អភិបាលខេត្តកំពតប្រកាសនៅតែផ្តល់រង្វាន់ម៉ូតូ ១គ្រឿងដល់សិស្សដែលប្រឡងបាននិទ្ទេស A

ថ្លែងទៅកាន់បេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ១០២៦ ក្នុងពិធីបើកវញ្ញាសារប្រឡង ក្នុងមណ្ឌលប្រឡងវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា វិស័យអប់រំបច្ចុប្បន្ន គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពជាច្រើនក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលត្រូវបានអភិវឌ្ឍន៍ និងមានកំណែទម្រង់ជាច្រើនដើម្បីពង្រឹងគុណភាពសិក្សា ពិសេសដើម្បីប្រសូត្របាននូវធនធានមនុស្សដែលមានចំណេះដឹងច្បាស់លាស់។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបច្ចុប្បន្ន គឺមានការរឹងបន្តឹងខ្លាំងគឺដើម្បីចម្រាញ់យកនូវអ្នកដែលមានសមត្ថភាពពិតប្រាកដ តាមទិសស្លោក “អ្នកចេះ គឺជាប់” ដើម្បីឱ្យបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សាកាន់តែមានធនធានមនុស្សចេះពិតប្រាកដ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញនឹងលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើកិច្ចការប្រឡងឱ្យអស់ពីសមត្ថភាព ដើម្បីឈានទៅទទួលបាននិទ្ទេសល្អ ពិសេសដណ្តើមយកនិទ្ទេស A ដើម្បីតបស្នងសងគុណដល់ឪពុកម្តាយដែលបានខិតខំបីបាច់ថែរក្សា និងផ្តល់ការសិក្សារៀនសូត្រដល់កូនៗ ពិសេសបានចូលរួមអភិវឌ្ឍន៍សង្គមជាតិក្រោយបញ្ចប់ថ្នាក់ឧត្តមសិក្សា។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សម្រាប់ឆ្នាំនេះ ក្នុងនាមរដ្ឋាបាលខេត្ត រួមនឹងឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត នឹងរៀបចំផ្តល់រង្វាន់ម៉ូតូ ១គ្រឿងសម្រាប់សិស្សដែលប្រឡងជាប់បាននិទ្ទេស A ដែលឆ្នាំមុនមានចំនួន ៨៨នាក់ ហើយឯកឧត្តមអភិបាលខេត្តសង្ឃឹមថា ឆ្នាំនេះនឹងមានការកើនឡើងបន្ថែមទៀត។

ជាមួយគ្នានេះដែរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានឧបត្ថម្ភជាអង្ករ និងត្រីខកំប៉ុង ដល់លតាមបណ្តាក្រុង-ស្រុកទាំងអស់នៅទូទាំងខេត្តដែលមានមណ្ឌលប្រឡង ដើម្បីចែកជូនដល់បេក្ខជនដែលមានជីវភាពខ្វះខាត រួមជាមួយនឹងការផ្តល់កន្លែងស្នាក់នៅផងដែរ។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងអស់ ត្រូវពង្រឹងការថែរក្សាសន្តិសុខ សុវត្តិភាព នៅតាមមណ្ឌលប្រឡង និងក្នុងមូលដ្ឋានខ្លួនឱ្យបានល្អបំផុត ពិសេសត្រូវមានការជួយសម្រួល និងសង្គ្រោះបេក្ខជនដែលមានបញ្ហាសុខភាពធ្វើយ៉ាងណាឱ្យបានប្រឡងរួចរាល់។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ខេត្តកំពតមាន ១០មណ្ឌល ក្នុងនោះ ក្រុងកំពតមាន ៤មណ្ឌល ស្រុកអង្គជ័យមាន ៣មណ្ឌល និងស្រុកទឹកឈូមាន ៣មណ្ឌល ដែលមានបេក្ខជនក្នុងបញ្ជីឈ្មោះប្រឡង សរុបមានចំនួន ៥ ២២៨នាក់ ស្រី ៣ ០៥៣នាក់ ក្នុងនោះ ចំនួនបេក្ខជនចំណេះទូទៅសរុបចំនួន ៥ ០១៧នាក់ ស្រី ២ ៩៤៣នាក់ បេក្ខជនស្វៃរិនសរុប ២១១នាក់ស្រី ១១០នាក់៕

 

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត