«វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩» ប្រារព្ធពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១១ ខែសីហានេះ នាវិមានរដ្ឋសភា

«វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩» (9th APPF-GH) ដែលសភានៃព្រះរាជាណា ចក្រកម្ពុជាទទួល ធ្វើជាម្ចាស់ផ្ទះ បានបើកដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី១១ ខែសីហាឆ្នាំ២០២៦នេះ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ។ 

វេទិកាដ៏មានសារៈសំខាន់សម្រាប់សុខុមាលភាពប្រជាពលរដ្ឋជាអន្តរជាតិនេះ ប្រារព្ធធ្វើរយៈពេលបីថ្ងៃ គឺពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៦ ក្រោមប្រធានបទ«សេវាគ្របដណ្តប់សុខភាពជាសកល ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) និងបរិបទនៃការប្រែប្រួលអាកាសធាតុ» ក្រោមកិច្ចសហការរវាងសភានៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភព លោក ដោយមានការសម្របសម្រួលដោយ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ។  

ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងរាជ រដ្ឋាភិបាល ព្រមទាំងតំណាងអង្គការសហប្រជាជាតិ មានចំនួនសរុប ១៦ប្រទេសដែលជាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល និងដៃគូអភិវឌ្ឍន៍គឺបានអញ្ជើញមកចូលរួមក្នុងវេទិកានាឱកាសនេះ។ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពី «សុខភាពសកល» ត្រូវបានបង្កើតឡើង និងផ្តល់ជាវេទិកាដ៏សំខាន់មួយ សម្រាប់តំណាងរាស្រ្ត ឬអ្នកតាក់តែងច្បាប់ ផ្លាស់ប្តូរទស្សនៈ យោបល់ បទពិសោធន៍ កសាងឆន្ទៈនយោបាយ និងសម្ព័ន្ធភាព ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័នរបស់យើង និងសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការជំរុញសកម្មភាពជាក់ស្តែង ដើម្បីលើកកម្ពស់ វិស័យសុខាភិបាល។

ថ្លែងបើកវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ឯកឧត្តម អ៊ុច បូររិទ្ធ បានមានប្រសាសន៍ថា វត្តមានរបស់ឯកឧត្តម លោកជំទាវ គណៈប្រតិភូទាំងអស់ ជា មហាកិត្តិយស សម្រាប់រដ្ឋសភាកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ ការអញ្ជើញចូលរួមរបស់គណៈប្រតិភូពីបណ្តាប្រទេសទាំង១៦ នៅក្នុងវេទិកានេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគោលបំណងរួមរបស់យើងទាំងអស់គ្នា គឺការជំរុញ «ការគ្របដណ្តប់ សុខភាពជាសកល» ដែលជាបំណងប្រាថ្នាដ៏ ពិសិដ្ឋ និងជាការទទួលខុស ត្រូវរួមរបស់យើងទាំងអស់គ្នា។ ឯកឧត្តម បានមានប្រសាសន៍ លើកឡើងថា សុខភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ជាមូលធនដ៏សំខាន់លើសអ្វីៗទាំងអស់។ ពុំមានប្រទេសណា មួយអាចអភិវឌ្ឍរីកចម្រើន លូតលាស់ទៅបានទេ ប្រសិនបើ ប្រទេសជាតិនោះខ្វះខាតធនធានមនុស្ស និងកម្លាំងពលកម្ម ដែលមានសុខភាពល្អបរិបូរណ៍។ សុខភាពមិនមែនជាបុព្វសិទ្ធិ ដែលតម្រូវឱ្យមាន លក្ខខណ្ឌណាមួយទើបអាចទទួលបាននោះឡើយ។ ផ្ទុយទៅវិញ សុខភាពគឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សជាតិទូទៅ។

ឯកឧត្តម អ៊ុច បូររិទ្ធ បានមានប្រសាសន៍បញ្ជាក់ថា មូលបទនៃវេទិកាលើកទី៩ នាឆ្នាំនេះ បានរំលេចយ៉ាងច្បាស់អំពីទំនាក់ ទំនងយ៉ាងជិតស្និទ្ធរវាង «ការគ្របដណ្តប់សុខភាពជាសកល» ទៅនឹងកម្លាំងចលករចម្បងចំនួនពីរ ដែលកំពុងកែប្រែទិដ្ឋភាពនៃវឌ្ឍនភាពរបស់យើងឆ្ពោះទៅសម្រេចគោលដៅនេះ គឺ ការប្រែប្រួលអាកាសធាតុនិងការវិវិវឌ្ឍនៃបញ្ញាសិប្បនិម្មិត។

ឯកឧត្តម មានប្រសាសន៍គូសបញ្ជាក់ថា នៅដើមនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យក «ការគ្របដណ្តប់ សុខភាពជាសកល» ជាអាទិភាពចម្បងមួយក្នុង ចំណោមកម្មវិធីគោលនយោបាយអាទិភាព ស្នូលទាំង៦។ លើសពីនេះ កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ រដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ឆ្នាំ២០២៤- ២០៣៥ ដែលជាត្រីវិស័យជាក់លាក់ចង្អុល បង្ហាញពីទិសដៅយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ជំហានបន្ទាប់ក្នុងទសវត្សរ៍ខាងមុខ។ កម្ពុជាបាននិងកំពុងពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសុខភាព តាមរយៈយន្តការស្នូល ចំនួនពីរគឺ៖ ទីមួយ មូលនិធិសមធម៌សុខាភិបាល សម្រាប់គាំពារគ្រួសារក្រីក្រនិងងាយរងគ្រោះ និងទីពីរ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សម្រាប់មន្ត្រីរាជការ កម្មករនិយោជិត និង បុគ្គលស្វ័យនិយោជន៍ តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត។ 

ទន្ទឹមនឹងនេះ យើងកំពុងខិតខំពង្រឹងសមត្ថភាពនៅតាមមណ្ឌល សុខភាព និងមន្ទីរពេទ្យ បង្អែក បណ្តុះបណ្តាលបុគ្គលិកសុខាភិបាលបន្ថែម និងធានាឱ្យបាននូវប្រសិទ្ធភាព នៃការ ផ្គត់ផ្គង់ឱសថនិងសម្ភារៈបរិក្ខារពេទ្យ។ លើសពីនេះទៅទៀត យើងក៏កំពុងកសាងប្រព័ន្ធសុខាភិបាលឌីជីថល ដើម្បីធានាបានថា ទាំងការផ្តល់សេវាកម្ម ទាំងការសម្រេចចិត្តលើគោលនយោបាយរបស់យើង គឺត្រូវបានធ្វើឡើងដោយផ្អែកលើមូលដ្ឋានទិន្នន័យច្បាស់លាស់ និងមានគុណភាពខ្ពស់។ 

ឯកឧត្តម អ៊ុច បូររិទ្ធ បានមានប្រសាសន៍បញ្ជាក់បន្តថា មកទល់នឹងពេលនេះ យើងទទួលបានលទ្ធផលគួរជាទីមោទនៈពីកិច្ចខិតខំប្រឹងប្រែងទាំងនេះ។ ជាក់ស្តែង នាពេលបច្ចុប្បន្ន ប្រជា ពលរដ្ឋកម្ពុជាប្រមាណ ៤១% ស្មើនឹងប្រមាណ៧ លាននាក់ កំពុងទទួលបានកិច្ចគាំពារសុខភាពតាមរយៈប្រព័ន្ធគាំពារសង្គម។ សេវាគ្រប ដណ្តប់ផ្នែកសុខាភិបាលបានកើនឡើងពី ៦០.១% ក្នុងឆ្នាំ២០២៤រហូតដល់ ៦៣,៦% នៅក្នុងឆ្នាំ២០២៥។

រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការគ្របដណ្តប់ជូនប្រជាជនឱ្យបាន ៨០% និងកាត់បន្ថយចំណាយពីហោប៉ៅផ្ទាល់ខ្លួនរបស់គ្រួសារនីមួយៗលើសេវាសុខាភិបាលឱ្យមកនៅត្រឹម ៣៥% នៃចំណាយសុខាភិបាលសរុប។ ការកែលម្អវិស័យនេះទាមទារឱ្យ មានហិរញ្ញប្បទានប្រកបដោយស្ថិរភាព ការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ព្រមទាំងការគាំទ្រនិងការតាមដានត្រួតពិនិត្យយ៉ាងដិតដល់ពីសភា។

រដ្ឋសភាកម្ពុជា បាននិងកំពុងជំរុញបេសកកម្មនេះទៅមុខ ដោយ ប្រកាន់ខ្ជាប់នូវគោលការណ៍សាមញ្ញមួយ គឺ «ប្រជាជនមានសុខភាពល្អ ប្រទេសជាតិបវររុងរឿង»៕