ពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានដល់វត្តចំនួន ១៤ ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាព លោកជំទាវ ហាក់ ជូ

នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ លោកជំទាវសិរីចរណវិសុទ្ធិ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ជូ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាតាមវត្តចំនួន ១៤ ភាគខាងត្បូង ក្នុងខេត្តព្រៃវែង។

ពិធីបុណ្យនេះបានរៀបចំឡើងយ៉ាងអធិកអធមតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការចូលរួមយ៉ាងកុះករពីអាជ្ញាធរដែនដី និងប្រជាពុទ្ធបរិស័ទ ដើម្បីរួមគ្នាសាងកុសល និងថែរក្សាលើកស្ទួយវិស័យព្រះពុទ្ធសាសនា។ ក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ផងដែរ។

វត្តទាំង ១៤ ដែលទទួលបានទេយ្យទាន រួមមាន៖

ស្រុកពាមរក៍ (៤វត្ត)៖ វត្តប្រជុំនទី (វត្តព្រែកខ្សោយ), វត្តពោធិសិរីអណ្តែត (វត្តព្រែកចាម), វត្តពោធិអណ្តែតមានជ័យ (វត្តដឹកដា), វត្តនិគ្រោធារាម (វត្តទួលជ្រៅ)

ស្រុកពាមជរ (២វត្ត)៖ វត្តធម្មរង្សី (វត្តកោះចេក), វត្តកាលបូណ៍ព្រឹក្ស (វត្តកោះរកា)

ស្រុកបាភ្នំ (២វត្ត)៖ វត្តស្រះកណ្តាល, វត្តស្នេហ៍រាន

ស្រុកមេសាង (២វត្ត)៖ វត្តឆ្លៀតលុម្ពិនី, វត្តស្វាយបុណ្យ

ស្រុកកំពង់ត្របែក (២វត្ត)៖ វត្តបេបូរី, វត្តភូមិធំថ្មី

ស្រុកព្រះស្តេច (២វត្ត)៖ វត្តសិរីសារពេជ្ញ (វត្តតាគោក – វត្តមេគណខេត្ត), វត្តឧត្តមជលសារការាម (វត្តដើមរកា)។

ក្នុងមួយវត្តៗទទួលបាន នូវបច្ច័យកសាងសមិទ្ធផលក្នុងវត្តបន្ត៥០០.០០០រៀល បច្ច័យព្រះសង្ឃ២០០.០០០រៀល ត្រៃលៀង១ ទៀនព្រះវស្សា១គូ អង្ករផ្កាម្លិះ១បេ ទឹកក្រូច២កេស ទឹកសុទ្ធ២កេស មីជាតិ២កេស ដោយឡែកវត្តសិរីសារពេជ្ញ (មេគណខេត្ត) បច្ច័យកសាង១.០០០.០០០រៀល បច្ច័យព្រះសង្ឃ ៥០០.០០០ រៀល ត្រៃធំ១ និងជូនបច្ច័យតាជី-យាយជី ចំនួន២០០នាក់ ដោយក្នុងមួយម្នាក់ៗទទួលបានថវិកាចំនួន ២០.០០០រៀល ជូនកម្លាំងការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ចំនួន៥០០.០០០រៀល៕