ឯកឧត្តមបណ្ឌិត កៅ ថាច បង្ហាញដល់ប្រជាពលរដ្ឋភៀសសឹកអំពីគម្រោងអភិវឌ្ឍន៍កសិកម្មដែលនឹងលេីកកម្ពស់ជីវភាពប្រកបដោយចីរភាព

ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបង្ហាញ ដល់ប្រជាពលរដ្ឋភៀសសឹកគម្រោងអភិវឌ្ឍន៍កសិកម្មដ៏សំខាន់មួយដែលនឹងជួយបង្កើតការងារនិងមុខរបរ ក៏ដូចជាបង្កេីតប្រភពចំណូលប្រកបដោយចីរភាព។

ការធ្វើបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ធ្វើឡើង ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ និងប្រជាពលរដ្ឋភៀសសឹកនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារនៅថ្ងៃទី១១ខែសីហាឆ្នាំ ២០២៦ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គឹម បញ្ញា អភិបាលរងព្រះវិហារ,លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត និង លោក ម៉ននី ជីវិត អភិបាលរងស្រុកជាំក្សាន្ត ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត ក្រុមការងារប្រចាំភូមិតាកឹងបៃតង និងប្រជាពលរដ្ឋភូមិតាកឹងបៃតង សរុបប្រមាណ ២០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីណែនាំឱ្យស្គាល់អំពីសមាគមបណ្តាញកសិករតេជោ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសំខាន់ជាងនេះចង់បង្ហាញជូនដល់ប្រជាពលរដ្ឋអំពីគម្រោងអភិវឌ្ឍន៍កសិកម្ម ដែលអាចជួយបង្កើតការងារ និងជាប្រភពចំណូលចីរភាពសម្រាប់ប្រជាពលរដ្ឋផងដែរ។ លើសពីនេះឯកឧត្តមបណ្ឌិតបានចាត់ទុកថា ការរៀបចំតំបន់នេះមិនគួរផ្តោតត្រឹមតែការផ្តល់ជំនួយ ឬចែកអំណោយជូនប្រជាពលរដ្ឋនោះទេ ប៉ុន្តែត្រូវបង្កើតឱ្យមានមុខរបរ និងការងារធ្វើជាក់ស្តែង ដើម្បីឱ្យប្រជាពលរដ្ឋអាចរកបានប្រាក់ចំណូល និងលេីកកម្ពស់ជីវភាពរបស់ខ្លួនបានយូរអង្វែង។

តាមផែនការគម្រោងអភិវឌ្ឍន៍តំបន់កសិកម្មនៅភូមិតាកឹងបៃតងអាចត្រូវការទុនវិនិយោគច្រេីនលានដុល្លារអាម៉េរិក ដោយផ្តោតលើការដាំដុះ ការកែច្នៃផលិតផលកសិកម្ម ការចិញ្ចឹមសត្វ និងសកម្មភាពអាជីវកម្មកសិកម្មផ្សេងៗ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ អាចចូលរួមក្នុងសកម្មភាពផលិតកម្ម និងអាជីវកម្មអាចមានលទ្ធភាពក្លាយជាម្ចាស់ភាគហ៊ុនឬម្ចាស់អាជីវកម្មដែលត្រូវបានបង្កើតឡើងនៅទីនេះ។

សម្រាប់ ឯកឧត្តមបណ្ឌិតប្រតិភូបានសម្តែងនូវសុទិដ្ឋិនិយមថា តំបន់តាកឹងបៃតងអាចអភិវឌ្ឍទៅជាមជ្ឈមណ្ឌលផលិតស្បៀងដ៏សំខាន់មួយ ដែលមានសមត្ថភាពផ្គត់ផ្គង់ផលិតផលកសិកម្មដល់ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តស្ទឹងត្រែង ជាពិសេស ដល់តំបន់ជួរមុខ ដោយកាត់បន្ថយការពឹងផ្អែកលើការដឹកជញ្ជូនស្បៀងពីរាជធានីភ្នំពេញនិងតាមបណ្តាខេត្តផ្សេងៗទៀត។

ជាចុងក្រោយតំណាងក្រុមការងារសមាគមបណ្តាញកសិករតេជោបានធ្វើបទបង្ហាញលម្អិតអំពីផែនការអភិវឌ្ឍតំបន់កសិកម្មនៅភូមិតាកឹងបៃតង ដោយផ្តោតលើការបង្កើតចង្កោមអាជីវកម្មកសិកម្ម និងការភ្ជាប់ផលិតកម្មទៅកាន់ទីផ្សារ ដោយកំពុងរៀបចំ រួមមាន វារីវប្បកម្ម ការចិញ្ចឹមគោសាច់ ការផលិតចំណីសត្វ និងស្មៅ ការចិញ្ចឹមមាន់យកស៊ុត និងសាច់ ការចិញ្ចឹមទាយកស៊ុត និងសាច់ ការដាំបន្លែក្នុងផ្ទះសំណាញ់ ព្រមទាំងការបង្កើតកន្លែងប្រមូលផ្តុំ និងចែកចាយបន្លែ៕