ពិធីបំពាក់គ្រឿងឥស្សរិយយស ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិនជំនាន់ទី៤ ដែលបានបញ្ចប់បេសកកម្មជួយវិស័យសុខាភិបាលនៅកម្ពុជា
ព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិនជំនាន់ទី៤ មកពីទីក្រុង Chengdu ខេត្ត Sichuan នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបញ្ចប់បេសកកម្មបម្រើសេវាវេជ្ជសាស្ត្រ និងចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា និងទទួលស្វាគមន៍បេសកកម្មក្រុមទី៥។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិន និងភ្ញៀវកិត្តិយសជាច្រើនរូប។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងក្រុមគ្រូពេទ្យនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់កម្ពុជា និងសង្ឃឹមថា កិច្ចសហប្រតិបត្តិការដ៏មានតម្លៃនេះនឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងរយៈពេលមួយឆ្នាំនៃបេសកកម្ម ក្រុមគ្រូពេទ្យបានចូលរួមផ្តល់សេវាពិនិត្យ និងព្យាបាលអ្នកជំងឺប្រមាណ ១១.០០០ នាក់។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យក៏បានចុះបំពេញបេសកកម្មផ្តល់សេវាសុខាភិបាល ២០ រាជធានី-ខេត្ត ដោយបានផ្តល់សេវាដោយផ្ទាល់ជូនប្រជាពលរដ្ឋជាង ៤.០០០ នាក់។
សកម្មភាពទាំងនេះបានរួមចំណែកពង្រឹងការផ្តល់សេវាវេជ្ជសាស្ត្របុរាណចិននៅកម្ពុជា ពង្រីកលទ្ធភាពទទួលបានសេវាសុខាភិបាលរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងជំរុញការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍រវាងអ្នកជំនាញសុខាភិបាលកម្ពុជា និងចិន។
ការបំពាក់គ្រឿងឥស្សរិយយសនាពេលនេះ គឺជាការទទួលស្គាល់ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង ការលះបង់ និងការរួមចំណែកដ៏មានតម្លៃរបស់ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិន ក្នុងការបម្រើប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។
ពិធីនេះក៏ជាសក្ខីភាពដ៏រស់រវើកនៃ ចំណងមិត្តភាពដែកថែប និងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា–ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ ជាពិសេសក្នុងវិស័យសុខាភិបាល។ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែរួមចំណែកដល់ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បច្ចេកវិទ្យា និងបទពិសោធន៍រវាងអ្នកជំនាញនៃប្រទេសទាំងពីរ ដើម្បីរួមគ្នាលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងប្រជាជនចិន។







