក់កាល។ ជាក់ស្តែងតាមរយៈការចុះហត្ថលេខាលើ MoU នេះ គឺជាជំហានថ្មីមួយទៀត ដែលពិតជាមានសារៈសំខាន់ ចំពេលវេលា និងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គោលនយោបាយTVET និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាដើម។

ឯកឧត្ដមមានប្រសាសន៍ថា គម្រោងនេះជាឱកាសដ៏សំខាន់មួយក្នុងការលើកកម្ពស់គុណភាព និងមុខមាត់ TVET កម្ពុជាតាមរយៈការពង្រីកការបណ្តុះបណ្តាលជំនាញថាមពលកកើតឡើងវិញ និងជំនាញបៃតងទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់ខេត្ត ផ្តល់ការកសាងសមត្ថភាពដល់គ្រូបណ្តុះបណ្តាល TVET និងអ្នកអភិវឌ្ឍកម្មវិធីសិក្សា ជំរុញការរៀនសូត្រតាមប្រព័ន្ធឌីជីថល ព្រមទាំងពង្រឹងភាពជាដៃគូជាមួយវិស័យឧស្សាហកម្ម និងបង្កើតឱកាសការសិក្សាផ្អែកលើការអនុវត្តការងារ។

លើសពីនេះ កម្ពុជាអាចពង្រឹងភាពជឿជាក់ និងគុណភាពនៃការបណ្តុះបណ្តាលជំនាញ បង្កើនទំនុកចិត្តពីវិស័យឯកជន និងធានាថា និស្សិតបញ្ចប់ការសិក្សាមានជំនាញដែលឆ្លើយតបនឹងតម្រូវការ និងត្រូវបានទទួលស្គាល់ដោយវិស័យឧស្សាហកម្មទាំងក្នុងនិងក្រៅប្រទេស។ ឯកឧត្តមបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ LED ព្រមទាំងប្តេជ្ញាអនុវត្ត MoU នេះឱ្យទទួលបានជោគជ័យ។

ជាការឆ្លើយតប លោក ពីយូស ហ្វ្រិក បានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនេះ ខណៈកម្ពុជាមានមហិច្ឆតាពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ និងជាឱកាសសម្រាប់ទីផ្សារការងារ ជាពិសេសក្នុងការផ្លាស់ប្តូរកម្លាំងពលកម្មទៅរកមុខរបរដែលមានជំនាញខ្ពស់ និងតម្លៃបន្ថែមខ្ពស់។ លោកគូសបញ្ជាក់ថា LED មានគោលបំណងអភិវឌ្ឍកម្មវិធីសិក្សា និងសម្ភារសិក្សាស្តង់ដាសម្រាប់ជំនាញសូឡាឱ្យស្របនឹងបរិបទកម្ពុជា បណ្តុះបណ្តាលគ្រូ និងផ្តល់ឧបករណ៍បណ្តុះបណ្តាល ដើម្បីកសាងមជ្ឈមណ្ឌលជំនាញនៅកម្ពុជា ដែលអាចពង្រីកកម្មវិធីដោយខ្លួនឯង កាត់បន្ថយការពឹងផ្អែកលើអ្នកជំនាញអន្តរជាតិ និងត្រៀមខ្លួនពង្រីកទំហំបណ្តុះបណ្តាលទៅតាមតម្រូវការទីផ្សារការងារក្នុងរយៈពេលវែង៕