កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីផ្លូវថ្នល់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
កំពង់ស្ពឺ៖ នាថ្ងៃអង្គារ ទី១១ ខែ សីហា ឆ្នាំ២០២៦ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពីឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអភិបាលរង ស្នងការដ្ឋាននគរបាល មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ នៃរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្តកែប តំណាងមន្ទីរស្ថាប័ន ពាក់ព័ន្ធ ប្រធាន អនុប្រធានស្ថានីយ និងម្ចាស់ឬតំណាងការដ្ឋានអាជីវកម្ម និងម្ចាស់អាជីវកម្មដ្ឋានផ្សេងៗផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹងអំពីច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់ ដល់អាជ្ញាធរដែនដី មន្ទីរ អង្គភាពពាក់ព័ន្ធ និងម្ចាស់ការដ្ឋានអាជីវកម្មថ្ម ដេប៉ូខ្សាច់-ក្រួស រណ្តៅដី ម្ចាស់ រោងចក្រផលិតអង្ករ ចំណីសត្វ និងម្ចាស់អាជីវកម្មដ្ឋានទំនិញផ្សេងៗ ឱ្យបានយល់ច្បាស់ និងចូលរួមគោរព អនុវត្តតាមច្បាប់ឱ្យត្រឹមត្រូវទាំងអស់គ្នា៕






