អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្ត ជាផ្លូវការ នូវ«យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ ២០២៦-២០៣០»

នៅសណ្ឋាគារ សុខាភ្នំពេញ ថ្ងៃទី ១១ ខែ សីហា គ.ស. ២០២៦ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនិង ជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលតំណាងដ៍ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុនម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុង

ពិធីប្រកាសដាក់ឲ្យអនុវត្ត ជាផ្លូវការ នូវ«យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ ២០២៦-២០៣០»

មានប្រសាសន៍បើកការដាក់ឲ្យអនុវត្តជាផ្លូវការនៅយុទ្ធសាស្ត្រជាតិស្ដីពីអភិវឌ្ឍន៍ធុរកិច្ចថ្មីឆ្នាំ 2026 -2030 អគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុន្នីរ័ត្ន បានគូសបញ្ជាក់ថាការអភិវឌ្ឍវិស័យឌីជីថល ត្រូវបានចាត់ទុកជាចលករដ៏សំខាន់មួយ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច ។ រាជរដ្ឋាភិបាល សម្រាប់ នីតិកាលទី ៦ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត និង ភាពប្រាកដនិយម របស់ សម្តេចអគ្គមហា- សេនាបតីតេជោ ហ៊ុន សែន, អតីត នាយករដ្ឋមន្ត្រី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា, បានប្រកាស ដាក់ឲ្យអនុវត្ត នូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥», ដែលជាឯកសារគោលនយោបាយរយៈពេលវែង សម្រាប់ធ្វើជាត្រីវិស័យ ក្នុងការរៀបចំ បរិវត្តកម្មឌីជីថល របស់កម្ពុជា ។ ការដាក់ចេញនូវឯកសារដ៏មានសារៈសំខាន់ទាំងពីរនេះ ក៏បានសបញ្ជាក់ច្បាស់ ពីឆន្ទៈមោះមុត និង ភាពបុរេសកម្ម របស់រាជរដ្ឋាភិបាល ក្នុងការប្តេជ្ញាជំរុញការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា ឲ្យកាន់តែមានភាពរស់រវើក ។

សម្រាប់ នីតិកាលទី ៧ នេះ នៃរដ្ឋសភា, ក្រោមការបន្តវេនដឹកនាំដ៏ស្វាហាប់, ឈ្លាសវៃ និង ប៉ិនប្រសប់ ប្រកបដោយថាមភាព និង ចក្ខុវិស័យវែងឆ្ងាយ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាល បានដាក់ ចេញ និង កំពុង ជំរុញអនុវត្ត នូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាល ទី ១ ដោយ កំណត់យក អាទិភាពគន្លឹះ ៥ រួមមាន៖ អាទិភាពគន្លឹះ ចំនួន ៤ បន្តពី យុទ្ធសាស្រ្តចតុកោណ នោះគឺ «មនុស្ស, ផ្លូវ, ទឹក, និង ភ្លើង» និង អាទិភាពគន្លឹះ បន្ថែមថ្មីមួយទៀត, ពោលគឺ បច្ចេកវិទ្យា, ជាពិសេស បច្ចេកវិទ្យាឌីជីថល, ម្ខាង, ដើម្បីឆ្លើយតបប្រកបដោយសង្គតិភាព ទៅនឹង «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥» ខាងលើ; និង ម្ខាងទៀត, ដើម្បីតាមឲ្យទាន់នូវការវិវត្តយ៉ាងរហ័សនៃបរិវត្តកម្មឌីជីថល និង ធុរកិច្ចថ្មី ក្នុងតំបន់ និង លើសកលលោក សំដៅជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល នៅកម្ពុជា ។ ជាក់ស្តែង, កាលពីចុងឆ្នាំ ២០២០ កន្លងទៅ, អាស៊ាន ក៏បានដាក់ចេញនូវក្របខណ្ឌរួមសម្រាប់ជំរុញការអភិវឌ្ឍធុរកិច្ចថ្មី ដោយបានលើកទឹកចិត្តដល់បណ្តាប្រទេស ជាសមាជិក ឲ្យគិតគូរពិចារណា លើការបង្កើតគោលនយោបាយ ឬ យុទ្ធសាស្ត្រជាក់លាក់ សម្រាប់គាំទ្រដល់ការអភិវឌ្ឍធុរកិច្ចថ្មី របស់ប្រទេសរៀងខ្លួន ផងដែរ ។អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីអូនព័ន្ធមុនីរ័ត្នបានបញ្ជាក់ថា«យុទ្ធសាស្ត្រជាតិ» នេះ ត្រូវបានចាត់ទុកជា «ឯកសាររស់» ដែលជាកម្មវត្ថុនៃការ-កែសម្រួលបន្ថែម នាអនាគត, ក្នុងករណីចាំបាច់, ដើម្បីអនុលោមតាមនិន្នាការអភិវឌ្ឍធុរកិច្ចថ្មី ក្នុងបរិការណ៍ តំបន់ និង សកល ក៏ដូចជា ការវិវឌ្ឍនៃស្ថានការណ៍សេដ្ឋកិច្ច និង សង្គមកម្ពុជា ជារួម ។ ច្បាស់ណាស់ថា ការអនុវត្តនូវ «យុទ្ធសាស្ត្រជាតិ» នេះ ឲ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់ ទាមទារនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និង ការចូលរួម ប្រកបដោយឆន្ទៈមោះមុត ពីគ្រប់ក្រសួង-ស្ថាប័ន និង តួអង្គពាក់ព័ន្ធទាំងឡាយ ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ក្រោមការសម្របសម្រួល, ការតាមដាន, ការត្រួត-ពិនិត្យ និង ការវាយតម្លៃ របស់គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ។ ក្នុងន័យនេះ, ជាវិភាគទាន ក្នុងការជួយសម្រួច, ជំរុញ និង តម្រង់ទិសដៅការងារ ជាអាទិភាព តទៅមុខ សំដៅជំរុញការអនុវត្ត «យុទ្ធសាស្ត្រជាតិ» នេះ ឲ្យទទួលបានជោគជ័យ តាមការរំពឹងទុក, ក្នុងនាមជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល, អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រធានគណៈកម្មការសេដ្ឋកិច្ចធុរកិច្ចឌីជីថលលើកឡើងនូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

១. ជាកិច្ចការប្រញាប់ ចំពោះមុខ, អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ត្រូវសម្របសម្រួលជាមួយអគ្គលេខាធិការដ្ឋាននៃគណៈ-កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ដោយមានការសហការជិតស្និទ្ធ ពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, រៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា របស់រាជរដ្ឋាភិបាល ដើម្បីសម្រួល

និង ផ្តល់ភាពស្របច្បាប់ ដល់ធុរកិច្ចថ្មី តួយ៉ាង៖ ការចុះបញ្ជី, ការធ្វើចំណាត់ថ្នាក់ និង ការរៀបចំកញ្ចប់លើកទឹកចិត្តផ្សេងៗ សម្រាប់ធុរកិច្ចថ្មី, ដូចមានចែង ក្នុង «យុទ្ធសាស្ត្រជាតិ» នេះ ។

២. ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលទទួលបន្ទុកអនុវត្តវិធានការគន្លឹះនានា ត្រូវរៀបចំផែនការសកម្មភាពការងារជាក់ស្តែង ឲ្យបានសមស្រប, ពេញលេញ និង គ្រប់ជ្រុងជ្រោយ ប្រកបដោយស្មារតីបុរេសកម្ម, ភាពម្ចាស់ការ និង ការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចលទ្ធផលដ៏ល្អ តាមការរំពឹងទុក និង ស្របតាមក្រប-ខណ្ឌពេលដែលត្រូវបានកំណត់ក្នុង «យុទ្ធសាស្ត្រជាតិ» នេះ ។ ទន្ទឹមនេះ, អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ត្រូវបន្តសហការស្អិតល្មួត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយន្តការតាមដាន, ត្រួតពិនិត្យ និង វាយតម្លៃ ការអនុវត្តវិធានការគន្លឹះទាំងនោះ ដោយកំណត់នូវសូចនាករសមិទ្ធកម្មគន្លឹះ ឲ្យបានច្បាស់លាស់ ។

៣. ក្រសួង-ស្ថាប័នពាក់ព័ន្ធ គប្បីបន្តសិក្សារៀនសូត្រ, ស្រាវជ្រាវ និង ដកស្រង់បទពិសោធ ជាប់ជាប្រចាំ ពីការវិវឌ្ឍ និង ឧត្ដមានុវត្តន៍ ជាអន្តរជាតិ នៃការ-អភិវឌ្ឍធុរកិច្ចថ្មី ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការគាំទ្រធុរកិច្ចថ្មី ឲ្យកាន់ តែប្រសើរ, មានភាពប្រកួតប្រជែងកាន់តែខ្ពស់ និង មានសមត្ថភាពកាន់តែខ្លាំង ស្របតាមការវិវឌ្ឍយ៉ាងរហ័សនៃនិន្នាការ និង បរិវត្តកម្មឌីជីថល ក្នុងតំបន់ និង លើសកលលោក ។

៤. គ្រប់តួអង្គពាក់ព័ន្ធនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ត្រូវបន្តកិច្ចសហការជិតស្និទ្ធ និង ចូលរួមយ៉ាងសកម្ម ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលទទួលបន្ទុកអនុវត្ត វិធានការគន្លឹះនានា ដែលត្រូវបានដាក់ចេញ ដើម្បីបង្កើតសហថាមពល និង បរិស្ថានអំណោយផល ឲ្យបានជាអតិបរមា ដល់ការអភិវឌ្ឍធុរកិច្ចថ្មី នៅកម្ពុជា សំដៅប្រែក្លាយធុរកិច្ចថ្មីដែលមានសក្តានុពលខ្ពស់ ទៅជាក្រុមហ៊ុនធុរកិច្ចថ្មីដែលជោគជ័យ និង មានភាពប្រកួតប្រជែងខ្ពស់ ។ និង

៥. អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ត្រូវបន្តកិច្ចសហការជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថាប័នបណ្ដុះ និង ពន្លឿនអាជីវកម្ម, ធុរកិច្ចថ្មី, វិនិយោគិន, គ្រឹះស្ថានអប់រំ, សមាគម, វិស័យឯកជន, ដៃគូអភិវឌ្ឍន៍ និង តួអង្គពាក់ព័ន្ធដទៃទៀត ដើម្បីរួមគ្នារៀបចំ ជាវេទិកាជាតិ ឬ អន្តរជាតិ ស្តីពីធុរកិច្ចថ្មី នៅកម្ពុជា ជាបន្តបន្ទាប់ សំដៅបង្កើតទំនាក់ទំនង, ពិភាក្សាអំពីការវិវឌ្ឍ និង និន្នាការថ្មីៗ ព្រមទាំង ចែករំលែកចំណេះដឹង និង បទពិសោធល្អៗ ក៏ដូចជា ស្វែងយល់ពីបញ្ហាប្រឈម, សំណូមពរ ឬ កង្វល់ ក្នុងវិស័យធុរកិច្ចថ្មី ដើម្បីអាចរកដំណោះស្រាយ បានទាន់ពេល ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់ ។