ភ្នំពេញ ៖ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានបង្ហាញឲ្យដឹងថា ការនាំចេញរបស់កម្ពុជា បានស្ទុះឡើងដល់ ២០,៨១ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែដំបូង នៃឆ្នាំ ២០២៦ ពោលគឺកើនឡើង ២១,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន ៖ សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ឧបករណ៍អគ្គិសនី ស្បែកជើង ទំនិញស្បែក គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារិម កៅស៊ូ ផ្លែឈើ បន្លែ គុជខ្យង ប្រដាប់ក្មេងលេង និងវាយនភណ្ឌ។
សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ដោយក្នុងអំឡុងពេលពីខែមករា ដល់ខែមិថុនា ដោយការនាំចេញរបស់កម្ពុជា មានតម្លៃ ៩,០៤ពាន់លានដុល្លារ កើនឡើង៣០,៦ភាគរយ។
វៀតណាម ត្រូវបានចាត់ថ្នាក់ជាគោលដៅនាំចេញធំទីពីរ ដោយមានតម្លៃ ២,៧៣ពាន់លានដុល្លារអាមេរិក កើនឡើង១២,៤ភាគរយ បន្ទាប់មកគឺប្រទេសចិន ក្នុងតម្លៃ ១,១ពាន់លានដុល្លារ កើនឡើង២៤,២ភាគរយ។
ប្រទេសជប៉ុន ក៏ជាទីផ្សារសំខាន់ៗផងដែរ ដោយទទួលបានការនាំចេញមានតម្លៃ ១,០៨ពាន់លានដុល្លារ កើនឡើងជិត២៣ភាគរយ៕







