ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំចង្អៀត ស្តីពីការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈកិច្ចការនីតិកម្ម និងច្បាប់

 

ព្រឹកថ្ងៃទី១០​ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីពិភាក្សាអំពីការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈកិច្ចការនីតិកម្ម និងច្បាប់ ស្របតាមស្មារតីនៃអនុក្រឹត្យលេខ១៤២ អនក្រ.បក ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការកំណត់និងការពិពណ៌នាមុខតំណែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ ព្រមទាំងតំណាងក្រសួងមុខងារសាធារណៈ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងធ្វើការពិភាក្សា ពិគ្រោះយោបល់ ប្រមូលគំនិត និងតម្រង់ទិស ក្នុងការរៀបចំការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈកិច្ចការនីតិកម្ម និងច្បាប់ ដោយរួមទាំងការជ្រើសរើស ការគ្រប់គ្រង និងការអភិវឌ្ឍអាជីព និងជំនាញរបស់មន្ត្រី ក្នុងវិស័យច្បាប់របស់ក្រសួង ស្ថាប័ន ទាំងមុនពេលបំពេញការងារ និងទាំងក្នុងពេលបំពេញការងារ ព្រមទាំងសមិទ្ធកម្មការងារតាមចំណុចដៅ​ (KPI) ដែលបានកំណត់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្តថា ការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈមន្រ្តី  ក៏ត្រូវគិតផងដែរអំពីការគ្រប់គ្រងការផ្លាស់ប្តូរ (Change Management) ដើម្បីធ្វើឱ្យវដ្ត (Cycle) នៃការគ្រប់គ្រងមន្រ្តីរាជការកាន់តែមានលក្ខណៈពេញលេញ ដោយរាប់ចាប់តាំងពីការជ្រើសរើស, ការអភិវឌ្ឍសមត្ថភាព និងអាជីព, ការប្រគល់ការងារ,​ ការតែងតាំង, ការដំឡើងឋានៈ, ការផ្តល់ការលើកទឹកចិត្ត និងការដាក់វិន័យ រហូតដល់ការចូលនិវត្តន៍ និងក្រោយពេលចូលនិវត្តន៍។

បន្ទាប់ពីបានពិភាក្សាផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុសរួចមក អង្គប្រជុំបានសម្រេចរៀបចំជាសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈច្បាប់ ដោយមានចង្កោមមុខតំណែងធំៗចំនួនពីរ គឺ៖ មុខតំណែងវិជ្ជាជីវៈកិច្ចការនីតិកម្ម និងមុខតំណែងវិជ្ជាជីវៈច្បាប់​ ដើម្បីធានាដល់ការអនុវត្តមុខងារនីតិកម្ម, មុខងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងមុខងារកំណែទម្រង់ច្បាប់របស់ក្រសួង ស្ថាប័ននានា ឱ្យកាន់តែមានប្រសិទ្ធភាព និងអាចផ្ដល់ប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់ការណែនាំក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យខាងលើនេះ ត្រូវគិតគូរអំពីកម្រិតនៃការបណ្តុះបណ្តាល, គុណវុឌ្ឍិ, បទពិសោធ, កម្រិតឋានៈ និងប្រាក់បំណាច់របស់មន្ត្រី ទាំងមុខតំណែងវិជ្ជាជីវៈឯកទេស និងមុខតំណែងវិជ្ជាជីវៈទូទៅ ហើយត្រូវគិតគូរធ្វើយ៉ាងណាឱ្យមានលក្ខណៈប្រហាក់ប្រហែលគ្នា (Equivalent) ជាមួយមុខតំណែងគ្រប់គ្រង ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។