Zillion

វិញ្ញាសាប្រកួតកីឡាទូកក្តោងដែលមានប្រទេសចំនួន ៦ បានចូលរួមប្រកួតត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ÷ ពិធីប្រគល់មេដាយជូនកីឡាករ កីឡាការិនីជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ប្រភេទកីឡាទូកក្តោងនៅខេត្តព្រះសីហនុបានបញ្ចប់នៅរសៀល  ថ្ងៃ ទី០៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រធានសហព័ន្ធកីឡាទូកក្តោង –  លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាព គណៈកម្មការរៀបចំការប្រកួត គណៈប្រតិភូកីឡា ក្រុមកីឡាករ កីឡាការិនី ជាតិ-អន្តរជាតិ បានចូលរួមនៅទីលានសម្ដេចតេជោ។
លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានឱ្យដឹងថា ការប្រកួតកីឡាស៊ីហ្គេមផ្នែកទូកក្តោងនៅខេត្តព្រះសីហនុបានប្រព្រឹត្តទៅដោយរលូនហើយកីឡាករកម្ពុជាធ្វើបានល្អ និងជាប្រវត្តិសាស្ត្រមួយដែរ ដែលកីឡាកររបស់កម្ពុជា ទទួលបានមេដាយចំនួន២ គឺមេដាយប្រាក់ និងមេដាយសំរឹទ្ធ លើវិញ្ញាសាកីឡាទូកក្តោង ដែលធ្វើការប្រកួតនៅខេត្តព្រះសីហនុ ដោយកីឡាករ កែវ ភារុណ ដណ្តើមបានមេដាយប្រាក់ និងកីឡាករ សែម ប្រុសពៅ ទទួលបានមេដាយសំរឹទ្ធ។
ព្រោះថាវិញ្ញាសាទូកក្តោងគឺជាប្រភេទកីឡាថ្មីមួយដែលប្រទេសកម្ពុជាទើបចាប់ផ្ដើមនៅឆ្នាំ ២០១៥ក្នុងរយៈពេលកន្លងមកនេះសហព័ន្ធបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ហ្វឹកហាត់ទាំងបច្ចេកទេសទាំងកីឡាករទាំងគណៈកម្មការធ្វើយ៉ាងណាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២នេះដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ហើយ ការប្រកួតលើវិញ្ញាសាកីឡាទូកក្តោង ដែលមាន៦ប្រទេសចូលរួម មានកីឡាករកីឡាការិនីចំនួន ៥៣ រូបក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅខេត្តព្រះសីហនុនេះ។
ជាលទ្ធផល នៃការប្រកួត ប្រទេសដែលដណ្តើមបានមេដាយច្រើនជាងគេ គឺប្រទេសសិង្ហបុរី, ចំណាត់ថ្នាក់ទី២ បានទៅលើប្រទេសថៃ, លេខ៣ បានទៅលើប្រទេសម៉ាឡេស៊ី, លេខ៤ ប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន និងលេខ៥ ប្រទេសវៀតណាម (គ្មានមេដៃ)។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ មានសេចក្តីសោមនស្សរីករាយ ដែលបានប្រគល់មេដាយជូនកីឡាករ កីឡាការិនីជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ប្រភេទកីឡាទូកក្តោង នាពេលនេះ ។
លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដែលបានខិតខំលះបង់ កម្លាំងកាយចិត្ត និងពេលវេលាទាំងថ្ងៃទាំងយប់ រៀបចំការពារ បានយ៉ាងម៉ឺងមាត់ម៉ត់ចត់ទំាងផ្លូវគោក និងផ្លូវទឹកធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងធ្វើឱ្យការប្រកួតនេះបានប្រព្រឹត្តទៅដោយរលូនប្រកប ដោយការទទួលខុសត្រូវខ្ពស់តាមតួនាទីភារកិច្ចរៀងៗខ្លួន ។
ហើយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍  (SEA GAME) លើកទី៣២ ឆ្នាំ២០២៣ សហព័ន្ធកីឡាទូកក្តោង និងគណៈប្រតិភូកីឡាដែលបានខិតខំ ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា និងបានធ្វើឱ្យដំណើរការនៃការប្រកួតកីឡាទូកក្តោង បានប្រពឹ្រត្តិទៅកាន់តែមានសុក្រឹតភាព និងទទួលបាននូវលទ្ធផលជាវិជ្ជមាន ដែលយើងទាំងអស់គ្នាអាចទទួលយកបាន ។
ព្រឹត្តិការណ៍ប្រកួតនេះ ប្រើរយៈពេល ៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមប្រកួតពី កីឡាករ កីឡាការិនី មកពីប្រទេសចំនួន៦ក្នុងតំបន់អាស៊ាន កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ថៃ និងវៀតណាម ដោយបែងចែកជា៩ប្រភេទវិញ្ញាសាក្នុងការប្រកួតកីឡាទូកផ្ដោងដែលបានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ។
លោកអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមថា ដោយការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ បានសម្រេចមិនយកថ្លៃហូបចុក ស្នាក់នៅ ចំពោះ ប្រតិភូកីឡា និងមិនយកថ្លៃសំបុត្រចូល ទស្សនាដែលជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកីឡាស៊ីហ្គេម ។ ទាំងនេះបានបង្ហាញថា «កម្ពុជា ប្រទេសតូច ប្រទេសក្រ ក៏ប៉ុន្តែបេះដូងធំទូលាយជាងមហាសមុទ្រ ទៅទៀត» ជាពិសេសដែលត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ផ្តល់ជូននូវ មេដាយមរតកអូឡាំពិកអន្តរជាតិផងដែរ ៕