គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកកំពង់សៀម ប្រកាសទទួលស្គាល់សមាសភាពក្បាលម៉ាស៊ីនដឹកនាំថ្មី ដើម្បីជំរុញឱ្យក្លាយជាខ្នងបង្អែកដ៏រឹងមាំសម្រាប់អតីតយុទ្ធជន និងនិវត្តជន

(កំពង់ចាម)៖ ឯកឧត្តម ហេង សួរ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម និងជាប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.)ស្រុកកំពង់សៀម បានអញ្ជើញជាអធិបតីក្នុងវិធី “ប្រកាសសមាសភាពគណៈកម្មាធិការសមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកកំពង់សៀម” ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅសាលាស្រុកកំពង់សៀម ដែលមានការចូលរួមពីសំណាក់សមាជិកសមាជិកានៃក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់សរុបជិត ៣០០នាក់។

នាឱកាសនោះ ឯកឧត្តមបានអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកកំពង់សៀម ដែលទទួលបានការទុកចិត្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ហើយទទួលការប្រកាសទទួលស្គាល់ជាផ្លូវការនាឱកាសនេះ។ ការទទួលបាននូវសេចក្តីទុកចិត្តនេះ គឺជាភារកិច្ចដ៏ឧត្តុង្គឧត្តម និងជាការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើ និងគាំពារដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្នុងស្រុកកំពង់សៀម។

ទន្ទឹមនេះ ឯកឧត្តមក៏បានលើកឡើងពីប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ថាបងប្អូនអតីតយុទ្ធជននិងនិវត្តជនទាំងអស់គឺជាបុគ្គលដែលមានគុណូបការៈដ៏ធំធេងចំពោះជាតិ និងមាតុភូមិ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ កម្លាំងកាយចិត្ត និងយុវវ័យរបស់ខ្លួនក្នុងបេសសកម្មបម្រើជាតិ ការពារបូរណភាពទឹកដី និងចូលរួមចំណែកយ៉ាងសកម្មក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើនដូចសព្វថ្ងៃនេះ។ គុណូបការៈ និងគំរូវីរភាពដ៏ឧត្តុងឧត្តមនេះ ត្រូវបានកត់ត្រាទុកយ៉ាងរស់រវើកក្នុងបេះដូងរបស់ប្រជាជនកម្ពុជា ដូច្នេះ សម្តេច បានផ្តួចផ្តើមគំនិតដ៏ឧត្តុងឧត្តមក្នុងការបង្កើតសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជានេះឡើង ដើម្បីបំផុសស្មារតីជួយគ្នា ជាពិសេសលើកកម្ពស់ជីវភាពអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងក្រុមគ្រួសារ។ អតីតយុទ្ធជន និងនិវត្តជនក៏ទទួលបានការគាំពារពីបេឡាជាតិសន្តិសុខសង្គម ហើយនៅពេលទទួលមរណភាពក៏ទទួលបានថវិកាចំនួន ៤លានរៀលពីសម្តេចតេជោផងដែរ។

ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈកម្មាធិការសមាគម អ.ន.ក ស្រុកកំពង់សៀមដែលខិតខំបំពេញកិច្ចការ តួនាទីរបស់ខ្លួនប្រកបដោយសា្មរតី បុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ឯកឧត្តមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិមិនដែលបោះបង់ ឬបំភ្លេចចោលគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជនឡើយ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាព និងសុខុមាលភាពអតីតយុទ្ធជន និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនមានពិការភាព។ រាជរដ្ឋាភិបាលក៏បានកសាងតំបន់ប្រវត្តិសាស្ត្រយោធា វិមានរំឭកគុណ និងស្តូបអនុស្សាវរីយ៍ ដើម្បីរក្សាទុកជានិមិត្តរូបនៃការដឹងគុណ និងជាមេរៀនសម្រាប់កូនចៅជំនាន់ក្រោយឱ្យចងចាំ គោរព និងស្គាល់គុណបំណាច់ដែលបានលះបង់ដើម្បីជាតិមាតុភូមិ។

ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា គណៈកម្មាធិការសមាគមថ្មីនឹងខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងក្លាយជាខ្នងបង្អែកដ៏រឹងមាំសម្រាប់អតីតយុទ្ធជន និងនិវត្តជនទាំងអស់ក្នុងស្រុកកំពង់សៀម។ ឯកឧត្តមបានណែនាំដល់គណៈកម្មាធិការសមាគម អ.ន.ក.ថ្មីឱ្យប្រកាន់ខ្ជាប់នូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងគោលការណ៍របស់សមាគម ពង្រឹងសាមគ្គីភាព និងកិច្ចសហការ ព្រមទាំងយកចិត្តទុកដាក់លើការផ្តល់សេវាគាំពារសង្គម ការចុះសួរសុខទុក្ខ និងជួយសង្គ្រោះសមាជិកឱ្យទាន់ពេលវេលា ជាពិសេស“បង្កើតវប្បធម៌គោរព និងផ្តល់អត្ថប្រយោជន៍ដល់អតីតយុទ្ធជន និងនិវត្តជន និងកូនចៅ” ដើម្បីទុកជាគំរូដល់ក្មេងជំនាន់ក្រោយ ព្រមទាំងបង្កើនការផ្សព្វផ្សាយពីសកម្មភាពការងារ និងរាយការជូនថ្នាក់ដឹកនាំ។ ជាមួយគ្នានេះ ត្រូវបន្តជួយលើកកម្ពស់ជីវភាព ព្រមទាំងពង្រឹងការអនុវត្តបេឡាមរណសង្គ្រោះ និងមានសិល្បៈក្នុងការកៀរគរ គ្រប់គ្រងប្រាក់ភាគទាន ប្រាក់វិភាគទាន និងអំណោយនានាឱ្យមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនេះ គណៈកម្មាធិការសមាគម អ.ន.ក. ដែលទើបទទួលបានការប្រកាសសមាសភាពថ្មីបានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំគ្រប់ថ្នាក់ដែលបានផ្តល់នូវទំនុកចិត្ត សម្រេចតែងតាំង ដើម្បីបន្តដឹកនាំការងារសមាគមឱ្យកាន់តែរីកចម្រើន និងបានប្តេជ្ញាចិត្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងគោលការណ៍របស់សមាគម ពង្រឹងសាមគ្គីភាព និងផ្តល់សេវាគាំពារជាដើម៕