យុទ្ធនាការបាក់ឌុប២០២៦៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ចុះពង្រឹងការងារ និងលើកទឹកចិត្តបេក្ខជនដល់មណ្ឌលប្រឡង

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

អញ្ជើញចុះពិនិត្យស្ថានភាពទូទៅក្នុងអំឡុងដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលជាមណ្ឌលផ្លាស់ប្តូរថ្មី ដើម្បីបង្កើនផាសុកភាព បរិយា កាសល្អប្រសើរ និងភាពងាយស្រួលជូនដល់បេក្ខជនប្រឡង គណៈមេប្រយោគ និងភាគីពាក់ព័ន្ធទាំងអស់។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦មណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ភនវស) មានបន្ទប់ប្រឡងចំនួន ៣០បន្ទប់ និងបេក្ខជនប្រឡង ចំនួន ៧៤៧នាក់។

ការទៅពិនិត្យដល់មណ្ឌលប្រឡងដោយផ្ទាល់នេះ គឺដើម្បីបានឃើញច្បាស់ពីស្ថានភាពជាក់ស្តែងនៅតាមមណ្ឌលប្រឡងក្នុងដំណើរការសំណេរ ដែលបាននិងកំពុងប្រព្រឹត្តិទៅដោយរលូនស្របតាមគោលការណ៍ ក្នុងសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ រីឯគណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់ ស្របតាមគោលការណ៍ណែនាំបច្ចេកទេសរបស់ប្រធានមណ្ឌលប្រឡង។

សម្រាប់ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ វិញ្ញាសាដែលត្រូវប្រឡង រួមមាន៖

  ថ្នាក់វិទ្យាសាស្ត្រសង្គម ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៨៖៣០នាទី ប្រឡងមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា (៦០នាទី) និង ចាប់ពីម៉ោង ៩៖០០ ដល់ម៉ោង ១០៖៣០នាទី មុខវិជ្ជា ប្រវត្តិវិទ្យា (៩០នាទី)។

  ថ្នាក់វិទ្យាសាស្ត្រ ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៨៖៣០នាទី ប្រវត្តិវិទ្យា (៦០នាទី) និង ចាប់ពីម៉ោង ៩៖០០ ដល់ម៉ោង ១០៖៣០នាទី មុខវិជ្ជា ជីវវិទ្យា (៩០នាទី)។