ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ពិភាក្សាត្រង់ទៅត្រង់មកជាមួយធុរជនក្នុងខេត្តមណ្ឌលគិរី ដើម្បីជំរុញការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន ឆ្នាំ ២០២៥-២០២៨» និង លើកស្ទួយសហគ្រាសធុនតូច និងមធ្យម
នារសៀលថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៦ នៅសាលាខេត្តមណ្ឌលគិរី, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន “ក.វ.ឦសាន” ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចជំនួបពិភាក្សាជាមួយធុរជនក្នុងខេត្តមណ្ឌលគិរី ដើម្បីជំរុញការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» និង ផ្សព្វផ្សាយអំពីវិសាលភាពនៃកម្មវិធីពិសេស ។
ជាកិច្ចចាប់ផ្តើម, ឯកឧត្តមអភិបាល បានលើកឡើងអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម និងផែនការអភិវឌ្ឍ និងវិនិយោគ នៅក្នុងខេត្តមណ្ឌលគិរី,ហើយ ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគនៅភូមិភាគឦសាន នាពេលកន្លងមក ។ ទាំង ឯកឧត្តមបណ្ឌិតសភាចារ្យ និង ឯកឧត្តមអភិបាល សុទ្ធតែបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការពន្លឿនការរៀបចំប្លង់គោលប្រើប្រាស់ដី ដោយមានការគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រោះថា ខេត្តមណ្ឌលគិរី គឺជាខេត្តដែលមានវិសេសភាពនៃធម្មជាតិ ទេសភាពស្រស់ត្រកាល និង ខ្យល់បរិសុទ្ធ ដែលត្រូវតែរួមគ្នាការពារ ក្នុងលក្ខណៈជាធនធានមិនចេះរីងស្ងួត សម្រាប់ទេសចរណ៍ប្រកបដោយចីរភាព ចៀសវាងការផ្តេកផ្តួលទាំងស្រុងទៅលើការអភិវឌ្ឍផ្អែកលើយន្តការទីផ្សារ ។
អង្គប្រជុំបានស្តាប់នូវបទបង្ហាញ អំពីទិដ្ឋភាពបច្ចេកទេសទាក់ទងនឹងអត្ថប្រយោជន៍ នៃការលើកទឹកចិត្ត និង ការសម្រួលនីតិវិធី ដែលកម្មវិធីពិសេសអាចផ្តល់ជូន តួយ៉ាងដូចជា ការផ្តល់ការគាំទ្រពិសេសដល់សហគ្រាសធុនតូច និងមធ្យម ដោយបានបន្ធូរបន្ថយលក្ខខណ្ឌនៃទំហំទុនវិនិយោគអប្បបរមា ចាប់ពី ១០ម៉ឺនដុល្លារ ឡើងទៅ គឺអាចស្នើសុំគោលការណ៍វិនិយោគពី ក.វ.ឦសាន ដើម្បីចុះបញ្ជីជា គ.ល.គ. បាន ។ លើសពីនេះ, សម្រាប់សកម្មភាពធុរកិច្ច ដែលកំពុងដំណើរការក្នុងខេត្តទាំងបួន តែមិនទាន់បានចុះបញ្ជីពន្ធដារ ក៏អាចចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត រហូតដល់ដំណាច់ឆ្នាំ ២០២៦ ហើយទទួលបានការលើកលែងនូវពិន័យទោសទណ្ឌ, បំណុលពន្ធ និង ការផាកពិន័យជាប្រាក់ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក ផងដែរ ។
បណ្តាក្រុមហ៊ុននៅខេត្តមណ្ឌលគិរី ដែលបានដាក់ពាក្យមក ក.វ.ឦសាន នាពេលកន្លងមក ក៏បានលើកឡើងជាសំណួរដោយត្រង់ៗ ទាក់ទងនឹងស្ថានភាពនៃពាក្យស្នើសុំរបស់គម្រោង ជាពិសេសទាក់ទងនឹងបញ្ហាដីធ្លី ។ ជាមួយនេះ, ក្រុមការងារ ក.វ.ឦសាន ដែលមានរដ្ឋបាលខេត្តជាសមាជិកផងដែរ បានស្រាយបំភ្លឺនូវចម្ងល់អំពីបច្ចុប្បន្នភាពនៃសំណើគម្រោងរបស់ក្រុមហ៊ុននីមួយៗ ដោយសង្កត់ធ្ងន់ថា បញ្ហាការស្នើសុំសិទ្ធិប្រើប្រាស់ដីធ្លីរបស់រដ្ឋ គឺជាបញ្ហាដែលរសើបផង និងស្មុគស្មាញផង ដែលទាមទារឱ្យមានការពិនិត្យម៉ត់ចត់ ទាំងលើលក្ខណៈសម្បត្តិ និងស្ថានភាពជាក់ស្តែងរបស់ដីធ្លី, អនុលោមភាពនៃបទដ្ឋានគតិយុត្តិ, គួបផ្សំនឹងសមត្ថភាពវិនិយោគ ដើមទុន និងឆន្ទៈរបស់វិនិយោគិន មុននឹងស្ថាប័នមានសមត្ថកិច្ចអាចលើកមតិយោបល់ជូនដល់ប្រមុខរាជរដ្ឋាភិបាលក្នុងការសម្រេចផ្តល់ការអនុញ្ញាតវិនិយោគ ។ រាជរដ្ឋាភិបាល ក៏បាននិងកំពុងខិតខំជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល និងខិតខំកែប្រែស្ថានភាពអសកម្មរបស់សម្បទានដីសេដ្ឋកិច្ចមួយចំនួនផងដែរ ។
កិច្ចប្រជុំក៏បានស្តាប់នូវបញ្ហាប្រឈមផ្សេងៗ ទាក់ទងនឹងភាពយឺតយ៉ាវនៃការចុះបញ្ជីតាមប្រព័ន្ធរបស់ស្ថាប័នមួយចំនួន, ការមិនទាន់ចេញប្លង់ដីជូនពលរដ្ឋ នៅតំបន់មួយចំនួន ដែលជាឧបសគ្គចំពោះសកម្មភាពធុរកិច្ចក្រុមហ៊ុន និង ការដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ប្រជាជន, ភាពកម្សោយនៃសេវាទូរស័ព្ទ និង តម្លៃអគ្គិសនី ជាដើម ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានជំរុញឱ្យមានការពិភាក្សាគ្នា និង សម្របសម្រួលបន្ត ចៀសវាងការយល់ច្រឡំ ដោយសារការមិនបានទំនាក់ទំនងគ្នា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ក.វ.ឦសាន រួមជាមួយរដ្ឋបាលខេត្ត ត្រៀមខ្លួនជានិច្ចក្នុងការទទួលនូវការស្នើសុំប្រឹក្សាយោបល់ ការគាំទ្រការដាក់ពាក្យ ការសម្រួលនីតិវិធី និង ការចូលរួមដោះស្រាយបញ្ហារាំងស្ទះដោយប្រការណាមួយ ដោយប្រើប្រាស់ “យន្តការច្រកចេញចូលតែមួយ” របស់ ក.វ.ឦសាន និងការរួមគ្នាជំរុញការវិនិយោគនៅភូមិភាគឦសាន ដោយការដោះស្រាយបញ្ហារួមគ្នាជាកញ្ចប់ តាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ។
ក្រុមហ៊ុនដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធីពិសេស ក៏បានចូលរួមចែករំលែកបទពិសោធនៃការទទួលសេវាសាធារណៈ ពីក្រុមការងារ ក.វ.ឦសាន និង បានលើកទឹកចិត្តឱ្យក្រុមហ៊ុនដែលពុំទាន់បានទទួលអត្ថប្រយោជន៍ពីកម្មវិធីពិសេសនេះ ឱ្យប្រើប្រាស់យន្តការនេះ ដែលជាយន្តការប្រកបមានតម្លាភាព ប្រសិទ្ធភាព និង មានការគាំទ្រយ៉ាងសកម្ម ពីសមាជិកក្រុមការងារទាំងមូល ។
សូមបញ្ជាក់ថា កម្មវិធីពិសេសនេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តផ្លូវការ កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅប្រែក្លាយភូមិភាគឦសានជាប៉ូលសេដ្ឋកិច្ចថ្មីដ៏មានសក្តានុពល តាមរយៈវិធានការគាំទ្រពិសេស លើវិស័យអាទិភាពចំនួន ៣ គឺ កសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដោយផ្តល់ការគាំទ្រលើការលើកទឹកចិត្តផ្នែកពន្ធ និងអាករ, ផ្តល់ហិរញ្ញប្បទានអត្រាការប្រាក់សមរម្យ, និង កាត់បន្ថយថ្លៃដើមផលិតកម្មព្រមទាំងការសម្របសម្រួលពិសេស ពី ក.វ.ឦសាន និង ក្រសួងស្ថាប័នពាក់ព័ន្ធ ។
គិតត្រឹមថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៦, ក.វ.ឦសាន បានទទួលសំណើគម្រោងសរុបចំនួន ៧២ គម្រោង ក្នុងទុនវិនិយោគ ២ ៦៥០ លានដុល្លារអាម៉េរិក ដែលបង្ហាញអំពីសក្តានុពល និង ចំណាប់អារម្មណ៍ពីវិនិយោគិន ក្នុងភូមិភាគឦសាន ។ ក្នុងនោះ, ខេត្តមណ្ឌលគិរី បានទទួលសំណើគម្រោងចំនួន ២២ គម្រោង ក្រោមទុនវិនិយោគ ៥១១ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារ ៥ ០០៣ កន្លែង ៕







