ការប្រែក្លាយសំរាមទៅជាថាមពលអគ្គិសនីជាគម្រោងនិង ជំហានថ្មីក្នុងការលើកកម្ពស់បរិស្ថាន និងសោភ័ណភាពខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ឯកឧត្តម ស៊ីណេត អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាលើលទ្ធផល នៃកិច្ចប្រជុំស្តីពីការវិនិយោគកែច្នៃសំណល់រឹងទៅជាថាមពលអគ្គិសនី នៅខេត្តព្រះសីហនុ របស់ក្រុមហ៊ុន MIZUDA Group Co., Ltd.» នៅសាលប្រជុំសាលាខេត្តបណ្តោះអាសន្ន   នាព្រឹកពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ និងមាន ការអញ្ជើញចូលរួមពីមន្រ្តី និងអាជ្ញាធរក្រុង-ស្រុកដែលពាក់ព័ន្ធ។

​នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាស ន៍ណែនាំ ដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ ឱ្យបង្កើនការជជែ កពិភាក្សា រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយលើបញ្ហាគ្រប់គ្រងសំរាម និងសំណល់រឹងឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបានគូសបញ្ជាក់ថា បញ្ហាសំរាម និងអនាម័យបរិស្ថាន គឺជាកត្តាសំខាន់បំផុតដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងកិត្តិយស និងមុខមាត់របស់ខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស និងជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់មួយ។ ដូចនេះ កិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរដែនដី ក្រុម ហ៊ុនប្រមូលដឹកជញ្ជូនសំរាម និងបងប្អូនប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់ដែលត្រូវអនុវត្តជាប្រចាំ ដើម្បីធានាឱ្យបាននូវអនាម័យ និងភាពស្អាតចាប់ពីកម្រិតភូមិ ឃុំ ស្រុក រហូតដល់ទីប្រជុំជនក្រុង និងតាមដងផ្លូវសាធារណៈសំខាន់ៗ។

​ឯកឧត្តម បានបន្ថែមទៀតថា ការគ្រប់គ្រង និងទុកដាក់សំរាមបានត្រឹមត្រូវ មិនត្រឹមតែលើកកម្ពស់បរិស្ថានជុំវិញឱ្យមានភាពស្រស់បំព្រងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបាននូវភាពទាក់ទាញ សេចក្តីទុកចិត្ត និងការពេញចិត្តពីសំណាក់ភ្ញៀវទេសចរ អ្នកវិនិយោគនិងប្រជាពលរដ្ឋទូទៅ ក្នុងការរួមគ្នា ផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់ខេត្តផងដែរ។

​ទន្ទឹមនឹងនេះ ពាក់ព័ន្ធនឹងដំណោះស្រាយរយៈពេលវែង រដ្ឋបាល ខេត្តបានខិតខំស្វែងរកដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីទាញយកប្រយោជន៍ពីសំរាមមកប្រើប្រាស់ឡើងវិញ។ ជាក់ស្តែង កិច្ចប្រជុំនាពេលនេះ បានផ្តោតលើការពិភាក្សាអំពីបំណងវិនិយោគរបស់ក្រុមហ៊ុន MIZUDA Group Co., Ltd. លើការកែច្នៃសំណល់រឹងទៅជាថាមពលអគ្គិសនី ក្នុងខេត្តព្រះសីហនុ ដែលនេះជាទិសដៅ និងគោលបំណងរបស់ក្រសួងស្ថាប័នជំនាញ ក្នុងការជម្រុញឱ្យលេចចេញជាផែនការសកម្មភាពជាក់ស្តែង។

​ ឯកឧត្តម បានសម្តែងនូវបំណងប្រាថ្នាចង់ឃើញកម្ពុជា ពិសេសខេត្តព្រះសីហនុ អភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យាកែច្នៃសំរាមទៅជាថាមពលអគ្គិសនីដូចបណ្តាប្រទេសជឿនលឿនផ្សេងទៀត ដើម្បីធានាបាននូវសោភ័ណភាព បរិស្ថានស្អាត និងលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយផាសុខភាព និងចីរភាព៕

អត្ថបទ មន សូត្រ

ថតដោយ អ៊ូ ជោត